
កម្ពុជាបានប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ "តោះនាំគ្នាសំអាតផ្ទះរបស់យើង" ។ មន្ត្រីរដ្ឋាភិបាល បានអំពាវនាវដល់ថ្នាក់ដឹកនាំនៅតាមរាជធានី-ខេត្តទូទាំងប្រទេស ឲ្យចូលរួមបំផុស ឬចលនា ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ឲ្យចូលរួមថែរក្សាអនាម័យបរិស្ថាន ឲ្យមានសោភ័ណភាព ឲ្យបានជាប្រចាំ និងអប់រំឲ្យផ្លាស់ប្ដូរទម្លាប់អាក្រក់ បោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់តាមទីសាធារណៈ ងាកមកវេចខ្ចប់ទុកដាក់សំរាម ឲ្យមានរបៀបរៀបរយវិញ។
ក្រសួងបរិស្ថាន បានកំណត់យកថ្ងៃទី២៣ ខែវិច្ឆិកាជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ «ទិវាអនាម័យបរិស្ថានជាតិ» ហើយ ឆ្នាំ២០១៧នេះ ទិវាបរិស្ថានត្រូវបានរៀបចំឡើង ក្រោមប្រធានបទ «តោះនាំគ្នាសំអាតផ្ទះរបស់យើង»។
ទិវានេះ ធ្វើឡើងមានគោលដៅផ្សព្វផ្សាយអប់រំ ដល់ផ្នែកពាក់ព័ន្ធ ចូលរួមលើការងារ ថែរក្សាសំអាតអនាម័យបរិស្ថានឲ្យបានល្អជាប្រចាំ។ ក្នុងនោះចង់បំផុស ឬចលនាឲ្យប្រជាពលរដ្ឋ ចេះវេចខ្ចប់ និងទុកដាក់កាកសំណល់គ្រប់ប្រភេទ ឲ្យបានត្រឹមត្រូវ។ ក្រសួងបរិស្ថាន មានជំនឿថា ការផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋ យល់ដឹងពីសារៈសំខាន់ នៃការវេចខ្ចប់កាកសំណល់ ឬការញែកសំរាមទៅតាមប្រភេទដូចជា៖ សំណល់អាចកែច្នៃបាន ឬហៅថា អេតចាយ សំណល់សរីរាង្គ សំណល់ផ្ទុកសារធាតុគីមីគ្រោះថ្នាក់ និងសំណល់ផ្សេងៗបានត្រឹមត្រូវ នឹងអាចជួយកាត់បន្ថយបរិមាណសំណល់ នៅទីលានចាក់សំរាម នៅតាមរាជធានី-ខេត្តនីមួយៗ និងឈានទៅរក្សាអនាម័យនាទីប្រជុំជន និងតាមទីសាធារណៈ ឲ្យមានសោភ័ណភាពល្អ។
ក្រសួងបរិស្ថាន បានឆ្លៀតយក «ទិវាអនាម័យបរិស្ថានជាតិ» ឆ្នាំនេះ ស្នើដល់ថ្នាក់ដឹកនាំ នៅតាមរាជធានី-ខេត្តនានាទូទាំងប្រទេស ឲ្យចូលរួមចូលរួមបំផុសចលនា ឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិត និងវិស័យឯកជននានា ឲ្យចូលរួមការងារថែរក្សាអនាម័យបរិស្ថានទាំងនៅទីជនបទ និងទីប្រជុំជន ព្រមទាំងតាមភូមិឋានគ្មានសំរាមឲ្យបានជាប្រចាំ។
ថ្នាក់ដឹកនាំនៅតាមរាជធានីខេត្តមួយចំនួន ពិសេសរដ្ឋបាលខេត្តជាប់ឆ្នេរសមុទ្រចំនួន ៤រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ក៏បានប្រារព្ធ «ទិវាអនាម័យបរិស្ថានជាតិ»នេះ នៅតាមមូលដ្ឋានរៀងៗខ្លួនដែរ។
មន្ត្រីស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ មានមន្ទីរបរិស្ថាន ស្ថាប័នកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋជាដើម កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នាទីតាំងវេទិកា ៧មករា ក៏បានរៀបចំទិវាអនាម័យបរិស្ថានជាតិនេះដែរ និងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស-និស្សិត មន្ត្រីរាជការ និងវិស័យឯកជននានា ឲ្យចូលរួមសំអាតអនាម័យបរិស្ថាន ដោយទុកដាក់សំរាមនៅតាមធុងសំរាម ឬទីតាំងទុកសំរាម ពិសេសត្រូវវេចខ្ចប់កាកសំណល់នៅក្នុងថង់ប្លាស្ទិក ឲ្យមានរបៀបរៀបរយ ទោះនៅតាមផ្ទះ និងទីសាធារណៈ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា ដើម្បីឆ្លើយតបចក្ខុវិស័យនេះ នឹងជំរុញឲ្យការប្រារព្ធ «ទិវាអនាម័យបរិស្ថានជាតិ» ជារៀងរាល់ឆ្នាំ អាចប្រព្រឹត្តទៅ មានភាពជោគជ័យ ទាល់តែមានការចូលរួមពីវិស័យឯកជន ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការគ្រប់ស្ថាប័ន សិស្សនិស្សិត ទាំងនៅតាមគ្រឹះស្ថានរដ្ឋ និងឯកជន ត្រូវចូលរួមអនុវត្តឲ្យបានទាំងអស់គ្នា។
ប្រជាពលរដ្ឋរស់នៅទីប្រជុំជនក្រុងព្រះសីហនុ ពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលមកទស្សនាខេត្តនេះ បានរអ៊ូរទាំ និងរិះគន់អាជ្ញាធរខេត្តនេះថា មិនទាន់គ្រប់គ្រងកាកសំណល់សំរាម ឲ្យបានល្អទេ។
ភ្ញៀវទេសចរ និងពលរដ្ឋ ចោទថា រាល់ថ្ងៃនេះ អនាម័យនាទីប្រជុំជន ក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ មានបរិស្ថានគគ្រិចរកលេខដាក់គ្មាន ព្រោះកាកសំណល់សំរាម ត្រូវបានគេគរទុកចោលច្រើនថ្ងៃ និងជះក្លិនស្អុយ នាំឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវសាធារណៈ៖ «ប៉ុន្មានខែចុងក្រោយនេះបញ្ហាសំរាម គឺមានការកកស្ទះច្រើន គឺដោយសារក្រុមហ៊ុនប្រមូលសំរាមចាស់បានផ្លាស់ប្ដូរ ហើយក្រុមហ៊ុនថ្មីបានចូលមកបន្ត ប៉ុន្តែមិនទាន់ប្រមូលសំរាមនេះ ឲ្យបានទាន់ពេលវេលាទេ ដោយសារស្ថានភាពពាក់ព័ន្ធក្រុមហ៊ុនថ្មីនេះមានរថយន្តប្រមូលសំរាមតិច ឬមិនគ្រប់ចំនួន និងមិនទាន់មានបទពិសោធន៍ច្រើន លើការងារប្រមូលសំរាមដូចក្រុមហ៊ុនចាស់។ ជាងនេះក៏ស្នើសុំដល់ប្រជាពលរដ្ឋនៅតាមផ្ទះ ឬមូលដ្ឋាននីមួយៗ ត្រូវវេចខ្ចប់កាកសំណល់សំរាម ឲ្យបានត្រឹមត្រូវ ដោយត្រូវដាក់ចូលក្នុងថង់ប្លាស្ទិកវេចខ្ចប់ ឲ្យមានរបៀប រៀបរយ និងត្រូវយកទៅទុកនៅទីតាំងណាមួយឲ្យបានល្អ ដើម្បីងាយឲ្យរថយន្តប្រមូលសំរាម មកដឹកមានភាពងាយស្រួល និងសំអាតកាកសំណល់នេះ បានឆាប់រហ័ស»។
«ទិវាអនាម័យបរិស្ថានជាតិ» ដែលកម្ពុជា បានកំណត់យកថ្ងៃទី២៣ ខែវិច្ឆិកា ដើម្បីប្រារព្ធជារៀងរាល់ឆ្នាំនេះ គឺ ក្នុងគោលបំណង ចលនាដល់ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ស្ថាប័ន សិស្ស និស្សិត នៅគ្រប់កម្រិតសិក្សា ឲ្យចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយត្រូវរួមគ្នាកែលម្អសោភ័ណភាព ទាំងនៅទីជនបទ ទីប្រជុំជនក្នុងក្រុង និងតាមផ្លូវសាធារណៈជាដើម ឲ្យមានអនាម័យជាប្រចាំ ដើម្បីរួមចំណែកកសាងសង្គមកម្ពុជា ឲ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង៕