Clik here to view.

ពលរដ្ឋរិះគន់សំណើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់ឲ្យភាគីប្រទេសបង់ក្លាដេស និងមីយ៉ាន់ម៉ា ឬភូមា ព្យាយាមស្វែងរកដំណោះស្រាយចំពោះបញ្ហាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីនយ៉ា។ ការរិះគន់នេះ គឺក្រោយពេលដែលនាយករដ្ឋមន្ត្រីបង់ក្លាដេស អ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បានបិទបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរបស់អ្នកស្រី កាលពីរសៀលថ្ងៃទី៥ ខែធ្នូ។ ពលរដ្ឋថា លោក ហ៊ុន សែន គួរតែរិះរកវិធីដោះស្រាយបញ្ហាវិបត្តិនយោបាយចាក់ស្រេះ និងប្រជាធិបតេយ្យនៅកម្ពុជា បច្ចុប្បន្ន ឲ្យបានប្រសើរឡើងវិញ ជាជាងដោះស្រាយបញ្ហាវិបត្តិជនភៀសខ្លួនរបស់ប្រទេសដទៃ ដែលកម្ពុជា ខ្លួនឯងធ្លាប់មានប្រវត្តិដោះស្រាយមិនបានល្អ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺបញ្ហាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីនយ៉ា នៅប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដេស បានក្លាយជាប្រធានបទក្ដៅមួយក្នុងជំនួបពិភាក្សាទ្វេភាគីរវាងអ្នកស្រី សេក្ខ ហាស៊ីណា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយធ្វើឡើងក្រោយជំនួបពិភាក្សាទ្វេភាគីនេះ លោក ហ៊ុន សែន ប្រកាសថា លោក និងនាយករដ្ឋមន្ត្រីបង់ក្លាដេស អ្នកស្រី សេក្ខ ហាស៊ីណា បានពិភាក្សាអំពីបញ្ហាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីនយ៉ា ដែលលោកថា ជាបន្ទុកដ៏ធ្ងន់ធ្ងររបស់ប្រទេសបង់ក្លាដេស។ លោក ហ៊ុន សែន ថ្លែងថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះប្រទេសបង់ក្លាដេស ដែលបើទោះបីជាមានប្រជាជនសរុបរហូតដល់ទៅ ១៦០លាននាក់ ក៏ប្រទេសនេះសុខចិត្តទទួលបន្ទុកចិញ្ចឹមជនភៀសខ្លួនរ៉ូហ៊ីនយ៉ា របស់ប្រទេសមីយ៉ាន់ម៉ា ប្រមាណជិត ១លាននាក់បន្ថែមទៀត។
លោក ហ៊ុន សែន ក៏បានបង្ហើបឲ្យដឹងដែរថា ភាគីទាំងពីរបានពិចារណារួមគ្នាទៅលើកិច្ចការខិតខំធ្វើឲ្យមានឡើងនូវការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីនយ៉ា ទាំងនេះ ត្រឡប់មកកាន់ប្រទេសមីយ៉ាន់ម៉ា វិញ។ លោក ហ៊ុន សែន ស្នើឲ្យភាគីប្រទេសបង់ក្លាដេស និងប្រទេសមីយ៉ាន់ម៉ា ព្យាយាមស្វែងរកនូវដំណោះស្រាយចំពោះបញ្ហានេះ ដើម្បីអាចឲ្យជនភៀសខ្លួនទាំងនេះធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសមីយ៉ាន់ម៉ា វិញប្រកបដោយសុវត្ថិភាព។
ការលើកយកបញ្ហាវិបត្តិរ៉ូហ៊ីនយ៉ានៅមីយ៉ាន់ម៉ា និងបង់ក្លាដេស មកពិភាក្សានៅពេលនេះ ហាក់ផ្ទុយគ្នាស្រលះទៅនឹងគោលនយោបាយការបរទេសដែលរដ្ឋាភិបាលលោក ហ៊ុន សែន តែងព្យាយាមអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងចង់ឲ្យសហគមន៍អន្តរជាតិអនុវត្តមកលើប្រទេសកម្ពុជា ដូចគ្នាដែរនោះគឺជាគោលនយោបាយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់គូសបញ្ជាក់ថា បញ្ហាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីនយ៉ា នេះគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយកម្ពុជា នឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ ឬធ្វើអន្តរជាតូបនីយកម្មនៃបញ្ហាវិបត្តិរ៉ូហ៊ីនយ៉ានេះឡើយ។
ដូចគ្នានេះដែរ ថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃបក្សកុម្មុយនិស្តចិន កិច្ចសន្ទនាជាមួយគណបក្សនយោបាយនៅលើពិភពលោកក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍នៃអនាគតរួមសម្រាប់មនុស្សជាតិ និងពិភពលោកស្រស់ស្អាត» ដែលមានការចូលរួមពីគណបក្សនយោបាយជាង ២០០គណបក្ស និងមេដឹកនាំគណបក្សនយោបាយមកពីជាង ១២០ប្រទេសនៅជុំវិញពិភពលោក លោក ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ៗអំពីការគោរពអធិបតេយ្យ និងជម្រើសផ្លូវដើររបស់ប្រទេសនីមួយៗ ដោយខ្លួនឯង មិនថាប្រទេសនោះធំ ឬតូច ខ្លាំង ឬខ្សោយនោះទេ។ លោកថា ប្រទេសទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងផងគ្នា និងត្រូវគោរពសិទ្ធិរបស់ប្រទេសដទៃក្នុងការជ្រើសរើសប្រព័ន្ធគ្រប់គ្រង និងមាគ៌ាអភិវឌ្ឍន៍ដោយឯករាជ្យ និងគ្មានការរំខាន។
ការប្រកាសឈឺឆ្អាលរបស់លោក ហ៊ុន សែន លើបញ្ហាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីនយ៉ានេះ ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក រិះគន់យ៉ាងចាស់ដៃ។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងជាអ្នកគាំទ្រទំព័រអាស៊ីសេរី ម្នាក់ សរសេររិះគន់ថា៖ «កុំខ្វល់រឿងគេច្រើនពេក គិតតែរឿងក្នុងស្រុកខ្លួនឯងទៅ យួនចូលពេញស្រុក! លាងគូទខ្លួនឯងមិនទាន់ជ្រះផង បែរជាទៅលាងគូទគេទៅវិញ...»។ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត សរសេរតាមបែបឌឺដងថា «ប្រាប់គេឲ្យធ្វើអ៊ីចេះ អ៊ីចុះ ចុះខ្លួនឯងវិញពោរពេញដោយបញ្ហា...។ អន្តរជាតិប្រាប់មិនស្ដាប់ផងហ្នឹង ម៉េចបានទៅណែនាំគេទៅវិញ?»។
មិនខុសពីការរិះគន់ខាងលើ អ្នកប្រើប្រាស់ហ្វេសប៊ុក ម្នាក់ទៀត បន្ទរការរិះគន់របស់ខ្លួនថា៖ «ប្រទេសដែលជាមិត្តជាមួយសម្ដេច ហ៊ុន សែន សុទ្ធតែយ៉ាប់... ជាប្រទេសដែលរាស្ត្រវេទនា ពុករលួយ អំណាចផ្ដាច់ការដូចខ្លួនដែរ...»។ អ្នកប្រើប្រាស់ហ្វេសប៊ុក ម្នាក់ទៀត បានចូលមកបញ្ចេញមតិបន្តថា៖ «ឱលោកឪបណ្ឌិត! មុនជួយដោះស្រាយបញ្ហានយោបាយប្រទេសគេ គួរឆ្លុះកញ្ចក់មើលមុខខ្លួនឯងសិន អំពីស្ថានការណ៍នយោបាយក្នុងប្រទេសរបស់ខ្លួនសព្វថ្ងៃ។ តើវាយ៉ាងម៉េចហើយ? គួរទាញស្ថានការណ៍ប្រទេសខ្លួនមកធម្មតាវិញ នុះទើបប្រពៃជាងដើម្បីចៀសវាងការថ្កោលទោស និងសម្ពាធផ្សេងៗពីសំណាក់ពលរដ្ឋ និងអន្តរជាតិ»។
បន្ថែមពីលើនេះ កាសែតភ្នំពេញ ប៉ុស្តិ៍ បានស្រង់ប្រសាសន៍លោក ម៉ៃហ្គួល ឆែនកូ (Miguel Chanco) អ្នកវិភាគជាន់ខ្ពស់អំពីអាស៊ាន នៃអង្គភាពស្រាវជ្រាវ និងវិភាគព័ត៌មាន The Economist Intelligence Unit នៃទស្សនាវដ្ដី The Economist ថា កម្ពុជាពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគាំទ្រប្រទេសបង់ក្លាដេស ចំពោះករណីវិបត្តិជនភៀសខ្លួនរ៉ូហ៊ីនយ៉ា នេះឡើយ។
អ្នកវិភាគបរទេសរូបនេះបានផ្ដល់អំណះអំណាងថា កម្ពុជាខ្លួនឯងបានអនុវត្តដោយខ្ជីខ្ជាចំពោះកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនជាមួយអូស្ត្រាលី កាលពីឆ្នាំ២០១៤ ជាថ្នូរនឹងទឹកប្រាក់ជំនួយជាង ៤០លានដុល្លារអាមេរិកពីប្រទេសអូស្ត្រាលី។ លើសពីនេះទៀត កម្ពុជា ក៏ធ្លាប់មានប្រវត្តិអាក្រក់ក្នុងការដោះស្រាយបញ្ហាជនជាតិដើមភាគតិចម៉ុងតាញ៉ា ពីប្រទេសវៀតណាម ដែលស្វែងរកសិទ្ធិជ្រកកោននៅកម្ពុជា ដោយក្នុងករណីនេះ អាជ្ញាធរកម្ពុជាបានធ្វើការចាប់បញ្ជូនដោយបង្ខំ ក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ាទាំងនេះទៅកាន់ប្រទេសវៀតណាមវិញ។ ប្រទេសកម្ពុជា បានទទួលរងនូវការរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិថា មិនបានអនុវត្តស្របតាមអនុសញ្ញាស្ដីពីជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិឡើយ។
ការព្យាយាមលើកយកបញ្ហាវិបត្តិផ្ទៃក្នុងរ៉ូហ៊ីនយ៉ា មកពិភាក្សាពេលនេះ ត្រូវគេមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន ព្យាយាមប្រើប្រាស់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបង់ក្លាដេស និងបញ្ហាវិបត្តិរ៉ូហ៊ីនយ៉ានេះ ធ្វើជាប្រធានបទនយោបាយដើម្បីបង្វែរចំណាប់អារម្មណ៍របស់អន្តរជាតិមកលើវិបត្តិនយោបាយ និងប្រជាធិបតេយ្យនៅកម្ពុជា បច្ចុប្បន្ន ដែលកំពុងតែអូសបន្លាយ និងធ្លាក់ចុះដុនដាបកាន់តែធ្ងន់ធ្ងរនេះ ដើម្បីបញ្ចៀសកម្ពុជា ពីការដាក់ទណ្ឌកម្មណាមួយពីសំណាក់សហគមន៍អន្តរជាតិ៕