Clik here to view.

សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ នៅខេត្តបាត់ដំបង ជាច្រើននាក់បានជ្រើសយកការរត់គេចខ្លួន ដើម្បីបញ្ចៀសពីការអូសទាញដោយអាជ្ញាធរគណបក្សកាន់អំណាចឲ្យទៅពួកគាត់ជ្រកក្រោមដំបូលបក្សទេវតា។ ទន្ទឹមគ្នានេះសមាជិកគណបក្សសង្គ្រោះជាតិ ក៏បានរិះគន់ពីការអូសទាញនេះថា ជាទង្វើស្មោកគ្រោកដើម្បីឲ្យបានអំណាច។
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង អះអាងថា មូលហេតុដែលរត់គេចដោយសារមិនចង់ប្រឈមមុខជាមួយអាជ្ញាធរបក្សកាន់អំណាច។
ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ដែលតុលាការកំពូលទើបកម្ចាត់ចោលថ្មីថ្មោង លោក ជា ជីវ ឲ្យដឹងនៅថ្ងៃទី២០ វិច្ឆិកា ថា ចាប់តាំងពីតុលាការរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកម្ចាត់ចោលគណបក្សរបស់លោកកាលពីថ្ងៃទី១៦ វិច្ឆិកា មក គឺសមាជិកក្រុមប្រឹក្សាគណបក្សលោកមិនតិចជាង ៤០នាក់ទេបានរត់គេចមិនហ៊ានរស់ផ្ទះសម្បែងរបស់ខ្លួននោះ៖ «គាត់សុខចិត្តភៀសខ្លួនឲ្យឆ្ងាយពីគណបក្សកាន់អំណាចដើម្បីបញ្ចៀសអីការអូសទាញរបស់បក្សកាន់អំណាច ព្រោះយើងដឹងថា ប្រព័ន្ធគ្រប់គ្រង ហើយសូម្បីតែតុលាការក៏មិនត្រូវបានជាទីទុកចិត្តសម្រាប់គណបក្សប្រឆាំងនៅពេលនេះដែរ»។
ចំណែកមេឃុំគណបក្សប្រឆាំងស្រុករុក្ខគិរី លោក ចក់ ប៊ូថា អះអាងថា មូលហេតុដែលលោករត់គេចមិនហ៊ាននៅផ្ទះ ដោយសារក្រុមប្រឹក្សាស្រុករុក្ខគិរី គឺលោក យ៉ាង សារ៉ុម ចេះតែតាមរកលោកមិនស្រាកស្រាន្ត ដើម្បីចែចូវឲ្យទៅជ្រកក្រោមឆត្រទេវតា។
មេឃុំគណបក្សប្រឆាំងរូបនេះ សង្កត់ធ្ងន់ថា ល្គឹកណាលោកនៅមានដង្ហើម គឺលោកមិនទៅចុះចូលគណបក្សកាន់អំណាចជាដាច់ខាត៖ «គាត់នៅតែព្យាយាមអូសទាញខ្ញុំ ដោយគាត់ថា ក្នុងចំណោមសមាជិកបក្សរបស់គាត់ហ្នឹងគ្មានអ្នកណាល្អទេ បានជាចង់ត្រូវរូបខ្ញុំទៅធ្វើការងារជាមួយ ដោយសារឃើញខ្ញុំមានទឹកចិត្តល្អ ហើយបម្រើពលរដ្ឋបានល្អ ហើយខ្ញុំថា មិនទៅទេ បើទោះជាគណបក្សត្រូវរំលាយហើយក៏ដោយ»។
អាស៊ីសេរី ពុំអាចទាក់ទងក្រុមប្រឹក្សាស្រុករុក្ខគិរី លោក យ៉ាង សារ៉ុម ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២០ ខែវិច្ឆិកា ដោយទូរស័ព្ទពុំមានអ្នកទទួល។
ទោះជាយ៉ាងនេះក្ដី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការខុមហ្រែល (Comfrel) លោក យឿង សុធារ៉ា លើកឡើងថា មន្ត្រីរាជការប៉ូលិស ទាហានគឺជាមន្ត្រីរបស់រដ្ឋដើម្បីបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ។ លោកអះអាងថា ករណីអាជ្ញាធរការគំរាមកំហែងដើម្បីអូសទាញសមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំងគឺជាទង្វើខុសច្បាប់៖ «ខ្ញុំគិតថា ជាការបំភិតបំភ័យនយោបាយ ខណៈដែលគណបក្សមួយត្រូវបានខូចខាតយ៉ាងដំណំ ហើយឆ្លៀតឱកាសពេលនេះបានតាមធ្វើទុក្ខបុកម្នេញគាត់ទៀត គឺជារឿងអយុត្តិធម៌កាន់តែធ្ងន់ធ្ងរ។ បញ្ហានេះនឹងនាំឲ្យមានទំនាស់ក្នុងសង្គមកាន់តែធ្ងន់ធ្ងរ»។
ទោះជាយ៉ាងកន្លងមកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាងថា គ្មានអាជ្ញាធរណាថ្លើមធំហ៊ានទៅគំរាមកំហែងអូសទាញសមាជិកបក្សប្រឆាំងឲ្យមករួមរស់គណបក្សកាន់អំណាចនោះទេ។
ក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរបស់រដ្ឋាភិបាលក្រុងភ្នំពេញកម្ទេចចោលមក គឺសមាជិកក្រុមប្រឹក្សាគណបក្សមួយនេះនៅគ្រប់ខេត្តទូទាំងប្រទេស ត្រូវបានអាជ្ញាធរគណបក្សកាន់អំណាចអូសទាញឲ្យចុះចូលជ្រកក្រោមឆត្រទេវតា ក្នុងនោះមានការអញ្ជើញឲ្យចូលរួមប្រជុំនៅទីស្នាក់ការគណបក្សនៅតាមស្រុក និងខេត្ត និងប្រើអំណាចសម្លុត គំរាមកំហែងជាដើម។ សកម្មជនគណបក្សប្រឆាំងមួយចំនួនបានរត់គេចទៅលាក់ខ្លួននៅផ្ទះបងប្អូន នៅតាមព្រំដែនខ្មែរ-ថៃ និងមួយចំនួនរត់គេចទៅក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។