
ជនជាតិដើមភាគតិច និងអង្គការសង្គមស៊ីវិលនៅខែត្រព្រះវិហារ អំពាវនាវឲ្យក្រសួងបរិស្ថាន លុបបំបាត់រោងសិប្បកម្មកែច្នៃឈើ និងដេប៉ូទិញឈើ ដែលពួកគេចាត់ទុកថា ជាប្រភពនៃវិនាសកម្មព្រៃឈើធ្ងន់ធ្ងរ។ អង្គការពន្លកខ្មែរ និងប្រជាសហគមន៍ព្រៃព្រះរកាបានចោទក្រុមហ៊ុន សំអឿន សុវណ្ណ ថាបានប្រមូលទិញឈើខុសច្បាប់នៅដែនជម្រកសត្វព្រៃព្រះរកាជាយូរមកហើយ ក្រោមរូបភាពប្រមូលទិញឈើ ពីដីសម្បទានសេដ្ឋកិច្ចមានលិខិតអនុញ្ញាត។
អង្គការពន្លកខ្មែរ និងសហគមន៍ការពារព្រៃឈើព្រះរកាព្រួយបារម្ភខ្លាំង ពីបទល្មើសដឹកជញ្ជូនឈើ និងការលួចកាប់ឈើធំៗក្នុងព្រៃអភិរក្សព្រះរកា យ៉ាងគគ្រឹកគ្រេង ដើម្បីយកលក់ឲ្យឈ្មួញ និងក្រុមហ៊ុនដែលទទួលសិទ្ធិប្រមូលទិញឈើ ពីដីសម្បទានសេដ្ឋកិច្ចនៅខែត្រព្រះវិហារ។ ពួកគេអះអាងថា បើទោះបីជាព្រៃព្រះរកាត្រូវក្រសួងចុះបញ្ជីទទួលស្គាល់ជាដែនជម្រកសត្វក្តី តែចលនាកាប់ឈើខុសច្បាប់នៅតែកើតមានធ្ងន់ធ្ងរនៅឡើយ។
កាលពីថ្ងៃទី២២ វិច្ឆិកា តំណាងអង្គការពន្លកខ្មែរ លោក រ៉ាយ ប៊ុនធីន បានថ្លែងនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យពិនិត្យពីភាពមិនប្រក្រតីនៃអាជីវកម្មឈើរបស់ក្រុមហ៊ុន សំអឿន សុវណ្ណ មានអាជ្ញាប័ណ្ណប្រមូលទិញឈើ ពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចលើផ្ទៃដីជាង ៤ពាន់ហិកតារ ក្នុងស្រុកឆែប និងស្រុកជ័យសែន ក៏ប៉ុន្តែក្រុមហ៊ុននេះបានទទួលទិញឈើពីតំបន់ព្រៃព្រះរកា និងព្រៃនៅតំបន់ផ្សេងទៀតច្រើនខែមកហើយ។ លោកបញ្ជាក់ថា ឈើដែលក្រុមហ៊ុនប្រមូលទិញនោះ ជាឈើដែលគេដឹកមកស្តុកទុកនៅស្រុកជ័យសែន ដើម្បីបំប្លែងជាឈើស្របច្បាប់រួចដឹកចេញក្រៅ។
មន្ត្រីអង្គការពន្លកខ្មែរ លោក រាយ ប៊ុនធីន ឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងបរិស្ថានសន្យាថា នឹងចុះពិនិត្យបញ្ហានេះ បើរកឃើញភាពមិនប្រក្រតីនៃអាជីវកម្មឈើនៅតំបន់នោះ នឹងអនុវត្តច្បាប់៖ «នៅពេលដែលមានអាជ្ញាប័ណ្ណដែលប្រមូលទិញឈើសម្បទានសង្គមកិច្ចខ្ញុំ ហើយឈើដែលប្រមូលទិញភាគច្រើនគឺជាឈើឋិតក្នុងតំបន់ការពារធម្មជាតិ ឬព្រៃព្រះរការបស់ក្រសួងបរិស្ថាន»។
ក្រុមហ៊ុន សំអឿន សុវណ្ណ ទទួលសិទ្ធិប្រមូលទិញឈើពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចលើផ្ទៃដីជាង ៤ពាន់ ហិកតារ (៤.៣៣៤.៦១) ឋិតក្នុងស្រុកឆែប និងស្រុកជ័យសែន ខែត្រព្រះវិហារ តាំងពីឆ្នាំ ២០១៥ ដែលមានមន្ត្រីរដ្ឋបាលព្រៃឈើ សហការសិក្សាពីផ្ទៃដីអាចប្រមូលផល។
បណ្ដាញសកម្មភាពដើម្បីសហគមន៍នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ និងជាបណ្ដាញការពារព្រៃព្រះរកា លោក ស៊ុត សាវ៉ន មើលឃើញថា រោងសិប្បកម្មកែច្នៃឈើ បានរីកដូចផ្សិតនៅតំបន់ជុំវិញព្រៃព្រះរកា និងនៅតំបន់ព្រៃឡង់។ រោងសិប្បកម្មកែច្នៃឈើទាំងនោះ បានប្រមូលទិញឈើពីអ្នកកាប់ឈើចេញពីព្រៃអភិរក្ស។ លោកថា រោងសិប្បកម្មកែច្នៃឈើ និងដេប៉ូទិញឈើ ជាប្រភពបំផ្លាញព្រៃឈើជាប្រព័ន្ធ ដែលគេកែច្នៃឈើស្រស់ឲ្យទៅជាគ្រឿងសង្ហារិម រួចលក់ទៅទីផ្សារក្នុងស្រុក និងក្រៅស្រុក៖ «អ្នកកាប់ឈើចង់បានលុយ គេលក់ឲ្យកន្លែងកែច្នៃ ហើយកន្លែងកែច្នៃលក់ឲ្យអ្នកផ្សេងទៀត វាជាប្រភពនៃការបាត់បង់ព្រៃឈើ»។
ជនជាតិដើមភាគតិចរស់នៅជាប់តំបន់ព្រៃឡង់ខែត្រស្ទឹងត្រែង លោក ថាន់ វ៉ន ពុំមានជំនឿថា ក្រសួងបរិស្ថានមានសមត្ថភាពទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាពទេ ព្រោះមន្ត្រីថ្នាក់ក្រោមរបស់ក្រសួងនេះ និងសមត្ថកិច្ចពាក់ព័ន្ធជាមន្ត្រីខិលខូចភាគច្រើនទទួលប្រយោជន៍ពីបទល្មើស។ លោកបញ្ជាក់ថា បើទោះបីជាព្រៃព្រះរកា និងព្រៃឡង់បានចុះបញ្ជីជាដែនជម្រកសត្វព្រៃក្ដី តែក្រសួងបរិស្ថានគឺគ្មានសមត្ថភាពលប់បំបាត់បទល្មើសព្រៃឈើនោះទេ ហើយបទល្មើសនៅតែកើតមានធ្ងន់ធ្ងរឡើង៖ «សុំសំណូមពររថា បើចង់ការពារព្រៃឈើឲ្យបានសូមសម្ដេចនាយកផ្លាស់ប្ដូរ ឲ្យក្មេងៗសារក្រោយ ដែលលោកនាយកកុំលើកឲ្យពួកនោះវាក្ដាប់ទៅបានហើយ បើឲ្យចាស់ៗខួរក្បាលចំណាស់អស់ហើយ បើថាឲ្យពួកនោះនៅបំផ្លាញខ្ញុំជឿ បើថាឲ្យពួកនោះទប់ស្កាត់គ្មានពេលទេ»។
លោក ថាន់ វ៉ន បន្ថែមថា ប្រសិនបើក្រសួង និងរដ្ឋាភិបាលមានបំណង កាន់បន្ថយបទល្មើសព្រៃឈើ ត្រូវផ្លាស់ប្ដូរមន្ត្រីចាស់ៗចេញ ហើយដាក់ជំនួសវិញនៅយុវជនជំនាន់ក្រោយ ទើបអាចសង្គ្រោះធនធានធម្មជាតិវិញបានខ្លះ ព្រោះមន្ត្រីចាស់ៗរបស់ក្រសួងបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ គ្មានឆន្ទៈទប់ស្កាត់បទល្មើសព្រៃឈើតាមតួនាទីទេ៖ «មន្ត្រីខិលខួចបានថាស្អី ដោយសារតែអាអ្នកគ្រប់គ្រងច្បាប់វាឡេឡឺ ដោយសារតែផលប្រយោជន៍ខ្ពស់ពេក ដូច្នេះខ្ញុំមិនជឿទេ ដូចក្រសួងបរិស្ថានមិនមែនលើទេ គឺបរិស្ថានក្រោម។ ខ្ញុំមិនជឿ ជនជាតិដើមភាគតិចពួកខ្ញុំខំអើយខំការពារព្រៃឈើ មិនចាំបាច់ព្រៃឈើទេ ស្រុកមានសង្គ្រាមទាហានគ្រប់ជំនាន់ ក៏ជនជាតិដើមភាគតិចនេះដែរ តែបានលទ្ធផលមក មិនដែលឃើញលុយមួយកាក់មួយសេន ជូនរាស្ត្រទេ ហើយទៅបំបាត់យ៉ាងម៉េចបើអ្នកកាន់ច្បាប់ព្រៃឈើឡើង ជាមន្ត្រីធំ»។
ទោះជាយ៉ាងណា គេមិនប្រាកដថា សំណូមពររបស់លោក ថាន់ វ៉ន ដែលចង់អោយមានការផ្លាស់ប្តូរមន្ត្រីចាស់ចេញហើយដាក់ជំនួសមន្ត្រីវ័យក្មេងនោះ ពិតជាមានប្រសិទ្ធភាពរក្សាការពារព្រៃឈើបាននោះទេ ពីព្រោះរដ្ឋមន្ត្រីក្រសួងបរិស្ថានបច្ចុប្បន្ន លោក សាយ សំអាល់ គឺជារដ្ឋមន្ត្រីយុវវ័យ ពោលគឺវ័យក្មេងជាងគេក្នុងចំណោមរដ្ឋមន្ត្រីទាំងអស់។ នៅពេលលោក សាយ សំអាល់ ឡើងកាន់តំណែងដំបូង ពលរដ្ឋ និងសហគមន៍ការពារព្រៃឈើសង្ឃឹមថា លោកនឹងប្រើប្រាស់ចំណេះដឹង សមត្ថភាព និងតួនាទីរបស់លោកជារដ្ឋមន្ត្រីបរិស្ថាន ដើម្បីទប់ស្កាត់ និងកម្ចាត់បទល្មើសព្រៃឈើអោយថយចុះ ប៉ុន្តែ តាំងតែពីលោកឡើងកាន់តំណែងធនធានព្រៃឈើកាន់តែត្រូវបានកាប់រំលំធ្ងន់ធ្ងរឡើងៗ ជាពិសេសដឹកចេញទៅប្រទេសវៀតណាម។
ថ្មីៗនេះ ម្ដងទៀតហើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវពង្រឹងការអនុវត្តច្បាប់ព្រៃឈើ និងលប់បំបាត់បទល្មើសព្រៃឈើគ្រប់ប្រភេទ ក្នុងបំណងរក្សាសំឡេងឆ្នោតរបស់បក្សកាន់អំណាច បន្ទាប់ពីរដ្ឋាភិបាលរំលាយបក្សសង្គ្រោះជាតិដោយជោគជ័យ។
ចំណែកប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ួច ឡេង ធ្លាប់ស្នើទៅក្រសួងបរិស្ថានបិទរោងចក្រអារឈើ និងដេប៉ូទិញឈើទូទាំងប្រទេស ក្នុងបំណងបិទផ្សារប្រមូលទិញឈើ គឺជាផ្នែកមួយបិទច្រកសេដ្ឋកិច្ចរបស់អ្នកកាប់ឈើ និងអ្នករកស៊ីឈើ។ លោកថា ក្រសួងបរិស្ថានបានចេញលិខិតបិទសិប្បកម្មនៅតំបន់មួយចំនួនកាលពីឆ្នាំ២០១៦ ក៏ប៉ុន្តែវិធានការនេះដូចភ្លើងចំបើង គឺពុំមានប្រសិទ្ធភាពនោះទេ ពីព្រោះគ្មានបង្កើនយន្តការតាមដាន៖ «នៅពេលមានឧទ្យានុរក្សកើតឡើង ចាប់ផ្ដើមប្រមូលលុយតែម្ដងមួយគោយន្ត ១០ម៉ឺន ជាផ្លូវការតែម្ដង ហើយមានការចូលដឹកឈើចាប់យកលុយ»។
លោក អ៊ួច ឡេង សង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ព្រៃឈើរបស់ស្ថាប័នពាក់ព័ន្ធ នៅតែធូរលុងនៅឡើយ ហើយមន្ត្រីរដ្ឋាភិបាលនៅតែទទួលផលប្រយោជន៍ពីឈ្មួញឈើដដែលៗ រីឯរោងសិប្បកម្មកែច្នៃឈើ និងដេប៉ូទិញឈើនៅតែដំណើរការអាជីវកម្ម៕