
តំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ជាង ១០នាក់ នៅថ្ងៃច័ន្ទ ទី២៧ ខែវិច្ឆិកា បានចេញសេចក្ដីថ្លែងការណ៍រួមមួយសម្ដែងការសោកស្ដាយ និងខកចិត្តចំពោះសេតវិមានសហរដ្ឋអាមេរិក ដែលបានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ប្រកាសថា នឹងមិនទទួលស្គាល់ការបោះឆ្នោតឆ្នាំក្រោយ ប្រសិនបើរដ្ឋាភិបាលក្រុងភ្នំពេញ មិនធ្វើឲ្យស្ថានភាពវិលមករកភាពប្រក្រតីនោះ។
ក្រុមតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់ជំហររបស់ខ្លួនថា ការរំលាយគណបក្សសង្គ្រោះជាតិ កន្លងមក គឺធ្វើឡើងទៅតាមច្បាប់ត្រឹមត្រូវ ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ក្រោយពីគណបក្សប្រឆាំងមួយនេះបានឃុបឃិត និងទទួលការបង្គាប់បញ្ជាពីបរទេសក្នុងបំណងផ្តួលរំលំរដ្ឋាភិបាល និងរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។
ច្បាប់ដែលក្រុមតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា លើកឡើងនេះ គឺជាច្បាប់ដែលលោក ហ៊ុន សែន និងបក្ខពួករបស់លោក ហ៊ុន សែន បង្កើតឡើងដើម្បីដាក់ទោសទណ្ឌបុគ្គល ឬគណបក្សនយោបាយដែលមានប្រជាប្រិយភាពជាងលោក ហ៊ុន សែន និងបក្ខពួករបស់លោក។
ក្រុមតំណាងរាស្ត្ររបស់គណបក្សកាន់អំណាចទាំងនេះ ក៏បានអះអាងផងដែរថា ការចាប់ខ្លួនលោក កឹម សុខា កន្លងមក គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់អំពីគម្រោងធ្វើបដិវត្តន៍ពណ៌ដែលមានការជួយជ្រោមជ្រែងដោយរដ្ឋាភិបាលបរទេសនៅពីក្រោយ។ ចំណែកការហាមប្រាមក្រុមមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ចំនួន ១១៨នាក់ មិនអោយធ្វើនយោបាយនោះគឺដោយពួកគេជាអ្នកចូលរួមរៀបចំ និងអនុវត្តផែនការបដិវត្តន៍ពណ៌។
អាស៊ីសេរី នៅមិនទាន់អាចសុំប្រតិកម្មពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានទេ ជុំវិញសេចក្ដីថ្លែងការណ៍របស់តំណាងរាស្ត្របក្សកាន់អំណាចទាំងនេះ។
សេតវិមានរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានចាត់ទុកការរំលាយគណបក្សប្រឆាំងនៅកម្ពុជា ថាធ្វើឡើងតាមរយៈការចោទប្រកាន់ដ៏គ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយដែលថា គណបក្សនេះបានចូលរួមសមគំនិតក្នុងការផ្ដួលរំលំរដ្ឋាភិបាល។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា គឺជាការបង្ហាញភស្តុតាងបន្ថែមទៀតទៅកាន់ពិភពលោកថា រដ្ឋាភិបាលមួយនេះកំពុងរឹតត្បិតសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល គាបសង្កត់សេរីភាពសារព័ត៌មាន និងការហាមមិនឲ្យសមាជិកគណបក្សប្រឆាំងជាង ១០០នាក់ធ្វើនយោបាយរយៈពេលប្រាំឆ្នាំ។ វិធានការទាំងនេះបាននាំដំណើរការវិវឌ្ឍន៍នៃលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ ហើយអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជួបហានិភ័យ។
សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក ព្រមានថា សហរដ្ឋអាមេរិកនឹងចាត់វិធានការជាក់លាក់ឆ្លើយតបទៅដល់ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដែលបានរំលាយគណបក្សសង្គ្រោះជាតិ។ វិធានការទីមួយរបស់សហរដ្ឋអាមេរិក គឺបញ្ចប់ការគាំទ្រខាងផ្នែកកិច្ចការរដ្ឋាភិបាលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។ វិធានការទីពីរ គឺសហរដ្ឋអាមេរិក នឹងមិនទទួលស្គាល់ជាដាច់ខាតនូវការបោះឆ្នោតជាតិឆ្នាំក្រោយនេះ៕