Clik here to view.

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឲ្យមន្ត្រីជំនាញកាំកុងត្រូលខេត្តព្រះសីហនុ បន្តសកម្មភាពចុះត្រួតពិនិត្យទំនិញខូចគុណភាព និងផ្ទុកសារធាតុគីមីហាមឃាត់ដើម្បីរួមចំណែកការពារសុខភាពជូនប្រជាពលរដ្ឋឲ្យបានប្រសើរថែមទៀតនៅថ្ងៃអនាគត។
មន្ត្រីសង្គមស៊ីវិលគាំទ្រសកម្មភាពមន្ត្រីជំនាញកាំកុងត្រូលដែលសកម្មក្នុងការងារចុះត្រួតពិនិត្យរកមុខទំនិញខូចគុណភាព និងមានផ្ទុកសារធាតុគីមីហាមឃាត់ជាបន្តបន្ទាប់មកនេះ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន់ សូរស័ក្តិ នាឱកាសចូលរួមសម្ពោធអគារមន្ទីរពិសោធន៍គុណភាពចំណីអាហារ ឬទំនិញ កាលពីព្រឹកថ្ងៃពុធ ទី៦ ខែធ្នូ បានលើកទឹកចិត្តមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលនាំចូលតាមច្រកកំពង់ផែ និងទំនិញដាក់លក់នៅលើទីផ្សារនានា ឲ្យបានជាប្រចាំ ដើម្បីសុវត្ថិភាពចំណីអាហារគ្មានសារធាតុគីមី និងមិនខូចគុណភាព។
លោករដ្ឋមន្ត្រីមានជំនឿថា តាមរយៈការដាក់ឲ្យប្រើប្រាស់អគារមន្ទីរពិសោធន៍នេះ នឹងអាចជួយដល់សកម្មភាពចុះត្រួតពិនិត្យរកទំនិញខូចគុណភាព ពិសេសទំនិញមានផ្ទុកសារធាតុគីមីរបស់មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ មានភាពងាយស្រួលនិងមានប្រសិទ្ធភាព។
ចំណែកប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត ឲ្យដឹងដែរថា មន្ទីរពិសោធន៍ខ្នាតតូចនេះ នឹងអាចជួយឲ្យមន្ត្រីជំនាញមានលទ្ធភាពច្រើនថែមទៀតក្នុងការងារចុះត្រួតពិនិត្យគុណភាពចំណីអាហារដែលឈ្មួញបាននាំចូល និងដាក់លក់នៅលើទីផ្សារនានា ក្នុងមូលដ្ឋាននេះ ដើម្បីឲ្យមានទំនុកចិត្តពីប្រជាពលរដ្ឋ។
ទាក់ទិនបញ្ហានេះ អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ គាំទ្រសកម្មភាពរបស់មន្ត្រីកាំកុងត្រូលខេត្តនេះ ដែលសកម្មភាពក្នុងការចុះស្រាវជ្រាវពិនិត្យទៅលើគ្រប់មុខទំនិញ ស្វែងរកសារធាតុគីមី និងទំនិញខូចគុណជាដើម ដើម្បីជួយការពារសុខភាពអ្នកទទួលទាន។
អ្នកឃ្លាំមើលសង្គមរូបនេះក៏ស្នើឲ្យមន្ត្រីជំនាញត្រូវនាំខ្លួនអ្នកជាប់ពាក់ព័ន្ធ ការនាំចូលទំនិញខូចគុណភាព ពិសេសដាក់លក់ទំនិញមានដាក់សារធាតុគីមី ត្រូវបញ្ជូនសំណុំរឿងបទល្មើសនេះទៅកាន់តុលាការផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ។
អ្នកស្រី ជៀប សុធារី មានប្រសាសន៍បន្ថែម៖ «ជាសមត្ថកិច្ចរបស់មន្ត្រីតុលាការ និងជាសមត្ថកិច្ចរបស់មន្ត្រីជំនាញផងដែរ គួរតែមានវិធានការតាមផ្លូវច្បាប់ ដើម្បីជាការព្រមានកុំឲ្យបុគ្គលផ្សេងៗ និងក្រោយៗទៀតធ្វើទង្វើខុសឆ្គងជាបន្តទៀតថ្ងៃក្រោយ។ ខ្ញុំចង់ឲ្យមន្ត្រីជំនាញរឹបអូសរាល់មុខទំនិញខូចគុណភាពទាំងអស់ និងត្រូវនាំខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសនាំចូលទំនិញខូចគុណភាពទាំងអស់ហ្នឹងទៅកាន់តុលាការផ្ដន្ទាទោស ដើម្បីជាការព្រមានដោយមិនត្រូវទទួលយកការសម្របសម្រួលណាមួយទៀតទេ។ ព្រោះបញ្ហានេះ ប្រសិនបើសមត្ថកិច្ច ឬមន្ត្រីជំនាញចេះតែមានការលើកលែងទោស ឬធ្វើការសម្របសម្រួលណាមួយជាមួយជនប្រព្រឹត្តកំហុសឆ្គងនាំចូល ឬដាក់លក់ទំនិញខូចគុណភាព ពិសេសមានលួចដាក់សារធាតុគីមីទៅលើមុខម្ហូប ឬអាហារជាដើម វាអាចក្លាយជាទម្លាប់មិនល្អមួយ ហើយក៏នឹងប៉ះពាល់ដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ផងដែរ»។
ប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានឲ្យដឹងដែរថា មន្ត្រីជំនាញបានដុតកម្ទេចមុខទំនិញ និងមុខម្ហូបអាហារខូចគុណភាពជាច្រើនប្រភេទ សរុបមានចំនួនជាង ៦ពាន់គីឡូក្រាម (៦.០៨០) នៅទីលានចាក់សំរាម ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ។ ពិធីនេះ ក៏មានវត្តមានលោក ប៉ាន់ សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ចូលរួមផង។
លោកថា សកម្មភាពចុះត្រួតពិនិត្យទំនិញនាំចូល និងនាំចេញរបស់មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ក្នុងរយៈពេល ១១ខែ ដើមឆ្នាំ២០១៧ នេះ រឹបអូសទំនិញហួសកាលបរិច្ឆេទប្រើប្រាស់បានជាង ១ពាន់កេស (១.១១៤) ឬស្មើជាង ៥០០គីឡូក្រាម។ រឹបអូសទំនិញខូចគុណភាពនៅលើទីផ្សារមានដូចជាភេសជ្ជៈកំប៉ុង ដប គ្រឿងឧបភោគ បរិភោគមានចំនួនជាង ៧០០គីឡូក្រាម (៧១១) និងរឹបអូសគ្រឿងសមុទ្រស្រស់ៗ បន្លែ ត្រីសាច់ និងប្រហិតជាដើមបានជាង ១០០គីឡូក្រាម (១២២)៕