Clik here to view.

សមាជិកក្រុមប្រឹក្សាសង្កាត់នគរធំ គណបក្សប្រឆាំង នៅក្រុងសៀមរាប សម្ដែងការធុញទ្រាន់យ៉ាងខ្លាំង ចំពោះអាជ្ញាធរមូលដ្ឋាននៅក្នុងសង្កាត់នេះថា ចេះតែតាមគំរាមកំហែង ដើម្បីចែចូវពួកគាត់ឲ្យចុះចូលគណបក្សកាន់អំណាច ខណៈដែលដឹងថា គណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយហើយក៏ដោយ។ ប៉ុន្តែនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់នគរធំ បដិសេធចំពោះការចោទប្រកាន់នេះ។
សមាជិកក្រុមប្រឹក្សាសង្កាត់នគរធំ គណបក្សប្រឆាំង អះអាងថា បើទោះបីជាអាជ្ញាធរមូលដ្ឋានព្យាយាមរកគ្រប់វិធី ដើម្បីអូសទាញពួកគាត់ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជាយ៉ាងណាក៏ដោយ ក៏គ្មានប្រសិទ្ធភាពដែរ។
ចៅសង្កាត់នគរធំក្រុងសៀមរាប លោក សៀក ចំណាប់ ឲ្យដឹងនៅថ្ងៃទី២២ វិច្ឆិកា ថា សមាជិកក្រុមប្រឹក្សាសង្កាត់នគរធំគណបក្សសង្គ្រោះជាតិ ដែលតុលាការកំពូលទើបរំលាយថ្មីថ្មោងនោះ ត្រូវបានមន្ត្រីប៉ូលិស និងអាជ្ញាធរសង្កាត់មួយនេះបានតាមដានពួកគាត់ជារៀងរាល់ថ្ងៃ។ លោកហៅការតាមពួកគាត់ដោយរដ្ឋអំណាច របស់គណបក្សប្រជាជនកម្ពុជានេះថា ជាការគំរាមកំហែងមកលើពួកគាត់ ក្រោយពីអូសទាញឲ្យទៅរួមរស់ជាមួយគណបក្សកាន់អំណាចមិនបានសម្រេច៖ «ក៏ប៉ុន្តែជាក់ស្ដែងឆន្ទៈរបស់ពួកគាត់វិញ មិនមានការភ័យខ្លាចអីទេ ដោយមានក្រុមប្រឹក្សាឃុំខ្លះគាត់នឿយណាយជាមួយនឹងការគំរាមកំហែង និងការអូសទាញនឹងទៅ គាត់ក៏បានសម្រេចចិត្តទៅធ្វើស្រែនៅស្រុកកំណើតរបស់គាត់រៀងៗខ្លួន ចំណែកក្រុមប្រឹក្សាឃុំខ្លះដែលមិនចង់ប្រឈមមុនជាមួយអាជ្ញាធរគាត់ក៏បានទៅរស់នៅស្រុកកំណើតមួយរយៈដែរ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់នគរធំលោក យ៉ម យ៉ាត់ ទទួលស្គាល់ថា ក្រុមប្រឹក្សាសង្កាត់នគរធំរបស់គណបក្សពិតជាមានឆន្ទៈរឹងមាំ ជាមួយគណបក្សខ្លួន ដោយមិនទៅចុះចូលគណបក្សប្រជាជនកម្ពុជាប្រាកដមែន ក៏ប៉ុន្តែលោកអះអាងថា គ្មានរដ្ឋអំណាចណា ទៅគំរាមកំហែងមន្ត្រីគណបក្សប្រឆាំងទាំងនោះទេ៖ «មិនដឹងអ្នកណាទៅគំរាមកំហែងគាត់ បើខ្ញុំអ្នកការពារនៅតំបន់នេះផ្ទាល់ មិនដែលឃើញអ្នកគំរាមកំហែងពួកគាត់ផង។ ចំពោះខ្ញុំអ្នកការពារវិញគឺមិនបានទៅធ្វើអ្វីទៅសម្លុតគំរាមកំហែងពួកគាត់ទេ មានតែការពារសុវត្ថិភាពជូនគាត់»។
ទោះជាយ៉ាងនេះ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា លើកឡើងថា មន្ត្រីរាជការប៉ូលិស ទាហានគឺជាមន្ត្រីរបស់រដ្ឋអំណាចដើម្បីបម្រើពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ។ លោកអះអាងថា ករណីអាជ្ញាធរគំរាមកំហែងដើម្បីអូសទាញសមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំង ឲ្យចុះចូលគណបក្សណាមួយនោះ លោកថាជាទង្វើខុសច្បាប់៖ «ខ្ញុំគិតថាជាការបំភិតបំភ័យនយោបាយ ខណៈដែលគណបក្សមួយត្រូវបានខូចខាតយ៉ាងដំណំ ហើយឆ្លៀតឱកាសពេលនេះបានតាមធ្វើទុក្ខបុកម្នេញគាត់ទៀត គឺជារឿងអយុត្តិធម៌កាន់តែធ្ងន់ធ្ងរ។ បញ្ហានេះនឹងនាំឲ្យមានទំនាស់ក្នុងសង្គមកាន់តែធ្ងន់ធ្ងរ»។
សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាបមួយចំនួន ក្រោយពីតុលាការរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កម្ទេចចោលកាលពីថ្ងៃទី១៦ វិច្ឆិកា មក ពួកគាត់បាននាំគ្នាទៅធ្វើស្រែធ្វើចម្ការ អ្នកខ្លះទៅលក់ការ៉េម និងទៅរត់ម៉ូតូឌុបជាដើម ដោយមិនទៅចុះចូលជាមួយគណបក្សកាន់អំណាចនោះទេ៕