
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសប្រាប់ប្រជាពលរដ្ឋទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ និងអ្នកដែលបានចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ រួចហើយ ឱ្យទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនតាមឃុំសង្កាត់ដែលខ្លួនបានចុះឈ្មោះបោះឆ្នោត ឬក៏អាចចូលមើលក្នុងគេហទំព័របញ្ជីបោះឆ្នោតរបស់ គ.ជ.ប ដែលមានអាសយដ្ឋាន www.voterlist.org.kh។
ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅតាមឃុំសង្កាត់នេះ មានរយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ទី២៤ ខែធ្នូ ខាងមុខនេះ។
បញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ដែល គ.ជ.ប ទើបនឹងបានធ្វើបច្ចុប្បន្នភាពរួចរាល់ មានចំនួនអ្នកចុះឈ្មោះសរុបជាង ៨លាន ៣សែននាក់ (៨.៣៨០.២១៩) ហើយចំនួនអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានជាង ២ម៉ឺននាក់ (២១.៧៨៩)។
គ.ជ.ប នឹងផ្ដល់សុពលភាព ព្រមទាំងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ដែលបញ្ជីផ្លូវការនេះនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខ៕