Clik here to view.

សហព័ន្ធខ្មែរកម្ពុជាក្រោមគ្រោងរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២២ នៅសប្ដាហ៍ទី២ ខែធ្នូ នៅទីក្រុងអូឡែនដូ (Orlando) រដ្ឋហ្លរីដា (Florida) សហរដ្ឋអាមេរិក។ សន្និបាតនេះ នឹងបូកសរុបសមិទ្ធផលប្រចាំឆ្នាំ ព្រមទាំងរៀបចំគម្រោងផែនការសម្រាប់ដើមឆ្នាំ២០១៨។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ បានឱ្យអាស៊ីសេរី ដឹងថា មហាសន្និបាតប្រចាំឆ្នាំនេះ សហព័ន្ធនឹងបូកសរុបសមិទ្ធផលដែលបានធ្វើឡើងក្នុងរយៈពេលកន្លងទៅនេះ។ ទន្ទឹមគ្នានេះដែរ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរ ឬខ្មែរកម្ពុជាក្រោមទាំងអស់ដែលរស់នៅសហរដ្ឋអាមេរិក ឬនៅបណ្ដាប្រទេសផ្សេងៗទៀត ឱ្យចូលរួមមហាសន្និបាតលើកទី២២ ឱ្យបានច្រើនកុះករ។ លោកបន្តថា សម្រាប់ឆ្នាំ២០១៧នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានទទួលសមិទ្ធផលជាច្រើន។
លោក ប្រាក់ សេរីវុឌ្ឍ ឱ្យដឹងថា ចាប់តាំងពីខែមករា សហព័ន្ធបានបញ្ជូនគណៈប្រតិភូទៅប្រជុំមហាសន្និបាតរបស់អង្គការ យូ.អិន.ភី.អូ (UNPO) នៅប្រទេសប៊ែលហ្សិក (Belgium)។ អង្គការ យូ.អិន.ភី.អូ ជាអង្គការតំណាងឱ្យជនជាតិដើមដែលមានសញ្ជាតិតែបាត់បង់ទឹកដី។ លោក ប្រាក់ សេរីវុឌ្ឍ ថា មូលហេតុដែលសហព័ន្ធបញ្ជូនគណៈប្រតិភូទៅប្រជុំ ដោយសារតែសហព័ន្ធជាសមាជិកនៃគណៈកម្មការនាយកនៅក្នុងអង្គការនេះ ហើយលោកក៏បានស្នើឱ្យអង្គការ យូ.អិន.ភី.អូ ដាក់សម្ពាធទៅដល់រដ្ឋាភិបាលវៀតណាម ដែរ។
ទន្ទឹមនឹងគ្នានោះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានពាំនាំទុក្ខកង្វល់ខ្មែរកម្ពុជាក្រោមទៅជម្រាបជូនរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសអូស្ត្រាលី (Austria) ដើម្បីឱ្យរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី ដាក់សម្ពាធទៅដល់រដ្ឋាភិបាលវៀតណាម ឱ្យគោរពសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម និងឈប់ធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម។ លោក ប្រាក់ សេរីវុឌ្ឍ បានបញ្ជាក់ថា លោកបានស្នើទៅសហរដ្ឋអាមេរិក មុនលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ទៅប្រទេសវៀតណាម កាលពីដើមខែវិច្ឆិកា៖ «»។
សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានជម្រាបជូនសមាជិកព្រឹទ្ធសភាប្រទេសបារាំង និងសភាអឺរ៉ុប អំពីទុក្ខវេទនាខ្មែរក្រោមផងដែរ។ សមាជិកសភាអឺរ៉ុបមានចំនួន ៧៥១រូប មកពី ២៨ប្រទេសក្នុងពិភពលោក។ លោក ប្រាក់ សេរីវុឌ្ឍ ថា សភាអឺរ៉ុប នឹងយកបញ្ហាទុក្ខវេទនារបស់ខ្មែរកម្ពុជាក្រោមទៅជជែកជាមួយរដ្ឋាភិបាលវៀតណាម នៅដើមខែឧសភា ឆ្នាំ២០១៨ ខាងមុខ។
ទន្ទឹមនឹងការកៀរគរឱ្យបណ្តាសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើរដ្ឋាភិបាលវៀតណាម សហព័ន្ធខ្មែរកម្ពុជាក្រោមក៏មិនភ្លេចប្រារព្ធទិវានៃបាត់បង់ទឹកដីខ្មែរក្រោមដែរ។ សហព័ន្ធខ្មែរកម្ពុជាក្រោមក៏បានប្រារព្ធខួបឆ្នាំទី៦៨ នៅប្រទេសបារាំង កាលពីខែដើមខែមិថុនា និងប្រទេសអ៊ីតាលី ពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ៖ «»។
សហព័ន្ធខ្មែរកម្ពុជាក្រោមគ្រោងនឹងប្រារព្ធខួបឆ្នាំទី៦៩ នៅឆ្នាំ២០១៩ នៅប្រទេសបារាំងដដែល ដើម្បីឱ្យរដ្ឋាភិបាលបារាំង ជួយពលរដ្ឋខ្មែរក្រោមនៅប្រទេសវៀតណាម៖ «»។
ទាក់ទងនឹងផែនការសម្រាប់ឆ្នាំ២០១៨ ខាងមុខ លោក ប្រាក់ សេរីវុឌ្ឍ ថា សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងពង្រឹងទំនាក់ទំនងជាមួយប្រទេសកាណាដា និងប្រទេសជប៉ុន។ លោកបន្តថា ប្រទេសជប៉ុន ជាវិនិយោគធំមួយនៅប្រទេសវៀតណាម ដែលអាចមានឥទ្ធិដាក់សម្ពាធដល់រដ្ឋាភិបាលវៀតណាម៖ «»។
លោកឱ្យដឹងទៀតថា សហព័ន្ធគ្រោងបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយដើម្បីឱ្យក្លាយជាទំពាំងស្នងឫស្សីនៅពេលខាងមុខ៕