Clik here to view.

សង្គមស៊ីវិលធ្វើការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា អះអាងថា ពលរដ្ឋដែលបានទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ មកដល់ថ្ងៃទី១៦ ខែធ្នូ មានចំនួនតិចតួចបំផុត។ សង្គមស៊ីវិលបារម្ភថា ពលរដ្ឋខ្លះបាក់ទឹកចិត្តលែងខ្វាយខ្វល់នឹងការទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី ឲ្យដឹងថា ពលរដ្ឋដែលបានទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ដែលច្រើនបំផុតមានតែ ៤ ទៅ ៥នាក់ប៉ុណ្ណោះ ខណៈដែលឃុំសង្កាត់ខ្លះទៀតមានពលរដ្ឋតែម្នាក់ ឬ ២នាក់ ឬកន្លែងខ្លះស្ទើរតែគ្មានពលរដ្ឋទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតតែម្ដង៖ «»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប កាលពីថ្ងៃទី១៤ ខែធ្នូ បានបិទផ្សាយបញ្ជីឈ្មោះសម្រាប់អ្នកដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររដ្ឋសភា អាណត្តិទី៦ នៅឆ្នាំ២០១៨។ គ.ជ.ប បានទុកពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ដើម្បីឲ្យពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅតាមឃុំសង្កាត់ ដែលពលរដ្ឋបានចុះឈ្មោះបោះឆ្នោត។
ពលរដ្ឋម្ចាស់ឆ្នោតក៏អាចមើលឈ្មោះនៅតាមគេហទំព័រឈ្មោះ Voterlist.org.kh បានដែរ ជំនួសឲ្យការទៅពិនិត្យដោយផ្ទាល់នៅតាមឃុំសង្កាត់។ ប្រធានអង្គការនិចហ្វិក លោក សម គន្ធាមី យល់ថា ការបង្កើតឲ្យពលរដ្ឋអាចមើលបានតាមគេហទំព័រនេះ ក៏អាចជាមធ្យោបាយមួយដែលធ្វើឲ្យចំនួនអ្នកទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ ថយចុះដែរ។ លោក សម គន្ធាមី បន្តថា ក្រៅពីអ្នកបាក់ទឹកចិត្តលែងខ្វាយខ្វល់នឹងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ពលរដ្ឋខ្លះទៀត មិនបានដឹងទាល់តែសោះអំពីព័ត៌មាននៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា គ.ជ.ប បានបង្ហាញរបាយការណ៍បឋមមួយស្ដីពីការចុះឈ្មោះបោះឆ្នោតចាប់ផ្ដើមកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា មានជាង ៥សែន ២ម៉ឺន ៤ពាន់នាក់ គិតជាភាគរយបានជាង ៣២% ដែល គ.ជ.ប ព្យាករកន្លងមកថា ពលរដ្ឋមានសិទ្ធិចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៧ ប្រមាណ ១,៦លាននាក់។ កត្តាដែលពលរដ្ឋជាង ៦៨% ស្មើនឹងជាង ១លាននាក់ បាត់បង់សិទ្ធិបោះឆ្នោតជាតិអាណត្តិទី៦ ឆ្នាំ២០១៨ សង្គមស៊ីវិលធ្វើការផ្នែកឃ្លាំមើលការបោះឆ្នោតសន្និដ្ឋានថា ដោយសារភាគច្រើនគឺពលករចំណាកស្រុកមិនបានវិលមកចុះឈ្មោះនៅស្របពេលនយោបាយកម្ពុជា កំពុងមានវិបត្តិធ្ងន់ធ្ងរ។
អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា ប្រាប់អាស៊ីសេរី ថា គ.ជ.ប មិនមានទិន្នន័យថា មានពលរដ្ឋប៉ុន្មាននាក់ ឬប៉ុន្មានភាគរយបានទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតចាប់តាំងពីថ្ងៃទី១៤ ធ្នូ មកនោះទេ ប៉ុន្តែការពិនិត្យបញ្ជីឈ្មោះ ៣ថ្ងៃមកនេះ គឺខុសប្លែកពីឆ្នាំមុនៗ ដោយសារ គ.ជ.ប មិនទាន់ទទួលបានពាក្យបណ្ដឹងណាមួយពីគណបក្សនយោបាយនោះទេ។ លោក សោម សូរីដា អះអាងថា កង្វល់របស់ពលរដ្ឋ ឬសង្គមស៊ីវិល ដែលយល់ថា ពលរដ្ឋមានចំនួនតិចតួចបំផុតទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត មិនមែនជាកិច្ចការរបស់ គ..ជប នោះទេ។ លោកថា គ.ជ.ប ការចូលរួម ឬមិនចូលរួមរបស់ពលរដ្ឋគឺជាសិទ្ធិនយោបាយរបស់ពលរដ្ឋឯ គ.ជ.ប គឺជាស្ថាប័នឯករាជ្យ ធ្វើកិច្ចការដែលច្បាប់បានចែងតែប៉ុណ្ណោះ៖ «»។
តែយ៉ាងណា អគ្គលេខាធិការរង គ.ជ.ប រូបនេះ អំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយជួយចូលរួមផ្សព្វផ្សាយឲ្យបានទូលាយ។
អ្នកលក់ដូរនៅក្រុងភ្នំពេញ ម្នាក់ កញ្ញា ខាត់ ឆវី ឲ្យដឹងថា កញ្ញាមិនទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតនោះទេ ដោយរង់ចាំថ្ងៃបោះឆ្នោតទើបសម្រេចចិត្តទៅស្រុកកំណើតដើម្បីបោះឆ្នោត។ ប៉ុន្តែកញ្ញាអះអាងថា កញ្ញានៅតែរង់ចាំអ៊ុតមើលវត្តមានរបស់គណបក្សសង្គ្រោះជាតិ។ ប្រសិនបើដល់ថ្ងៃបោះឆ្នោត គ្មានវត្តមានរបស់គណបក្សប្រឆាំងចូលរួមប្រកួតនោះទេ កញ្ញានឹងមិនទៅបោះឆ្នោតដាច់ខាត៖ «»។
សង្គមស៊ីវិលឃ្លាំមើលកិច្ចការបោះឆ្នោតបារម្ភថា ប្រសិនបើហួសថ្ងៃកំណត់របស់ គ.ជ.ប បិទផ្សាយបញ្ជីឈ្មោះ និងអនុញ្ញាតឲ្យប្ដឹងពលរដ្ឋដែលខុសឈ្មោះ ខុសទិន្នន័យ និងពលរដ្ឋដែលបាត់ឈ្មោះនឹងគ្មានសិទ្ធិបោះឆ្នោតនៅឆ្នាំ២០១៨៕