Clik here to view.

សកម្មជនការពារព្រៃឡង់ខែត្រក្រចេះ អះអាងថា អាជ្ញាធរមូលដ្ឋានមិនសូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយការពារព្រៃឈើនោះទេ បែរជាប្រើអំណាចគណបក្សប្រជាជនកម្ពុជា ដាក់សម្ពាធមកលើឆ្មាំឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងសហគមន៍ព្រៃឡង់ មិនឲ្យបង្ក្រាបបទល្មើសព្រៃឈើមួយចំនួន។ ចំណែកមេឃុំកំពង់ចាមបដិសេធថា ការអះអាងនេះ ជារឿងមិនពិត។
សហគមន៍ការពារព្រៃឡង់ រស់នៅឃុំបឹងចារ ស្រុកសំបូរ និងមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន បានក្លាយជាឆ្អឹងទទឹងក របស់មេឃុំមកពីបក្សកាន់អំណាច ស្របពេលដែលមន្ត្រីបរិស្ថានតែងបង្ក្រាបបទល្មើស តែត្រូវមេឃុំរារាំង និងគំរាមដកតំណែងមន្ត្រីបរិស្ថានមួយចំនួនតាមរយៈអំណាចគណបក្សប្រជាជនកម្ពុជា។ ពួកគេអះអាងថា អាជ្ញាធរឃុំមកពីបក្សប្រជាជនកម្ពុជា តែងចេញមុខសម្របសម្រួលការពារពលរដ្ឋដឹកជញ្ជូនឈើខុសច្បាប់។
សកម្មជនការពារព្រៃឡង់ ខែត្រក្រចេះ ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ពលរដ្ឋនៅមូលដ្ឋានមួយចំនួនបានចាប់យករបរដឹកឈើ និងកាប់ឈើលក់ ជាអាជីពចិញ្ចឹមជីវិតដោយនាំគ្នាចូលព្រៃអារឈើជាក្រុមៗ ក្នុងមួយក្រុមមានគ្នា ៣នាក់ដល់ ៥នាក់ ចូលព្រៃអារឈើប្រដាប់ដោយម៉ាស៊ីនអារឈើ និងដឹកជញ្ជូនធ្វើអាជីវកម្ម តែត្រូវបានមន្ត្រីបរិស្ថានឃាត់ បែរជាមេឃុំមកពីបក្សកាន់អំណាចសម្របសម្រួលដោះលែងបទល្មើស។ លោកបារម្ភថា បច្ចុប្បន្នការអនុវត្តច្បាប់ព្រៃឈើរបស់មន្ត្រីជំនាញ គឺរងសម្ពាធពីបក្សកាន់អំណាច ត្បិតកន្លងទៅមន្ត្រីបរិស្ថានមួយចំនួន ដែលសកម្មការពារព្រៃឈើត្រូវបានដកតំណែង និងតួនាទីដោយអំណាចគណបក្សប្រជាជនកម្ពុជា៖ «បានអនុក្រឹត្យមក ឲ្យក្រសួងបរិស្ថានគ្រប់គ្រងតំបន់ព្រៃការពារ និងតំបន់ព្រៃឡង់ ប៉ុន្តែបែរជាគេធ្វើអនុវត្តច្បាប់ ទៅជាអាជ្ញាធរកាន់ជើងប្រជាពលរដ្ឋ ខ្លាចខូចបក្ស ខ្លាចខូចនយោបាយ។ មួយៗថា តាំងពីបង្កើតបរិស្ថានមក រកស៊ីអីមិនបានអ៊ីចឹង ប្ដឹងអាជ្ញាធរហើយអាជ្ញាធរប្ដឹងទៅបក្ស ហើយគណបក្ស (បក្សប្រជាជនកម្ពុជា) ចាប់ផ្ដើមប្រកាសដកគ្នាទៅ។ ខ្ញុំថា បើគិតរឿងបក្សទេ អនាគតទៅមុខព្រៃឈើនឹងអស់ហិនហោចហើយ»។
កាលពីខែតុលា ឆ្នាំ២០១៧ សកម្មជនព្រៃឡង់ម្នាក់ បានមកសុំកិច្ចអន្តរាគមន៍ផ្នែកច្បាប់ទាក់ទិនអាជ្ញាធរឃុំមកពីបក្សកាន់អំណាច គំរាមចាប់ដាក់គុក រឿងបង្ហោះបទល្មើសព្រៃឈើក្នុងបណ្ដាញសង្គមហ្វេសបុក (Facebook)។ សហគមន៍ថា មេឃុំរូបនោះបានពន្យល់ផ្នែកច្បាប់ទៅសហគមន៍ថា ពលរដ្ឋគ្មានសិទ្ធិការពារព្រៃឈើនោះទេ ហើយកាតព្វកិច្ចបង្ក្រាបបទល្មើសព្រៃឈើជាតួនាទីរបស់មន្ត្រីជំនាញរបស់រដ្ឋាភិបាល។
មន្ត្រីឧទ្យានុរក្សខែត្រក្រចេះថ្លែងសុំមិនបញ្ចេញឈ្មោះ និងសំឡេង ឲ្យដឹងថា អំណាចអាជ្ញាធរឃុំមកពីបក្សកាន់អំណាច បានដាក់សម្ពាធលើប្រធានមន្ទីរបរិស្ថាន មិនឲ្យអនុវត្តច្បាប់ព្រៃឈើតឹងរ៉ឹង បង្កឲ្យបទល្មើសនៅតែកើតមានឡើង។ លោកកត់សម្គាល់ថា សហគមន៍មូលដ្ឋានខ្លះ ជាអ្នករកស៊ីឈើខុសច្បាប់ចិញ្ចឹមជីវិតតែងលួចកាប់ឈើនៅពេលយប់ និងដឹកជញ្ជូន ដោយមានអាជ្ញាធរមូលដ្ឋានកាង និងសម្របសម្រួល បង្កការលំបាកដល់ការអនុវត្តច្បាប់របស់ឆ្មាំអភិរក្ស។ លោកអំពាវនាវឲ្យរដ្ឋាភិបាលផ្ដល់សិទ្ធិអំណាចដល់ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានពេញលេញ ដើម្បីរួមគ្នាលប់បំបាត់បទល្មើសព្រៃឈើ។
ឆ្លើយតបការចោទប្រកាន់នេះមេឃុំកំពង់ចាម មកពីបក្សកាន់អំណាច លោក ឈិត លៀង ថ្លែងថា ក្នុងនាមជាអាជ្ញាធរមកពីបក្សប្រជាជន មានតួនាទីការពារនយោបាយបក្ស ដើម្បីបម្រើផលប្រយោជន៍បក្ស និងពលរដ្ឋ ក៏ប៉ុន្តែទាក់ទងការអនុវត្តច្បាប់ព្រៃឈើ ជាកាតព្វកិច្ចរបស់មន្ត្រីជំនាញអនុវត្តច្បាប់ដែលអាជ្ញាធរឃុំមិនបានលូកដៃនោះទេ។ លោកបដិសេធថា អាជ្ញាធរមិនបានយកតួនាទី ដាក់សម្ពាធលើមន្ត្រីបរិស្ថានដូចការលើកឡើងរបស់សហគមន៍នោះទេ៖ «ខ្ញុំទៅឈឺឆ្អាលអីរឿងព្រៃឡង់ ឃើញពួកព្រៃឡង់ចេញចូល ល្បាតព្រៃស្ទើររាល់អាទិត្យតើ ខ្ញុំមិនដែរហាមថាមិនឲ្យចូល»។
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក (ADHOC) លោក សឹង សែនករុណា យល់ថា រដ្ឋាភិបាលគួរប្រញាប់ដោះស្រាយរឿងនេះជាបន្ទាន់ ចៀសវាងបញ្ហានេះរីកធំឡើងនាំឲ្យប៉ះពាល់ដល់ស្មារតីអ្នកអភិរក្សព្រៃឈើរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍។ លោកយល់ថា ប្រសិនបើអាជ្ញាធរយកតួនាទីជាអាជ្ញាធរកាងបទល្មើស និងពាក់ព័ន្ធបទល្មើសព្រៃឈើ គឺជាការរួមចំណែកបំផ្លាញព្រៃឈើ ផ្ទុយពីក្របខណ្ឌច្បាប់ និងបំពានបទបញ្ជាប្រមុខរដ្ឋាភិបាល៖ «ផ្លូវច្បាប់អាជ្ញាធរផ្សំគំនិត ជាមួយជនប្រព្រឹត្តមានន័យថាទោស ស្មើនឹងជនប្រព្រឹត្ត អ៊ីចឹងអាជ្ញាធររូបហ្នឹងមិនមែនមានតួនាទី ទៅប្រព្រឹត្តបទល្មើសបែបនេះស្មើនឹងខ្លួនប្រព្រឹត្តបទល្មើសដែរ។ ដូច្នេះអាជ្ញាធររូបនេះត្រូវតែមានការដាក់ពិន័យ និងដាក់ទោសទៅតាមផ្លូវច្បាប់»។
សហគមន៍ព្រៃឡង់មួយចំនួនអះអាងថា បទល្មើសដឹកជញ្ជូនឈើតាមម៉ូតូ គោយន្ត តាមទូក និងរថយន្តធំៗចេញពីតំបន់ព្រៃឡង់នៅតែកើតមាន។ ពួកគេបារម្ភថា ឈើមូលក្នុងតំបន់ព្រៃឡង់ និងដើមឈើផលិតជ័រទឹក នឹងរលាយទាំងស្រុងនៅពេលខ្លីខាងមុខ បើរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់ឲ្យទាន់ពេល៕