
ក្រុមចលនាស្ត្រីរបស់គណបក្សសង្គ្រោះជាតិ ដែលមានមូលដ្ឋានក្នុងទីក្រុងហ្វីឡាដែលហ្វីយ៉ា (Philadelphia) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានថ្កោលទោសចំពោះសាលដីការបស់តុលាការកំពូលដែលបានរំលាយគណបក្សសង្គ្រោះជាតិ ដោយគ្មានមូលដ្ឋានច្បាប់។ ពួកគេចោទប្រកាន់ថា តុលាការក្រោមរបបដឹកនាំរបស់លោក ហ៊ុន សែន គឺគ្មានអ្វីក្រៅពីការកាត់សេចក្ដីតាមការបញ្ជារបស់អ្នកនយោបាយក្នុងបំណងបន្តក្ដោបក្ដាប់នយោបាយនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានអះអាងថា ចំណាត់ការរំលាយគណបក្សសង្គ្រោះជាតិ របស់តុលាការកំពូលធ្វើឡើងស្របទៅតាមនីតិវិធីច្បាប់ត្រឹមត្រូវ និងគោលការណ៍ប្រជាធិបតេយ្យ ហើយបរទេសមិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នោះឡើយ។
ក្រុមចលនាស្ត្រីរបស់បក្សប្រឆាំងក្នុងសហរដ្ឋអាមេរិក បានចាត់ទុកការបំផ្លាញគណបក្សសង្គ្រោះជាតិ ក៏ដូចជាបំផ្លាញឆន្ទៈរបស់ពលរដ្ឋខ្មែររាប់លាននាក់ដែលបានបោះឆ្នោតឲ្យគណបក្សប្រឆាំង។ ប្រធានចលនាស្ត្រីរបស់គណកប្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ភាគខាងជើង អ្នកស្រី សេង ជេនណេត (Janet Seng) បានប្ដេជ្ញាចិត្តក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនមួយកាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ថា ទោះបីជារដ្ឋាភិបាលខិតខំប្រើគ្រប់រូបភាពដើម្បីបំផ្លាញបក្សប្រឆាំងដ៏មានប្រជាប្រិយភាពមួយនេះយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកគាំទ្របក្សនៅតែមានឆន្ទៈមុះមុត និងសាមគ្គីគ្នាជាធ្លុងមួយដើម្បីជួយសង្គ្រោះកម្ពុជា ឲ្យបាននៅថ្ងៃណាមួយមិនខាន៕