
ប្រធានសហជីពសហភាពចលនាកម្មករកម្ពុជា លើកឡើងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនអាច ទប់ស្កាត់ការដំឡើងថ្លៃជួលបន្ទប់លក់ដូរ និងបន្ទប់ស្នាក់នៅបានទេ នឹងធ្វើឱ្យប៉ះពាល់ដល់កម្មករនិយោជិកជាក់ជាមិនខាន។ ការលើកឡើងនេះ ក្រោយពេលម្ចាស់ផ្ទះជួលនៅតំបន់មួយចំនួន ពិសេសក្នុងនៅតំបន់រោងចក្រដំបូលខៀវ បណ្ដោយផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ នឹងចាប់ផ្ដើមដំឡើងថ្លៃជួលផ្ទះ ទាំងការស្នាក់នៅ និងបន្ទប់ជួលសម្រាប់លក់ដូរនៅដើមឆ្នាំ២០១៨ខាងមុខ។
ប្រធានសហជីពសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា លើកឡើងនៅក្នុងគេហទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួននៅថ្ងៃទី១៦ ធ្នូ ស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យមើលការដំឡើងថ្លៃផ្ទះជួលពេលនេះ ដើម្បីចាត់វិធានការឱ្យបានម៉ឺងម៉ាត់។ លោកយល់ថា ប្រសិនបើមិនអាចទប់ស្កាត់ការដំឡើងថ្លៃផ្ទះជួល និងថ្លៃប្រេងសាំងបានទេ ការដំឡើងប្រាក់ឈ្នួលដល់កម្មករចាប់ពីដើមឆ្នាំ២០១៨ និងមិនអាចឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់ពួកគាត់ដើម្បីលើកកម្ពស់ជីវភាពរស់នៅបានឡើយ។
ជាក់ស្ដែងកម្មករត្រូវបង្កើនការចំណាយរបស់ខ្លួនបន្ថែមទៀតក្នុងមួយខែៗ រីឯអ្នកលក់ដូរក្នុងផ្សារត្រូវបង្ខំចិត្តដំឡើងថ្លៃទំនិញជាដើម។
លិខិតជូនដំណឹង ដល់កម្មករ និងអាជីវករនៅតំបន់រោងចក្រដំបូលខៀវកាលពីថ្ងៃទី១៤ ធ្នូ បញ្ជាក់ថាចាប់ពីថ្ងៃទី១ មករា ឆ្នាំ ២០១៨ តទៅ ម្ចាស់ផ្ទះជួល នឹងដំឡើងថ្លៃជួលបន្ទប់លក់ដូរ ដូចជាបន្ទប់ជាប់កែងផ្សារ ចំនួន ២០ដុល្លារ ហើយបន្ទប់ផ្សារនៅខាងក្នុងៗ នឹងដំឡើង១០ ដុល្លារ។ ចំណែក បន្ទប់លក់ដូរកណ្ដាលនឹងដំឡើងចំនួន ៥ដុល្លារ។ លើសពីនេះ សម្រាប់បន្ទប់ស្នាក់នៅវិញ ត្រូវដំឡើង ៨ ដុល្លារ ចំពោះបន្ទប់ជាន់ផ្ទាល់ដី និង ៥ដុល្លារ សម្រាប់បន្ទប់ជាន់លើ។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះតាមតំបន់រោងចក្រជាច្រើននៅរាជធានីភ្នំពេញ ដើម្បីបង្ហាញការយកចិត្តទុកដាក់ និងទាក់ទាញកម្មករ កម្មការិនី។ លោកលើកឡើងថា ចាប់ពីដើមឆ្នាំ ២០១៨ ទៅកម្មករ កម្មការិនី នឹងទទួលបានការដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។ ជាមួយគ្នានោះ លោកធ្លាប់មានប្រសាសន៍ សុំមិនឱ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃនោះទេ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា តាមច្បាប់ស្ដីពីបន្ទប់ជួល អាជ្ញាធរអាចចាត់វិធានការតាមបែបបទរដ្ឋបាល ដូចជាជូនដំណឹង ឬសេចក្ដីណែនាំទៅម្ចាស់ផ្ទះជួល មិនត្រូវដំឡើងថ្លៃទេ ក្រៅពីនេះ លោកយល់ថាអាជ្ញាធរមិនអាចចាត់វិធានការអ្វីបានឡើយ។ ចំណុចនេះ លោកថា ដោយសារច្បាប់ចែងមានភាពមិនច្បាស់លាស់ និងគ្មានវិធានការគតិយុត្តិត្រឹមត្រូវ។ ទោះជាយ៉ាងណា លោកថា ការដំឡើងថ្លៃបន្ទប់ជួលនៅដើមឆ្នាំ ២០១៨ នឹងបណ្ដាលឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករ ម្យ៉ាងប្រសិនបើរឿងនេះ មិនអាចដោះស្រាយឱ្យប្រសើរបាន នឹងអាចធ្វើឱ្យមានបញ្ហាប្រឈមរវាងកម្មករ កម្មការិនី និង ម្ចាស់ផ្ទះជួលថែមទៀតផង៖ «ម្ចាស់បន្ទប់ជួល គេអាចបដិសេធការជួលបន្ទប់បន្ត ក៏អាចថាបានដែរ។ អីចឹងរឿងនេះ មិនអាចបញ្ចប់ដោយស្រួលឬ ដោយសន្តិវិធីទេ គឺវាបញ្ចប់ដោយទម្រង់ណាមួយដែលនាំឱ្យខាតប្រយោជន៍ខាតពេលវេលារបស់កម្មករ។ ហើយក៏អាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងសង្គម រវាងកម្មករ និងម្ចាស់បន្ទប់ជួលហ្នឹងដែរ»។
ដោយសារគ្មានច្បាប់ចាប់បង្ខំម្ចាស់ផ្ទះ មន្ត្រីសង្គមស៊ីវិលដដែលយល់ថា ជាដំណោះស្រាយត្រូវមានកិច្ចពិភាក្សាណាមួយដោយការយោគយល់រវាងម្ចាស់ផ្ទះ និងកម្មករដើម្បីផលប្រយោជន៍ទាំងសងខាង៕