
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង ហៅការព្រមានថ្មីមួយទៀត របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថាជាការគំរាមលើរូបលោក។ លោកស្នើឲ្យមន្ត្រីជាន់ខ្ពស់រូបនោះ គឺលោក ខៀវ សុភ័គ យកពេលវេលាស្ដារលទ្ធិប្រជាធិបតេយ្យ និងដោះស្រាយឧបសគ្គរបស់កម្ពុជា ដែលប្រឈមនឹងសម្ពាធអន្តរជាតិនៅពេលនេះ ជាជាងរងចាំចាប់កំហុស និងគំរាមកំហែងលើរូបលោក។
លោក ខៀវ សុភ័គ កាលពីថ្ងៃទី២១ វិច្ឆិកា បានប្រាប់សារព័ត៌មានដែលធ្លាប់ល្បី ដោយសារការលើកសរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះដើមអំពិល តែក្រោយមកបានធ្លាក់ប្រជាប្រិយភាពវិញ ដោយសារលោក ហ៊ុន សែន លែងផ្ដល់បទសម្ភាសន៍ផ្ដាច់មុខឲ្យ អះអាងថា បើយុវជន ឈ្មោះ ឡេង សេងហុង ពិតជាមានគម្រោង ធ្វើបាតុកម្មប្រឆាំងសាលដីការំលាយគណបក្សសង្គ្រោះជាតិ ពិតប្រាកដមែននោះ នឹងចាត់វិធានការណ៍ តាមផ្លូវច្បាប់ ព្រោះបច្ចុប្បន្នបដិវត្តពណ៌នៅតែមាន នៅកម្ពុជា ហើយការប្រមូលផ្ដុំណាមួយនោះ គឺជាការជាប់ពាក់ព័ន្ធជាមួយបដិវត្តពណ៌។
លោក ឡេង សេងហុង ពន្យល់លោក ខៀវ សុភ័គ ថា ការធ្វើបាតុកម្មអហិង្សាគឺជាបញ្ចេញមតិរបស់ពលរដ្ឋ ដែលមិនពេញចិត្តនឹងទង្វើដ៏ខុសឆ្គង ហើយផលប្រយោជន៍នេះ គឺដើម្បីប្រទេសកម្ពុជា មិនមែនដើម្បីគណបក្សណាមួយនោះទេ ព្រោះគម្រោងបាតុកម្មអហិង្សារបស់លោក ជាបាតុកម្មស្ដារលទ្ធិប្រជាធិបតេយ្យ មិនមែនបាតុកម្ម រកសំឡេងឆ្នោតឲ្យបក្សប្រឆាំងនោះទេ។ លោកស្នើឲ្យមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ គួរយកពេលវេលា ធ្វើការងារឲ្យមានប្រយោជន៍ដើម្បីប្រទេសជាតិ ជាជាងប្រើពេលវេលាសម្រាប់គំរាមរូបលោក។ «»
យុវជន ឡេង សេងហុង កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានអះអាងប្រាប់អាស៊ីសេរីថា ជំហរធ្វើបាតុកម្មប្រឆាំងសាលដីការំលាយគណបក្សប្រឆាំង នៅតែបន្តធ្វើ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក៏ប៉ុន្តែ ការធ្វើបាតុកម្មទាមទារបែបអហិង្សានៅក្នុងកាលៈទេសៈពេលនេះ គឺមិនអាចធ្វើទៅបានទេ ដោយសារសមត្ថកិច្ចមិនផ្ដល់លទ្ធភាពឲ្យមានការតវ៉ាបែបលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា៕