Clik here to view.

ពលរដ្ឋមានទំនាស់ដីធ្លីនៅស្រុកគិរីសាគរ ខេត្តកោះកុង បានដាក់លិខិតមួយច្បាប់ទៅសាលាខេត្តកោះកុង ដើម្បីស្នើសុំឱ្យអាជ្ញាធរខេត្តជួយអន្តរាគមន៍ឱ្យក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង (SEZ) របស់ឧកញ៉ា លី យ៉ុងផាត់ បញ្ឈប់សកម្មភាពឈូសឆាយដីកំពុងមានទំនាស់ និងកាត់ដីទាំងនោះជាកម្មសិទ្ធិដល់ពួកគាត់។ មន្ត្រីសង្គមស៊ីវិលប្រចាំខេត្តកោះកុង ស្នើឱ្យអាជ្ញាធរខេត្តពន្លឿនការដោះស្រាយវិវាទដីធ្លីនេះ ដើម្បីកុំឱ្យនៅបន្តរ៉ាំរ៉ៃតទៅទៀត។
ប្រជាពលរដ្ឋចំនួន ៥០គ្រួសារ នៅភូមិយាយសែន និងភូមិសំរ៉ុងតាកែវ ឃុំព្រែកខ្សាច់ ព្រមទាំងភូមិតានី នៃឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង អំពាវនាវឱ្យអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ជួយអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh Kong SEZ) របស់លោកឧកញ៉ា លី យ៉ុងផាត់។
តាមរយៈពាក្យបណ្ដឹងមួយច្បាប់ចុះថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៧ ក្រុមប្រជាពលរដ្ឋសំណូមពរឱ្យអភិបាលខេត្តកោះកុងជួយអន្តរាគមន៍ចំនួន ៤ ចំណុច គឺបញ្ជូនគណៈកម្មការដោះស្រាយវិវាទដីធ្លីទៅជួយដោះស្រាយជាបន្ទាន់ ផ្អាកសកម្មភាពគ្រឿងចក្រឈូសឆាយរបស់ក្រុមហ៊ុន ស្នើសុំកាត់ឆ្វៀលដីទំហំ ១០៣ ហិកតារពីទីតាំងអនុវត្តគម្រោងរបស់ក្រុមហ៊ុន និងសុំចុះបញ្ជីដីគ្រប់គ្រងជាកម្មសិទ្ធិ ព្រមទាំងសុំចូលទៅបង្កបង្កើនផល ដាំដំណាំនៅលើផ្ទៃដីនៃចំណែកដីរៀងៗខ្លួនដែលពួកគាត់ធ្លាប់អាស្រ័យផលកន្លងមក។
តំណាងប្រជាពលរដ្ឋ លោកស្រី ព្រាប រដ្ឋា ថ្លែងថា ការស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរខេត្តនេះ គឺដោយសារពួកគាត់អស់ជំនឿនឹងអាជ្ញាធរភូមិឃុំ និងស្រុក ដែលមិនអាចជួយពួកគាត់បាន។ លោកស្រីបន្តថា ប្រជាពលរដ្ឋនឹងលើកគ្នាមកតវ៉ាស្នើសុំអន្តរាគមន៍ដល់អាជ្ញាធរថ្នាក់ជាតិបន្តទៀត បើសិនជាអាជ្ញាធរខេត្តកោះកុងមិនអាចដោះស្រាយវិវាទនេះជូនពួកគាត់បានទេនោះ៖ «សុំអាជ្ញាធរមេត្តាចុះមកធ្វើប្លង់ដី និងប្លង់កម្មសិទ្ធិដល់ប្រជាពលរដ្ឋដែលរស់នៅឃុំព្រែកខ្សាច់ ដើម្បីមានសិទ្ធិកាន់កាប់ដីធ្លី និងអចលនទ្រព្យរបស់ខ្លួនឯង។ កន្លងមកមិនដែលមានក្រុមនិស្សិត ឬក្រុមការងារណាមួយចុះមកធ្វើប័ណ្ណកម្មសិទ្ធិឱ្យប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផលនៅលើដីខ្លួន ដូចនៅខេត្តដទៃនោះឡើយ»។
ប្រជាពលរដ្ឋអះអាងថា ពួកគាត់បានចូលទៅកាន់កាប់ និងអាស្រ័យផល ដាំដំណាំមួយចំនួនដូចជា ស្វាយ ខ្នុរ ស្វាយចន្ទី ចេក អំពៅ ដំឡូង និងបន្លែបង្ការផ្សេងៗទៀត នៅលើផ្ទៃដីសរុប ១០៣ហិកតារ នៅចន្លោះឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៥។ ក៏ប៉ុន្តែនៅឆ្នាំ២០០៥ ស្រាប់តែក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង (SEZ) របស់លោក លី យ៉ុងផាត់ បានចូលទៅដល់តំបន់ព្រែកខ្សាច់ និងបានធ្វើឱ្យប៉ះពាល់ដល់ដីចម្ការរបស់ពួកគាត់ទាំងស្រុង។ ពលរដ្ឋបន្តថា ចាប់ពីពេលនោះហើយដែលពួកគាត់លែងអាចចូលទៅបង្កបង្កើនផលនៅលើដីនោះតទៅទៀតបាន ហើយដោយសារតែភ័យខ្លាចនឹងការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីបរិស្ថានពួកគាត់មិនហ៊ានចេញមុខតវ៉ាជាមួយក្រុមហ៊ុនឡើយ។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តកោះកុង ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី លោក អន ភារៈ អះអាងថា លោកមិនទាន់បានដឹងអំពីការស្នើសុំរបស់ក្រុមប្រជាពលរដ្ឋទាំង ៥០គ្រួសារនោះនៅឡើយទេ ដោយលោកបញ្ជាក់ថា កំពុងជាប់បេសកកម្មនៅក្រៅប្រទេស។ ចំណែកឯមេការក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh Kong SEZ) ឈ្មោះ ចាន់ ណាគ្រី មិនអាចទាក់ទងបានទេនៅថ្ងៃទី១៣ ធ្នូ ដោយទូរស័ព្ទមិនចូល។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត ដែលបានតាមដានករណីនេះ ស្នើឱ្យអាជ្ញាធរខេត្តកោះកុងបញ្ជូនក្រុមការងារ និងមន្ត្រីជំនាញចុះទៅពិនិត្យស៊ើបអង្កេត និងដោះស្រាយវិវាទដីធ្លីនេះជាបន្ទាន់ ដើម្បីឱ្យពលរដ្ឋអាចមានលទ្ធភាពបង្កបង្កើនផលលើដីរបស់ពួកគាត់បានសាជាថ្មីវិញ និងកុំឱ្យទំនាស់នេះត្រូវបន្តអូសបន្លាយរ៉ាំរ៉ៃតទៅមុខទៀត៖ «ក្នុងនាមជាអង្គការសង្គមស៊ីវិល យើងស្នើសុំឱ្យអាជ្ញាធរខេត្តបញ្ជូនក្រុមការងារជាបន្ទាន់ដើម្បីចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែង ដែលក្រុមហ៊ុនកំពុងឈូសឆាយ ហើយត្រូវតែអន្តរាគមន៍ឱ្យក្រុមហ៊ុនផ្អាកការឈូសឆាយនេះ។ បន្ទាប់មកអាជ្ញាធរខេត្តត្រូវសិក្សា និងអង្កេតទៅលើក្បាលដីដែលប្រជាពលរដ្ឋបានប្រើប្រាស់ រួចវាយតម្លៃ និងកាត់ឆ្វៀលជូនពួកគាត់ជាកម្មសិទ្ធិ ដើម្បីបានដាំដុះឡើងវិញនៅលើដីចម្ការដែលពួកគាត់ធ្លាប់អាស្រ័យផលកាលពីមុន»។
ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh Kong SEZ) របស់លោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាអ្នកជំនួញដ៏មានឥទ្ធិពល បានចុះកិច្ចសន្យាជួលដីទំហំជិត ១ម៉ឺនហិកតារ (៩,៩៧៧) ជាមួយក្រសួងបរិស្ថាន កាលពីខែឧសភា ឆ្នាំ២០១០ ក្រោមកិច្ចសន្យាជួលដីរយៈពេល ៩៩ ឆ្នាំ ដើម្បីវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម ដែលផ្នែកខ្លះនៃដីសម្បទាននេះ ត្រួតស៊ីគ្នាលើដីរបស់ប្រជាពលរដ្ឋ បង្កជាទំនាស់ដីធ្លីរហូតមកទល់ពេលបច្ចុប្បន្ន៕