
នគរបាល និងពលរដ្ឋរស់នៅខែត្រស្វាយរៀង ចោទស្នងការខែត្រនេះថា ទទួលសំណូកពីជនបរទេស ជាថ្នូរនាំទំនិញចូលតាមច្រករបៀង និងច្រកអន្តរជាតិដោយសេរី ពុំមានការត្រួតពិនិត្យត្រឹមត្រូវ។ ពួកគេអះអាង ស្នងការខែត្រស្វាយរៀង លោក កិង ឃន បានចាត់ឲ្យសាច់ញាតិដែលពុំមែនជាសមត្ថកិច្ច អង្គុយចាំទទួលប្រាក់ពីជនជាតិវៀតណាម ដើម្បីនាំទំនិញចូលមកកម្ពុជា។
ពលរដ្ឋ និងនគរបាលខែត្រស្វាយរៀងអំពាវនាវឲ្យក្រសួងមហាផ្ទៃ ស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការនាំទំនិញចូលពីប្រទេសវៀតណាម តាមច្រករបៀងនៅខែត្រស្វាយរៀង ដោយមានការបើកដៃពីស្នងការខែត្រនេះ ដើម្បីទទួលផលប្រយោជន៍។
នគរបាលម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះ និងសំឡេង ព្រោះបារម្ភពីសុវត្ថិភាព ឲ្យដឹងនៅថ្ងៃទី២០ វិច្ឆិកា ថា ស្នងការស្វាយរៀង លោក កិង ឃន បានប្រព្រឹត្តអំពើពុករលួយច្រើនឆ្នាំមកហើយ ដោយបានបើកដៃឲ្យឈ្មូញជាជនជាតិវៀតណាម នាំទំនិញគេចពន្ធ និងទំនិញដែលពុំមានការត្រូតពិនិត្យត្រឹមត្រូវ ចូលខែត្រស្វាយរៀងតាមអំពើចិត្ត ដោយគ្រាន់តែបង់ប្រាក់ឲ្យសមត្ថកិច្ចនៅតាមព្រំដែន និងសាច់ញត្តិរបស់គាត់។ លោកថា ទំនិញដែលនាំចូលច្រើនសន្ធឹកសន្ធាប់រួមមាន បន្លែ ផ្លែឈើ ត្រី សាច់ និងម្ហូបអាហារជាដើម ភាគច្រើនពុំសូវមានការត្រូតពិនិត្យត្រឹមត្រូវទេ ដោយគ្រាន់តែបង់ប្រាក់ឲ្យមន្ត្រីមួយចំនួនដែលជាដៃជើងរបស់ស្នងការខែត្រនេះ។
ពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជាវៀតណាម ស្រុករមាសហែក ថ្លែងសុំមិនបញ្ចេញឈ្មោះមើលឃើញថា ពាណិជ្ជករវៀតណាមបាននាំទំនិញមកលក់នៅផ្សារនានាខែត្រស្វាយរៀងរយៈពេលច្រើនឆ្នាំមកហើយ កម្រឃើញអាជ្ញាធររដ្ឋាភិបាលណាត្រួតពិនិត្យគុណភាពទំនិញទាំងនោះត្រឹមត្រូវទេ គឺឃើញតែចាំទទួលផលលុយតាមច្រកព្រំដែន។ លោកថា ការបណ្ដោយឲ្យពាណិជ្ជករវៀតណាមយកទំនិញ លក់ស្រុកខ្មែរ ដោយសេរីបែបនេះ បង្កប៉ះពាល់ដល់មុខរបរ សុខភាព និងអាយុជីវិតពលរដ្ឋ ៖ «ទំនិញដែរជាអាហារដូចជាត្រី មាន់ទា ពិសេសជ្រូក ដែលនាំចូលខែត្រស្វាយរៀង ហើយមួយទៀតស្នងការខែត្រ គាត់មិនដែររវល់ទេ ភាគច្រើនដាក់ខ្សែបងប្អូនឯងអ៊ីចឹងទៅ ទទួលលុយសំណូកគេទៅ ក៏ឲ្យទៅ មិនបានត្រូតពិនិត្យទំនិញទាំងនោះទេ គឺដេកចាំយកតែលុយ»។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងសស្នងការខែត្រស្វាយរៀង លោក កិង ឃន ដើម្បីសុំការបំភ្លឺពីការចោទប្រកាន់រឿងនេះ បានថាយ៉ាងណានៅឡើយទេ នៅថ្ងៃទី២០ វិច្ឆិកា។
កាលពីខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដាំទៅពលរដ្ឋដែលអំពាវនាវឲ្យរដ្ឋាភិបាលមានវិធានការទប់ស្កាត់ទំនិញនាំចូលពីក្រៅប្រទេសផ្ទុកសារធាតុគីមី និងផុតសុពលភាពនោះថា សូមឲ្យពលរដ្ឋកុំទិញទំនិញដែលមានជាតិគីមី។ លោកថា ដោយសារពលរដ្ឋសម្រុកទិញទំនិញមានជាតិគីមីហើយ ដែលជាមូលហេតុគាំទ្រឲ្យមានការលក់បន្តទៀត រួចហើយចោទតែរដ្ឋាភិបាល ៖ «សុំត្រឡប់ទៅវិញ សុំពលរដ្ឋរួមគ្នាពហិការកុំទិញរបស់ណា អ្នកលក់ណា ដែលដាក់លក់ដោយមានសារធាតុគីមី។ ខ្ញុំមានពេលខ្លះ ខ្ញុំថា ដូចជាពេកហើយមិនដឹងទេអី សំណូមពរខ្លះដូចជាជ្រុលពេកហើយ ក្រែងទិញខ្លួនឯង ស្លខ្លួនឯង បែរជាបន្ទោសតែរដ្ឋាភិបាលមួយមុខ»។
យ៉ាងណាមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ ប្រតិកម្មថា ពលរដ្ឋខ្មែរមិនមានមធ្យោបាយពិនិត្យមើលបន្លែ និងទំនិញណាដែលមានសារធាតុគីមី ឬពុំមាននោះទេ ហេតុនេះរដ្ឋាភិបាលត្រូវមានវិធានការទប់ស្កាត់កុំឲ្យនាំទិញខូចគុណភាព និងមានសារធាតុគីមីចរាចរមកស្រុកខ្មែរ ដើម្បីការពារសុខភាព និងអាយុជីវិតពលរដ្ឋ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា ការទទួលប្រយោជន៍ជាថ្នូរអនុញ្ញាតឲ្យនាំទំនិញចូលមកស្រុកខ្មែរ គឺជារូបភាពនៃអំពើពុករលួយ ដែលទាមទារឲ្យមានរដ្ឋាភិបាលលុបបំបាត់។ លោកថា ប្រសិនសមត្ថកិច្ចបើកឲ្យជនជាតិវៀតណាមនាំទំនិញចូលតាមព្រំដែន ពុំមានការត្រូតពិនិត្យត្រឹមត្រូវ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់សុខមាលភាពពលរដ្ឋ ដែលនាំឲ្យពលរដ្ឋមួយចំនួនបង្ខំចិត្តចំណាយប្រាក់ច្រើនទៅព្យាបាលជំងឺនៅក្រៅប្រទេស៖ «ខ្ញុំគិតថា ជាកាតព្វកិច្ចរបស់រដ្ឋក្នុងការនាំចូលទំនិញតាមព្រំដែន ចំណីអាហារមានចំណីអាហារ ត្រីសាច់ បន្លែជាដើម ចាំបាច់ត្រូវតែមានការពារឲ្យបានហ្មត់ចត់ និងជម្រុញការដាំដុះក្នុងស្រុកបានច្រើន»។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ៤៦ ចែងថា រដ្ឋត្រូវហាមឃាត់ និងផ្ដន្ទាទោសជាទម្ងន់ដល់ជនណាដែលនាំចូល ផលិតលក់ដូរគ្រឿងញៀន ទំនិញក្លែងក្លាយ ហួសរយៈពេលប្រើ ដែលប៉ះពាល់សុខភាព និង អាយុជីវិតអ្នកប្រើ។ ចំណែកមាត្រា ៧២ ចែងថា សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា រដ្ឋយកចិត្តទុកដាក់ដល់ការពារជំងឺ និងព្យាបាលជំងឺ។ ក៏ប៉ុន្តែពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលរកឃើញថា រដ្ឋាភិបាលហាក់មិនបានយកចិត្តទុកដាក់ ធានាសុខភាពពលរដ្ឋកម្ពុជានោះទេ ដែលបណ្ដោយឲ្យទំនិញគេចពន្ធ ផុតសុពលភាព និងមានសារធាតុគីមីលក់នៅស្រុកខ្មែរដោយសេរីច្រើនឆ្នាំមកហើយ បង្កខាតប្រយោជន៍របស់ពលរដ្ឋធ្ងន់ធ្ងរ៕