Quantcast
Viewing all articles
Browse latest Browse all 11174

"ការ​តម្រូវ​ឲ្យ​ស្នើសុំ​លិខិត​អនុញ្ញាត​ដើម្បី​ល្បាត​ព្រៃឡង់​គឺ​ជា​ការ​ការពារ​ឈ្មួញ​កាប់​ឈើ"

Image may be NSFW.
Clik here to view.

សហគមន៍​ការពារ​ព្រៃ​ឡង់ និង​អង្គការ​សង្គម​ស៊ីវិល​ប្រតិកម្ម​យន្តការ​ថ្មី របស់​ក្រសួង​បរិស្ថាន ដែល​តម្រូវ​ឲ្យ​សហគមន៍​ធ្វើ​លិខិត​ស្នើសុំ​ពី​មន្ទីរ​បរិស្ថាន​ជា​មុន​សិន ទើប​អាច​មាន​សិទ្ធិ​ចុះ​ល្បាត​ព្រៃ​ឡង់​បាន។ ពួកគាត់​ចាត់​ទុក​វិធានការ​នេះ ជា​ការ​រឹតត្បិត​សេរីភាព​អភិរក្ស​ព្រៃឈើ និង​បង្ក​ភាព​ស្មុគស្មាញ​ដល់​បេសកកម្ម​គាំពារ​ព្រៃឈើ​របស់​ពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

សហគមន៍​ការពារ​ព្រៃ​ឡង់​នៅ​ខែត្រ​ក្រចេះ និង​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក វិធានការ​ថ្មី​របស់​ក្រសួងបរិស្ថាន​នេះ​ថា ផ្ទុយ​ពី​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ សហការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ។ កាលពី​ថ្ងៃ​ទី២២ វិច្ឆិកា រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំអាល់ បាន​ថ្លែង​ក្នុង​ពិធី «ការ​ចូលរួម​ពី​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​អភិរក្ស​ព្រៃឈើ» ដោយ​បញ្ជាក់​ថា សហគមន៍​ការពារ​ព្រៃ​ឡង់​ត្រូវ​ធ្វើ​លិខិតស្នើ​សុំ​មន្ទីរ​បរិស្ថាន​ជា​មុន​សិន មុន​ចុះ​ល្បាត​ព្រៃ រីឯ​ជនបរទេស និង​អង្គការ​សង្គម​ស៊ីវិល​នានា​ត្រូវ​ធ្វើ​លិខិត​ស្នើសុំ​ទៅ​ក្រសួង​សាមី​ជា​មុន​សិន ទើប​អាច​ចុះ​ពិនិត្យ​ព្រៃ​ឡង់​បាន ក្រោម​ហេតុផល​ការពារ​សុវត្ថិភាព។

អ្នក​សម្របសម្រួល​សហគមន៍​ការពារ​ព្រៃឡង់ ខែត្រ​ក្រចេះ លោក ឯក វណ្ណា បារម្ភ​ថា យន្តការ​ថ្មី​របស់​ក្រសួងបរិស្ថាន បង្ក​ភាព​ស្មុគស្មាញ​ដល់​សហគមន៍​ការពារ​ព្រៃឈើ​ដែល​ស្ម័គ្រចិត្ត​អភិរក្ស​ព្រៃ​ដោយ​ពុំ​មាន​ប្រាក់ខែ ហើយ​ត្រូវ​ចំណាយ​សម្ភារៈ និង​មធ្យោបាយ​ធ្វើដំណើរ​ចុះ​ល្បាត​ព្រៃ​ដោយ​ខ្លួនឯង។ លោក​ថា នីតិវិធី​នេះ​គឺជា​ការ​រឹតត្បិត​សេរីភាព​អភិរក្ស​ព្រៃឈើ​របស់​ពលរដ្ឋ ដែល​ជា​មូលហេតុ​នាំ​ឲ្យ​បទល្មើស​កើន​ឡើង។ លោក​បញ្ជាក់​ថា ការ​សរសេរ​លិខិត​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​ចុះ​ល្បាត​ព្រៃ ត្រូវ​ចំណាយ​ពេល ទម្រាំ​មន្ទីរ​ជំនាញ​អនុញ្ញាត បង្ក​ឲ្យ​ជនល្មើស​លួច​កាប់​ឈើ​កាន់​តែ​ខ្លាំង​ឡើង៖ «រដ្ឋបាល​គឺ​តឹងរ៉ឹង​ពេក នៅ​ពេល​យើង​ធ្វើ​គឺ​ពុំ​មាន​ប្រាក់ខែ តែ​នៅ​ពេល​យើង​ចុះ​ល្បាត​យើង សរសេរ​លិខិត​ផង ហើយ​ត្រូវ​ទៅ​យក​លិខិត​មក​ដាក់​ផង ទៅ​មក​ហ្នឹង ចំណាយ​ធនធាន​ផ្ទាល់ខ្លួន​ផង​អី​ផង។ មើល​ទៅ​បញ្ហា​ហ្នឹង​ចង្អៀត​សម្រាប់​សហគមន៍»

គណៈកម្មការ​សហគមន៍​ការពារ​ព្រៃឈើ​ប្រាសាទ​តាខ្មៅ និង​ជា​សមាជិក​សហគមន៍​ការពារ​ព្រៃឡង់ លោក វ៉ន ត្រៃ កត់​សម្គាល់​ថា កន្លង​ទៅ​សហគមន៍​ការពារ​ព្រៃឡង់ ចុះ​ល្បាត​ព្រៃ ដោយ​គ្រាន់តែ ជូន​ដំណឹង​ទៅ​មន្ត្រី​បរិស្ថាន​សហការ ក៏​ប៉ុន្តែ បច្ចុប្បន្ន​គេ​តម្រូវ​ឲ្យ​ធ្វើ​លិខិត​ស្នើសុំ​វិញ។ លោក​ថា រយៈពេល ៣​ខែ​ចុង​ក្រោយនេះ បទល្មើស​ដឹកជញ្ជូន​ឈើ និង​ការ​លួច​កាប់​ឈើ​នៅ​តំបន់​ព្រៃឡង់​នៅ​តែ​កើតមាន​ពេញបន្ទុក ក៏​ប៉ុន្តែ​បើ​សហគមន៍​រាយការណ៍​រឿង​នេះ​ទៅ​ក្រសួងបរិស្ថាន បែរ​ជា​គេ​ចោទ​សហគមន៍​ថា វាយប្រហារ​មន្ត្រី​ជំនាញ​ទៅវិញ៖ «រឿង​បទល្មើស​នៅតែ​កើតមាន​ហូរហែ ទៅ​ពេលណា​ក៏​នៅ​តែ​មាន ដូច​មិន​ឃើញ​មិន​សាប​សូន្យ​អី​សោះ។ អស់ពី​ព្រួយ​ហើយ​មិន​ដឹង​ធ្វើ​ម៉េច ខ្ញុំ​ព្រួយបារម្ភ​ខ្លាំង​មែន គឺ​រឿង​ព្រៃឈើ​ហ្នឹងហើយ មាន​បទល្មើស​កាប់​ជា​បន្តបន្ទាប់​អ៊ីចឹង»

Image may be NSFW.
Clik here to view.

ព្រៃ​ឡង់​ឋិត​ក្នុង​ចន្លោះ​ខែត្រ​ចំនួន​បួន គឺ​ខែត្រ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខែត្រ​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វព្រៃ​កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ផ្ទៃដី ចំនួន ៤៣១.៦៨៣ហិកតារ ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ចការពារ​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​ត្រូវ​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ។ សហគមន៍​ការពារ​ព្រៃ​ឡង់​រក​ឃើញ​ថា ផ្នែក​ខ្លះ​នៃ​ព្រៃឡង់​បាន​ជំនួស​មកវិញ​នូវ​ដំណាំ​ដំឡូង ស្វាយចន្ទី និង​កៅស៊ូ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​ឯកជន។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង ចាត់​ទុក​វិធានការ​ថ្មី​របស់​ក្រសួងបរិស្ថាន​នេះ ថា​ជា​ទង្វើ​ខុសច្បាប់ ដែល​លោក​ចាត់ទុកថា ដើម្បី​ពន្យារ​ពេល​មិន​ឲ្យ​សហគមន៍​ចុះ​ល្បាត និង​ដើម្បី​ការពារ​ប្រយោជន៍​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់។ លោក​ថា ពលរដ្ឋ​គ្រប់​រួប​មាន​សិទ្ធិ​ការពារ​ព្រៃឈើ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ មិន​ចាំ​បាច់​សុំ​ការអនុញ្ញាត​ពី​ក្រសួង​នោះ​ទេ ហើយ​ប្រមុខ​រដ្ឋាភិបាល​ធ្លាប់​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូលរួម​គាំពារ​ព្រៃឈើ ដោយ​មាន​ការ​សហការ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ផង៖ «ព្រៃឈើ​គឺជា​របស់​យើង​ទាំងអស់​គ្នា ពុំ​មែន​ជា​របស់​មន្ត្រី​បរិស្ថាន នៅ​ខែត្រ​ក្រចេះ​ម្នាក់​ទេ អ៊ីចឹង​យើង​ត្រូវ​មាន​សិទ្ធិ​ដើរហើរ​ចេញ​ចូល ការពារ​សម្បត្តិ​របស់​យើង​ទាំងអស់​គ្នា។ ពេល​ចោរ​មក​លួច​ផ្ទះ​យើង​ហើយ យើង​អាល័យ​សុំ​ការអនុញ្ញាត​ពី​ចៅហ្វាយ​ខែត្រ​ម៉េច​កើត ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ម៉េច​កើត នៅ​កណ្ដាល​អាធ្រាត្រ។ ការ​សម្រេច​របស់​មន្ត្រី​បរិស្ថាន​ទាំងនោះ​គឺ​ខុសច្បាប់​ទាំងស្រុង​ហើយ ហើយ​ការសម្រេច​នោះ គឺ​ដើម្បី​ការពារ​ឈ្មួញ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ អត់​មាន​អី​ក្រៅពី​ហ្នឹង​ទេ»

Image may be NSFW.
Clik here to view.

លោក អ៊ូច ឡេង បន្ថែម​ថា ប្រសិនបើ​ក្រសួងបរិស្ថាន​មាន​ឆន្ទៈ​ការពារ​ព្រៃឈើ​ទាំងអស់​គ្នា ត្រូវ​បើក​ចិត្ត​ទូលាយ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​កិច្ច​គាំពារ​ព្រៃឈើ​ដល់​សហគមន៍ មិន​ត្រូវ​រឹតត្បិត​សេរីភាព​ដើរហើរ និង​ការពារ​សម្បត្តិ​ធម្មជាតិ​នោះ​ទេ។ លោក​បារម្ភ​ថា ព្រៃ​ឡង់​នឹង​វិនាស​ហិនហោច ដរាបណា​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​បណ្ដែតបណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles