Clik here to view.

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ស្នើសុំឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងរូបលោកដើម្បីអាចឱ្យរូបលោកចូលរួមដោះស្រាយវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនៅកម្ពុជា។
មេធាវីម្នាក់ក្នុងចំណោមមេធាវីប្រាំបីរូប ដែលជាមេធាវីការពារឱ្យលោក កឹម សុខា គឺលោកមេធាវី ហែម សុជាតិ បានឱ្យអាស៊ីសេរី ដឹងថា ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក គី ឫទ្ធី នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ បានសួរចម្លើយលោក កឹម សុខា ជាង ៥០សំណួរ ប៉ុន្តែសំណួរទាំងនោះជាប្រភេទសំណួរដាក់បន្ទុក និងជាសំណួរប៉ះពាល់ដល់ជីវិតឯកជនក្រុមគ្រួសាររបស់លោក កឹម សុខា ដែលលោកយល់ថា សំណួរទាំងនោះមិនបានផ្តល់ភាពយុត្តិធម៌ចំពោះកូនក្តីលោកឡើយ។ លោកមេធាវីបញ្ជាក់ថា លោក កឹម សុខា បានឆ្លើយសំណួរខ្លះ និងសំណួរខ្លះទៀតលោកមិនឆ្លើយទេ ដោយរក្សាចម្លើយដូចការឆ្លើយលើកទីមួយកាលពីចុងខែវិច្ឆិកា។
ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ បានសួរសំណួរលោក កឹម សុខា ជិតមួយរយសំណួរហើយ ដោយរាប់តាំងពីការសាកសួរពីលើកដំបូងកាលពីចុងខែវិច្ឆិកា រហូតមកដល់ពេលនេះ។ នៅថ្ងៃទី២១ និងទី២២ ខែធ្នូ ខាងមុខនេះ ចៅក្រមនឹងបន្តនីតិវិធីសួរចម្លើយលោក កឹម សុខា បន្តទៀត ប៉ុន្តែក្រុមមេធាវីឱ្យដឹងថា ក្រុមមេធាវីមិនទាន់សម្រេចចិត្តថា នឹងចូលរួមនីតិវិធីសាកសួរនេះ ឬយ៉ាងណានោះទេ ព្រោះការសាកសួរពីរដងកន្លងមកនេះ ជាប្រភេទសំណួរមិនបានស្វែងរកភាពយុត្តិធម៌ជូនលោក កឹម សុខា នោះឡើយ។
សូមស្ដាប់បទសម្ភាសន៍ជាមួយមេធាវីការពារក្តីឱ្យលោក កឹម សុខា គឺលោក ហែម សុជាតិ បន្ថែមជុំវិញព័ត៌មាននេះ តាមការសាកសួររបស់លោក ជុន ច័ន្ទបុត្រ៖