Quantcast
Viewing all articles
Browse latest Browse all 11174

"មន្ត្រី​បក្ស​ប្រឆាំង​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​ដោយ​មាន​ការ​​សន្យា​ផ្ដល់​តំណែង​អភិបាល​រង​ខែត្រ"

Image may be NSFW.
Clik here to view.

អតីត​ប្រធាន​ស្ដីទី​គណបក្ស​បក្ស​សង្គ្រោះ​ជាតិ នៅ​ខែត្រ​ស្ទឹងត្រែង មួយ​រូប ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ដោយ​ទទួល​បាន​តួនាទី​ជា​អភិបាល​រង​ខែត្រ និង​អត្ថប្រយោជន៍​មួយ​ចំនួន​ទៀត។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ការ​សម្រេច​ចុះចូល​នេះ គឺ​ដោយ​មាន​ការ​ចែចូវ​ដោយ​អាជ្ញាធរ​មួយ​ចំនួន​មក​ពី​បក្ស​ប្រជាជន​កម្ពុជា។

​គិត​ត្រឹម​ថ្ងៃ​ទី​២៥ វិច្ឆិកា អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ចំនួន ៨​នាក់​ហើយ​នៅ​ខែត្រ​ស្ទឹងត្រែង ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​នៅ​គ្រា​ដែល​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​រំលាយ​កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទូង​ស្គរ​ម្ដង​ហើយ​ម្ដង​ទៀត ប្រកាស​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ/​សង្កាត់​មកពី​បក្ស​ជំទាស់​ទាំង​អស់ ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​ដោយ​សន្យា​រក្សា​តំណែង និង​ប្រាក់ខែ​ដដែល។

​អតីត​អនុ​ប្រធាន​ក្រុម​ការងារ​បក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្ទឹងត្រែង លោក សុខ វាសនា ឲ្យ​ដឹង​ថា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែត្រ​ស្ទឹងត្រែង លោក សាធ ស៊ិន បាន​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​ដោយ​មាន​ការ​ចែចូវ​ច្រើន​សា​ពី​អាជ្ញាធរ​មក​ពី​បក្ស​ប្រជាជន​កម្ពុជា ដោយ​សន្យា​ផ្ដល់​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ខែត្រ ឬ​អភិបាល​រង​ខែត្រ។ លោក​ថា គ្រប់​ឃុំ​/​សង្កាត់​ទាំងអស់​នៅ​ខែត្រ​ស្ទឹងត្រែង ត្រូវ​អាជ្ញាធរ​បក្ស​កាន់​អំណាច​ចែចូវ​ដោយ​សន្យា​រក្សា​ប្រាក់​ខែ និង​តួនាទី។ លើស​ពី​នេះ អាជ្ញាធរ​មក​ពី​បក្ស​ប្រជាជន​កម្ពុជា ធ្លាប់​មក​ចែចូវ​លោក​ដែរ ដោយ​សន្យា​ផ្ដល់​តួនាទី​ជា​អនុ​ប្រធាន​មន្ទីរ និង​ប្រធាន​ការិយាល័យ ក៏ប៉ុន្តែ​លោក​បដិសេធ។

លោក​សង្កត់ធ្ងន់​ថា អតីតមន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដោយសារ​លាភ​សក្ការៈ ពុំ​មែន​ដោយសារ​ការ​គំរាមកំហែង​នោះ​ទេ ៖ «តាម​ខ្ញុំ​បាន​ដឹង គឺ​គេ​នឹង​ផ្តល់​តួនាទី​ឲ្យ​គាត់​ដដែល គឺ​ជា​សមាជិក​ក្រុមប្រឹក្សា​ខែត្រ។ បើ​សិន​ចង់​ធ្វើ​ជា​អភិបាលរង​ខែត្រ​ក៏​បាន និង​មាន​លាភសក្ការៈ​ផ្សេង​ទៀត ដូចជា​ថវិកា និង​មធ្យោបាយ​ធ្វើ​ដំណើរ ដូចជា​រថយន្ត​ជាដើម»

​លោក សុខ វាសនា រំឭក​ថា កាល​ពី​ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​ដក​លោក​ចេញ​ពី​មន្ត្រី​ក្របខ័ណ្ឌ​រដ្ឋ​ទាំង​បំពាន​ច្បាប់ ខណៈ​លោក​មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខែត្រ​ស្ទឹងត្រែង។ លោក​ថា មូល​ហេតុ​ដែល​រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ​លោក ដោយសារតែ​លោក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បើក​ចំហ។ លោក​ចាត់​ទុក​ទង្វើ​នេះ​ជា​ការ​រើសអើង​និន្នាការ​នយោបាយ៖ «ហេតុផល​ដែល​គេ​ដក​ខ្ញុំ គឺ​ហេតុផល​តែមួយ​គត់​គឺ​ដោយសារ​រឿង​នយោបាយ។ ពេល​នោះ​គឺ​ខ្ញុំ ធ្វើ​ការ​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ ជា​មនុស្ស​មាន​ប្រជាប្រិយ​ម្នាក់ អ៊ីចឹង​ហើយ​គេ​ចាត់​ទុក​ខ្ញុំ​អ្នក​ផ្សេង និង​តម្រូវ​បំពាន​ខ្ញុំ»

​កាលពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ប្រធាន​ស្តីទី​បក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខែត្រ​ស្ទឹងត្រែង មក​ពី​គណបក្ស សម រង្ស៊ី បាន​សរសេរ​លិខិត​ស្នើសុំ​ប្រធាន​គណៈកម្មការ​គណបក្ស​ប្រជាជន​កម្ពុជា ខែត្រ​ស្ទឹងត្រែង ក្នុង​បំណង​ចូលរួម​ជីវភាព​នយោបាយ ដោយ​យល់​ឃើញ​ថា បក្ស​ប្រជាជន​កម្ពុជា មាន​គុណ​ចំពោះ​មាតុភូមិ។

​ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ពេល​ពីរ​ថ្ងៃ​ទៀត ពោល​គឺ​ត្រឹម​ថ្ងៃ​ទី​២៦ វិច្ឆិកា ដើម្បី​បើក​ឱកាស​ឲ្យ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច។ ក៏ប៉ុន្តែ​ពលរដ្ឋ​មាន​មន្ទិល​ថា លោក ហ៊ុន សែន បាន​ចោទ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ថា​ជា​ជន​ក្បត់ជាតិ និង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ថែម​ទៀត  ចុះ​ហេតុ​អ្វី​បាន​ចង់​បាន​កូនចៅ​អ្នក​ក្បត់​ជាតិ​ទៅ​វិញ?

​អតីត​មេឃុំ​ស្រែគរ ដែល​ជាប់ឆ្នោត​ជា​មេ​ឃុំ​២​អាណត្តិ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្ទឹងត្រែង ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ពុំ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ដើម្បី​ឲ្យ​លោក​ផ្លាស់ប្ដូរ​ឥរិយាបថ​នោះ​ទេ ហើយ​តំណែង​របស់​លោក​គឺ​ពលរដ្ឋ​ជា​ជ្រើសរើស​ដោយ​អំណាច​សន្លឹក​ឆ្នោត ក៏ប៉ុន្តែ​បែរ​ជា​គេ​ប្លន់​តំណែង​របស់​លោក នាំ​ឲ្យ​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត។

លោក​ថា ពលរដ្ឋ​អន់ចិត្ត​ចំពោះ​ការផ្លាស់ប្ដូរ​តំណែង​របស់​លោក ហើយ​ពួកគាត់​បារម្ភ​ថា ការ​ដាក់​មេ​ឃុំ​ថ្មី​ដែល​ពលរដ្ឋ​មិន​បាន​បោះឆ្នោត​ឲ្យ​នឹង​ប៉ះពាល់​ការ​ផ្ដល់​សេវា​សាធារណៈ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន៖ «ពលរដ្ឋ​មាន​ការ​អស់​សង្ឃឹម​មែន​ទែន និង​ការ​ប្រកប​មុខ​របរ។ បញ្ហា​ប្រឈម​មួយ​ទៀត គឺ​ការ​ផ្លាស់ប្ដូរ​ភូមិ​ថ្មី និង​ភូមិ​ចាស់ មិន​ដឹង​ជា​យ៉ាង​ម៉េច។ អ៊ីចឹង​ទៅ​គាត់​មាន​ការ​សោកស្ដាយ។ គាត់​ថា​មិន​គួរ​បោះឆ្នោត​ជាង​ពាក់​កណ្តាល​នគរ ហើយ​រំលាយ ហើយ​គាត់​មានការ​សោកស្ដាយ»

​ទោះ​យ៉ាង​ណា មន្ត្រី​អង្កេត​ជាន់​ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ប្រសិនបើ​ការ​អូសទាញ​លក្ខណៈ​ទិញ​ទឹកចិត្ត​តាម​រយៈ​ផ្ដល់​តំណែង និង​តួនាទី គឺ​ជា​ការ​ប្រកួតប្រជែង​ផ្នែក​នយោបាយ​មិន​ស្មោះត្រង់ និង​មិន​ត្រឹមត្រូវ។ លោក​ថា ការ​បោះឆ្នោត​គឺជា​ការ​ជ្រើសរើស​ដោយ​ពលរដ្ឋ ក៏ប៉ុន្តែ​ការ​ឡើង​កាន់​អំណាច​ណាមួយ​ដែល​ពលរដ្ឋ​មិន​បាន​បោះ​ឲ្យ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​តាមច្បាប់​នោះ​ទេ៖ «គេ​ហៅ​បញ្ចុះបញ្ចូល ក៏ប៉ុន្តែ​បើ​យើង​មើល​ពី​ផ្លូវ​ធម្មតា​វិញ​គេ​ថា ពិសពុល ដែល​ការ​សន្យា​មួយ​ដែល​ឲ្យ​ជា​ថ្នូរ​អ៊ីចឹង គឺ​កិច្ចការ​នយោបាយ​មួយ​ដែល​មិន​ត្រឹមត្រូវ និង​មិន​ស្មោះត្រង់»

​កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការ​ទទួល​យក​មន្ត្រី​បក្ស​ប្រឆាំង​នៅ​គ្រប់​ឃុំ-​សង្កាត់​ទាំង​អស់​នេះ ជា​ការ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ ដែល​លោក​ធ្លាប់​ធ្វើ​ជាមួយ​ខ្មែរ​ក្រហម ប៉ុន្តែ​អ្នក​វិភាគ​ថា រឿង​ញុះញង់​ឲ្យ​មេ​ឃុំ/​ចៅសង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ រត់​ទៅ​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា និង​រឿង​ខ្មែរក្រហម​មិន​ដូច​គ្នា​ទេ។ រឿង​ខ្មែរ​ក្រហម​គេ​មើល​ឃើញ​ថា ជា​រឿង​ផ្សះផ្សា​ជាតិ ប៉ុន្តែ​រឿង​ញុះញង់​ឲ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចាក​ចេញ​ពី​បក្ស​ភ្ជាប់​ជាមួយ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ជា​រឿង​បំបែកបំបាក់​ឯកភាព​ជាតិ ដែល​នាំ​ឲ្យ​ការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដួល​រលំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles