Clik here to view.

សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត គណបក្សសង្គ្រោះជាតិ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ៨នាក់ បានរត់គេចរកទីសុវត្ថិភាពរៀងៗខ្លួន បន្ទាប់ពីមានមនុស្សប្លែកមុខតាមដានពួកគាត់ដល់ផ្ទះជាបន្តបន្ទាប់។
សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត គណបក្សសង្គ្រោះជាតិ លោក ឆាំ សុភ័ណ្ឌ ឲ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ថា មូលហេតុដែលពួកគាត់រត់គេចខ្លួន ព្រោះមិនចង់ប្រឈមមុខជាមួយអាជ្ញាធរគណបក្សកាន់អំណាចក្រុងប៉ោយប៉ែត ដែលពួកគាត់មិនព្រមទៅរួមរស់ជាមួយគណបក្សកាន់អំណាចតាមការអូសទាញរបស់អាជ្ញាធរគណបក្សមួយនេះ៖ «គេទៅដល់ផ្ទះយើង ប៉ុន្តែខ្ញុំមិនដែលនៅផ្ទះទេ គឺបងប្អូនខ្ញុំគាត់ប្រាប់ខ្ញុំថា មានគេទៅដល់ផ្ទះ តែខ្ញុំមិនដឹងថាគេមកក្នុងចេតនាអ្វីនោះទេ គេគ្រាន់តែដើរក្រវែលផ្ទះយើងដល់តែមិនឃើញពួកខ្ញុំធ្វើសកម្មភាពអីគេក៏ត្រឡប់ទៅវិញ។ ខ្ញុំមិនស្គាល់អ្នកប្លែកមុខជានរណាទេ»។
លោកបន្ថែមទៀតថា មនុស្សប្លែកមុខដែលតាមពួកគាត់ភាគច្រើនស្លៀកពាក់ឯកសណ្ឋានស៊ីវិល ហើយប្ដូរគ្នាពីម្នាក់ទៅម្នាក់ជាបន្តបន្ទាប់។ រហូតមកទល់ពេលនេះ នៅតែបន្តតាមដានផ្ទះរបស់សកម្មជនគណបក្សសង្គ្រោះជាតិ សង្កាត់ប៉ោយប៉ែត មិនទាន់ឈប់នៅឡើយ។
សមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យ ដែលបានចុះចូលគណបក្សប្រជាជនកម្ពុជា មកទល់ពេលនេះមានចំនួន ១៣នាក់ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសរុបជាង ២០០នាក់។ រីឯសមាជិកក្រុមប្រឹក្សាដែលរត់គេចខ្លួនមានប្រមាណ ២០នាក់ ដោយមួយចំនួនទៅរស់នៅផ្ទះសាច់ញាតិ និងមួយចំនួនទៀតគេចខ្លួនទៅប្រទេសថៃ៕