Clik here to view.

មេធាវីការពារក្ដីឱ្យអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូប បានដាក់ពាក្យប្ដឹងសុំឱ្យតុលាការប្រគល់វត្ថុដែលបានដកហូត កាលពីខែវិច្ឆិកា។ នេះជាបណ្ដឹងលើកទី៣ហើយ ដែលមេធាវីបានស្នើសុំក្នុងនៅ សំណុំរឿងក្ដីនេះ បន្ទាប់ពីដាក់ពាក្យប្ដឹងឧទ្ធរណ៍ជំទាស់នឹងដីកាសម្រេចបន្តឃុំខ្លួនកាលពីថ្ងៃទី៧ ខែធ្នូ កន្លងទៅនេះ។
មេធាវីការពារក្ដៅឱ្យលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ គឺលោកមេធាវី កែវ វ៉ាន្នី បានឱ្យដឹងថា លោកចង់បានសម្ភារៈដែលតុលាការបានចាប់យក ដើម្បីមកប្រគល់ឱ្យក្រុមគ្រួសាររបស់កូនក្តីលោកទាំងពីរវិញ។ សម្ភារៈដែលតុលាការបានចាប់យករួមមាន លោក អ៊ួន ឈិន ម៉ូតូ២គ្រឿង ទូរស័ព្ទដៃ ២គ្រឿង កុំព្យូទ័រមួយចំនួន កាមេរ៉ា និងសម្ភារៈមួយចំនួនទៀត។ ចំណែក លោក យាង សុធារិន្ទ មាន ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ២គ្រឿង។
លោកមេធាវីឱ្យដឹងបន្តថា គ្មានហេតុផលណាមួយដែលតុលាការត្រូវទុកសម្ភារៈរបស់កូនក្ដីលោកឡើយ ដោយហេតុថា របស់របរទាំងនោះមិនមែនជាវត្ថុជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតទៀតឡើយ។
លោកមេធាវី កែវ វ៉ាន្នី ថា លោកនឹងទៅជួបកូនក្តីទាំងពីររបស់នៅពន្ធនាគារ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ខាងមុខនេះ ដើម្បីជម្រាបជូនព័ត៌មានអំពីការស្នើសុំឱ្យនេះ ព្រមទាំងសួរសុខទុក្ខកូនក្តីលោកផងដែរ។
គិតដល់ថ្ងៃអង្គារ ទី១២ ខែធ្នូនេះ ចូលថ្ងៃទី២៩ ហើយ ដែលតុលាការបានឃាត់ និងឃុំខ្លួនអ្នកទាំងពីរ៕