
របាយការណ៍របស់ធនាគារពិភពលោកទើបនឹងចេញផ្សាយ ណែនាំឲ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ីបូព៌ា ចាំបាច់ត្រូវដាក់ចេញនូវគោលនយោបាយថ្មី ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាពសម្រាប់ទាំងអស់គ្នា។
របាយការណ៍ដែលមានចំណងជើងថា «ផលចំណេញពីភាពចម្រុងចម្រើនបច្ចុប្បន្ន៖ អព្ភូតហេតុតំបន់អាស៊ីបូព៌ាសម្រាប់សតវត្សទី២១» ចេញផ្សាយថ្ងៃទី៤ ខែធ្នូ លើកឡើងថា ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចិរភាពសម្រាប់ទាំងអស់គ្នា បណ្ដាប្រទេសទាំងឡាយក្នុងតំបន់អាស៊ីបូព៌ា ចាំបាច់ត្រូវប្រឹងប្រែងធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួន លូតលាស់ហួសពីគំរូ «កំណើនសេដ្ឋកិច្ចប្រកបដោយសមភាព»។
របាយការណ៍ពន្យល់ថា កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាពសម្រាប់ទាំងអស់គ្នា មានន័យថា ជាសេដ្ឋកិច្ចមួយដែលមិនត្រឹមតែកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវឱកាសសម្រាប់បំឡាស់ទីសេដ្ឋកិច្ចទៅរកភាពប្រសើរឡើងមួយកម្រិតទៀត និងសន្តិសុខផ្នែកសេដ្ឋកិច្ចសម្រាប់មនុស្សទាំងអស់គ្នា។ របាយការណ៍នេះគូសបញ្ជាក់ថា បញ្ហាវិសមភាពផ្នែកសេដ្ឋកិច្ច គឺជាកង្វល់ចម្បងមួយក្នុងចំណោមបណ្ឌាពលរដ្ឋនៅទូទាំងតំបន់អាស៊ីបូព៌ា។
អ្នកស្រី វិចតូរីយ៉ា ក្វាក្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ថ្លែងថា ការណ៍ដែលប្រជាជនជិតមួយពាន់លាននាក់ ក្នុងតំបន់អាស៊ីបូព៌ា បានចាកផុតពីភាពក្រីក្រតោកយ៉ាក ក្នុងរយៈពេលមួយជំនាន់មនុស្ស គឺជាសមិទ្ធផលប្រវត្តិសាស្ត្រមួយ។ អ្នកស្រីបន្តថា ក៏ប៉ុន្តែ ដើម្បីធានាថា បណ្ដាប្រទេសក្នុងតំបន់អាស៊ីបូព៌ា រក្សាបាននូវកំណើនសម្រាប់ទាំងអស់គ្នាប្រកបដោយចិរភាព ប្រទេសទាំងនេះ ចាំបាច់ត្រូវលៃលកដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដោយត្រូវលុបបំបាត់ចោលទាំងស្រុងនូវភាពក្រីក្រតោកយ៉ាក កែលម្អទស្សនៈវិស័យសម្រាប់បំឡាស់ទីសេដ្ឋកិច្ចទៅរកភាពប្រសើរឡើង និងធានាឲ្យបាននូវសន្តិសុខសេដ្ឋកិច្ចសម្រាប់ទាំងអស់គ្នា។
ដើម្បីសម្រេចបាននូវគោលដៅនេះ របាយការណ៍ធនាគារពិភពលោកដដែលនេះ ដាក់ចេញនូវអនុសាសន៍សម្រាប់កែលម្អសសរស្ដម្ភចំនួនបីធំៗ។ សសរស្ដម្ភទីមួយ ការជំរុញឲ្យមានបំឡាស់ទីផ្នែកសេដ្ឋកិច្ចទៅរកភាពកាន់តែប្រសើរឡើង ទាមទារឲ្យមាននូវការផ្សារភ្ជាប់គម្លាត ក្នុងការទទួលការងារ និងសេវាកម្ម ការបង្កើនគុណភាពការងារ និងការលើកកម្ពស់ហិរញ្ញវត្ថុសម្រាប់ទាំងអស់គ្នា។ សសរស្ដម្ភទីពីរ ការផ្ដល់នូវសន្តិសុខផ្នែកសេដ្ឋកិច្ចឲ្យបានច្រើនជាងមុន តម្រូវឲ្យមាននូវការពង្រឹងប្រព័ន្ធជំនួយផ្នែកសង្គម ការពង្រីកការធានារ៉ាប់រងផ្នែកសង្គម និងការបង្កើនភាពរឹងមាំទប់នឹងវិបត្តិនានា។ សសរស្ដម្ភទីបី ការពង្រឹងស្ថាប័ន តម្រូវឲ្យមានការធ្វើឲ្យប្រសើរនៃគោលនយោបាយពន្ធ ដើម្បីពង្រីកធនធាន និងការលើកកម្ពស់ប្រសិទ្ធភាពកម្មវិធីចំណាយសម្រាប់ទាំងអស់គ្នា៕