Quantcast
Viewing all articles
Browse latest Browse all 11174

"លោក ហ៊ុន សែន ប្រកាស​ឲ្យ​មេ​ភូមិ-​អនុ​ភូមិ​ព្យាបាល​ជំងឺ​ឥត​គិត​ថ្លៃ​ជា​នយោបាយ​ប្រជាភិថុតិ"

Image may be NSFW.
Clik here to view.

​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​គ្មាន​គោលនយោបាយ​ច្បាស់លាស់ ហើយ​តែងតែ​ធ្វើ​នយោបាយ​ប្រជាភិថុតិ​ជាមួយ​ម្ចាស់​ឆ្នោត​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​តាម​ចិត្ត​នឹក​ឃើញ ដឹកនាំ​កាន់តែ​យូរ ប្រជាពលរដ្ឋ​កាន់តែ​ជួប​ការ​លំបាក សូម្បីតែ​រកលុយ​ព្យាបាល​ជំងឺ​ក៏​មិន​បាន​ផង​សម្រាប់​គ្រួសារ​ខ្លះ។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ប្រកាស​ថា មេ​ភូមិ អនុ​ភូមិ​ដែល​ធ្វើ​ការ​បម្រើ​បក្ស​លោក​នោះ អាច​ទៅ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ។​

​អ្នក​វិភាគ​ចាត់​ទុក​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ថា​មេ​ភូមិ អនុ​ប្រធាន​ភូមិ និង​កម្មករ​រោងចក្រ​អាច​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​នោះ គឺជា​ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ​ដើម្បី​កេង​ចំណេញ​សន្លឹក​ឆ្នោត មិន​មែន​ជា​គោលនយោបាយ​ជា​ទូទៅ​របស់​រដ្ឋាភិបាល​ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ឡើយ។

​អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ថា លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​បែងចែក​ក្រុម​មនុស្ស​ដើម្បី​ទទួល​សេវា​គាំពារ​ពី​រដ្ឋ​ឲ្យ​បាន​ស្មើ​ភាព​គ្នា។ លោក​បញ្ជាក់​ថា មេភូមិ អនុប្រធាន​ភូមិ និង​ប្រធាន​ក្រុម​នៅ​តាម​ភូមិ​ស្រុក នីមួយៗ គឺ​ជា​ការចាត់តាំង​ដោយ​បក្ស​កាន់​អំណាច ហើយ​ការប្រកាស​ឲ្យ​ទទួល​បាន​សេវា​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នេះ មិន​មែន​ជា​គោលនយោបាយ​ជាក់លាក់​របស់​រដ្ឋាភិបាល​ឡើយ។ លោក​បន្ថែម​ថា ចុះ​មន្ត្រី​រាជការ នគរបាល ទាហាន អ្នក​ងាយ​រងគ្រោះ​ដទៃ​ទៀត​ ហេតុ​អ្វី​លោក ហ៊ុន សែន គិត​មិន​ឃើញ​ទៅ​វិញ៖ «»។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ប្រកាស​អនុញ្ញាត​ឲ្យ​មេ​ភូមិ អនុ​ភូមិ និង​ជំនួយ​ការ​ភូមិ​ទូទាំង​ប្រទេស សរុប​ជាង ៦​ម៉ឺន​នាក់ អាច​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ ដូច​កម្មករ កម្មការិនី​រោងចក្រ​ដែរ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជាង ១​ម៉ឺន​នាក់ នៅ​តំបន់​កប់​ស្រូវ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ លោក ហ៊ុន សែន ក៏​អនុញ្ញាត​ឲ្យ​ស្ត្រី​បម្រើការ​នៅ​ក្នុង​ក្របខ័ណ្ឌ​ភូមិ និង​ឃុំ ឲ្យ​មាន​លទ្ធភាព​ទទួល​បាន​អត្ថប្រយោជន៍​ប្រាក់​ឧបត្ថម្ភ​ដូច​កម្មការិនី​រោងចក្រ​ដែរ៖ «ប្រធាន អនុប្រធាន និង​ជំនួយការ​ភូមិ សរុប​ទៅ​ជាង ៦​ម៉ឺន​នាក់ នឹង​ត្រូវ​បាន​ទទួល​នូវ​របប​នៃ​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ទាំង​អស់ ដូច​កម្មករ កម្មការិនី​ដែរ ហើយ​សម្រាប់​ថ្នាក់​ភូមិ និង​ថ្នាក់​ឃុំ​ដែល​ជា​ស្ត្រី នៅ​ក្នុង​ពេល​ឆ្លងទន្លេ​នឹង​ត្រូវ​ទទួល​បាន​អត្ថប្រយោជន៍​ដូច​កម្មករ​ផង​ដែរ»។

​មេ​ភូមិ អនុ​ប្រធាន​ភូមិ ឬ​ប្រធាន​ក្រុម​គឺ​ជា​សកម្មជន​នយោបាយ​ដ៏​សកម្ម​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​ទូទៅ​នៅ​រៀងរាល់​អាណត្តិ​បោះឆ្នោត​ម្ដងៗ ក្រុម​ពួកគាត់​បាន​ដើរ​កៀរគរ​ពលរដ្ឋ ពេល​ខ្លះ​សម្លុត គំរាមកំហែង​ពលរដ្ឋ ដើម្បី​ឲ្យ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រៅ​ពី​ដើរ​សម្លុត គំរាមកំហែង​គេ ប្រធាន​ភូមិ អនុ​ភូមិ​ភាគ​ច្រើន ក៏​បង្កើត​បណ្ដាញ​តាមដាន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ​គឺ​មាន​បែង​ចែក​ការ​គ្រប់គ្រង​ដំបូល​ផ្ទះ​អ្នក​ភូមិ ឬ​ពេលខ្លះ​លាប​ពណ៌​គេ​ឯង​ថា ជា​ក្រុម​ប្រឆាំង​ជាដើម ដែល​ប្រាសចាក​អំពី​តួនាទី​របស់​ខ្លួន​ជា​មេភូមិ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​មហាផ្ទៃ ហើយ​ត្រូវ​ធ្វើ​ការ​បម្រើ​ពលរដ្ឋ​ដោយ​គ្មាន​ការ​រើសអើង​នោះ។

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​មាន​គោលនយោបាយ​ជា​ទូទៅ​វិញ​ប្រសើរ​ជាង ដើម្បី​ទាក់ទាញ​ពលរដ្ឋ​មក​គាំទ្រ​បក្ស​លោក​នោះ ហើយ​ក្រុម​មនុស្ស​ដែល​រដ្ឋាភិបាល​ត្រូវ​មើល​ជា​ចាំបាច់​នោះ គឺ​ក្រុម​មនុស្ស​ងាយ​រងគ្រោះ មាន​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​ក្រីក្រ ជន​ពិការ​ជាដើម៖ «»។

​វិស័យ​សុខាភិបាល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នៅ​មាន​កម្រិត​នៅ​ឡើយ។ អ្នក​គ្រប់គ្រង​មន្ទីរ​រដ្ឋ​មួយ​ចំនួន​មាន​ការ​រើស​ពលរដ្ឋ​ក្រីក្រ កម្មករ ទោះបីជា​ពួកគាត់​មាន​ប័ណ្ណ​ក្រីក្រ​ទទួល​បាន​សេវា​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ជាដើម ពេល​ខ្លះ​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​ទុក​អ្នក​ជំងឺ​ចោល ឬ​ព្យាបាល​ជំងឺ​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​ស្លាប់​ក៏​មាន។ អ្នក​វិភាគ​លើក​ឡើង​ថា បើសិនជា​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​វ័យ​ឆ្លាត គិតគូរ​ពី​សុខុមាលភាព​ពលរដ្ឋ​នោះ លោក​មិន​ធ្វើ​នយោបាយ​ប្រជាភិថុតិ​ដូច្នេះ​ទេ លោក​ប្រាកដជា​ពង្រឹង​វិស័យ​សុខាភិបាល​ឲ្យ​មាន​គុណភាព ប្រសិទ្ធភាព ហើយ​ពេល​លោក​ឈឺ លោក និង​ក្រុម​មន្ត្រី​បក្ស​ពួក​លោក​ជា​ច្រើន​ទៀត មិន​ចាក​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​ដូចជា​នៅ​សិង្ហបុរី ជា​ដើម​ឡើយ ដែល​ខុស​ពី​មេដឹកនាំ​ជិត​ខាង។

​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា សុខាភិបាល​គឺ​ជា​វិស័យ​អាទិភាព ក៏ប៉ុន្តែ​តាម​មន្ទីរ​រដ្ឋ​នានា​ខ្វះ​ឧបករណ៍ និង​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​លុយ​នោះ ត្រូវ​បង្ខំចិត្ត​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ជិត​ខាង ដោយសារតែ​ពួកគេ​គ្មាន​ជំនឿ​លើ​ពេទ្យ​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា ការដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​មិន​យកចិត្តទុកដាក់​លើ​វិស័យ​សុខាភិបាល​នេះ គឺ​មាន​ភាព​អយុត្តិធម៌​ចំពោះ​អ្នក​ក្រីក្រ​ដែល​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ។ ចំពោះ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ក្នុង​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ដល់​មេភូមិ អនុ​ភូមិ នៅ​ពេល​នេះ​វិញ លោក អេង ឆៃអ៊ាង អះអាង​មិន​ខុស​ពី​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ឡើយ គឺ​ជា​នយោបាយ​ប្រជាភិថុតិ និង​ដើម្បី​ឲ្យ​មេ​ភូមិ អនុ​ភូមិ​ទាំង​នោះ​បម្រើ​នយោបាយ​លោក​ទៀត​តែប៉ុណ្ណោះ៖ «»។

​ការ​បង្កើន​ថវិកាជាតិ​សម្រាប់​ស្ថាប័នរដ្ឋ​គឺជា​រឿង​សំខាន់​សម្រាប់​ពង្រឹង​ស្ថាប័ន​នីមួយៗ។ គណបក្ស​ប្រឆាំង​កន្លង​មក តែងតែ​ទាមទារ​នៅ​ក្នុង​សភា​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ថវិកា​បន្ថែម​ដល់​ស្ថាប័ន​ជា​អាទិភាព​មួយ​ចំនួន ដូចជា ក្រសួង​សុខាភិបាល កសិកម្ម និង​ក្រសួង​អប់រំ​ជាដើម។ ក៏ប៉ុន្តែ​គម្រោង​ថវិកា​ជាតិ សម្រាប់​ឆ្នាំ​២០១៨ ទោះបីជា​រដ្ឋាភិបាល​បាន​បង្កើន​ជាង ៦​ពាន់​លាន​ដុល្លារ​ក្ដី ប៉ុន្តែ​រដ្ឋាភិបាល​នៅ​តែ​បង្កើន​ដល់​ស្ថាប័ន​ទាំង​បី​នេះ នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។ ក្នុង​ចំណោម​កញ្ចប់​ថវិកា​ជាតិ ៦​ពាន់ ៣៨​លាន​នេះ ក្នុង​នោះ​ប្រាក់កម្ចី​ប្រមាណ ២០% ស្មើ​ជាង ១​ពាន់​ដុល្លារ ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា កម្ពុជា​នៅ​តែ​មាន​កំណើន​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​ក្ដី ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​លើក​ឡើង​ថា កម្ពុជា​មិន​អាច​រស់​ដោយ​ខ្លួន​ឯង​បាន​នៅ​ឡើយ។ មក​ទល់​ពេល​នេះ រដ្ឋាភិបាល​ជំពាក់​បំណុល​បរទេស​ជាង ៧.៨០០​លាន​ដុល្លារ។

​ម្យ៉ាងវិញទៀត​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ ដោយសារតែ​វិបត្តិ​នយោបាយ​រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នោះ គឺ​ផល​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង​ថែម​ទៀត។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (International Monetary Fund) កាលពី​ខែ​សីហា ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៧ នេះ គឺ​អត្រា​ប្រមាណ​ជា ៦% ដែល​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ពី​មុន​របស់​លោក ហ៊ុន សែន ថា នឹង​អាច​មាន​កំណើន​សេដ្ឋកិច្ច​ជិត ៧%។

​ស្ថាប័ន​រូបិយ​អន្តរជាតិ​នេះ ព្រមាន​ថា កម្ពុជា​គួរ​ត្រៀមខ្លួន​ក្នុង​លក្ខខណ្ឌ​ដែល​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​នេះ។ របាយការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ស្ដីពី​ស្ថានភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា IMF បាន​ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ច្រើនជាង​ប្រាក់​ចំណូល ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ឱនភាព​ប្រចាំ​ឆ្នាំ​ធ្លាក់​ចុះ ដោយសារ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ក្នុង​ឆ្នាំ​២០១៦ ធ្លាក់​ចុះ ២,៨% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ គឺ​អត្រា ១,៦% ពិសេស​គឺ​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​វិនិយោគិន​បរទេស។ ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​កម្ពុជា នៅ​តែ​ប្រឈម​នឹង​បញ្ហា​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារតែ​កំណើន​សេដ្ឋកិច្ច​មិន​ច្បាស់លាស់​នេះ។ មក​ទល់​ពេល​នេះ ពលរដ្ឋ​ខ្មែរ​បាន​ធ្វើ​ចំណាកស្រុក​រាប់​លាន​នាក់ ហើយ​បាន​ជំពាក់​បំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក។

អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា ដើម្បី​ឲ្យ​កំណើន​សេដ្ឋកិច្ច​ឆ្ពោះ​ទៅ​មុខ​នោះ លុះណាតែ​លោក ហ៊ុន សែន ឈប់​ធ្វើ​នយោបាយ​ប្រជាភិថុតិ ហើយ​មាន​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ឲ្យ​បាន​ច្បាស់លាស់ និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ផ្ដល់​សេវា​សាធារណៈ ដោយ​គ្មាន​ភាព​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ព្រោះ​ថា រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ពលរដ្ឋ​គ្រប់​រួប​ត្រូវ​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់ និង​គាំពារ​ពី​រដ្ឋ​ដោយ​ស្មើភាព ដោយ​មិន​បែងចែក និង​ប្រកាន់​វណ្ណៈ​បក្សពួក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles