Quantcast
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន សន្យា​មិន​ចាប់​ខ្លួន​លោក វន់ ពៅ និង​អំពាវនាវ​កុំ​ឲ្យ​ចាក​ចេញ​ពី​កម្ពុជា

Image may be NSFW.
Clik here to view.

លោក វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អះអាង​ថា លោក​នឹង​មិន​រត់​ចោល​ស្រុក​ឡើយ។ ការ​បញ្ជាក់​ជំហរ​នៅ​ពេល​នេះ ស្រប​ពេល​លោក ហ៊ុន សែន សន្យា​ថា នឹង​មិន​ចាប់​ខ្លួន​ប្រធាន​សមាគម​រូប​នេះ​ឡើយ។

លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១៩ វិច្ឆិកា បាន​ស្នើ​ឲ្យ​លោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែល​លោក​អះអាង​ថា ប្រុង​រត់​គេច​ខ្លួន នោះ ឲ្យ​ត្រឡប់​វិល​ចូល​ស្រុក​វិញ ហើយ​សន្យា​ថា​នឹង​គ្មាន​ការ​ចាប់​ខ្លួន​ណាមួយ​នោះ​ឡើយ។

ការ​ថ្លែង​ដូច​នេះ របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួប​កម្មករ​នៅ​ កោះពេជ្រ នៅ​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា។ អតីត​កម្មាភិបាល​ជាន់​ខ្ពស់​នៅ​ក្នុង​របប​ខ្មែរ​ក្រហមដែល​រង​ការ​រិះគន់​ថា កំពុង​ទាញ​ទម្លាក់​ប្រទេស​ទៅ​រក​របប​ផ្ដាច់ការ​រូប​នេះ​បញ្ជាក់​ថា អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស មិន​ចាំ​បាច់​ព្យាយាម​រត់​គេច​ខ្លួន​នោះ​ទេ ជា​ពិសេស​លោក វ៉ន់ ពៅ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងសំណុំរឿង​កាល​ចុង​​ពី​ឆ្នាំ២០១៣៖ «ម្សិល​មិញ​ខ្ញុំ​សរសេរ​តាម WhatsAppហៅ វន់ ពៅ ត្រឡប់​មក​វិញ ព្រោះ​ដឹង​ថា វន់ ពៅ នៅ​ណោះ​ហើយ ខ្ញុំ​ក៏​ចែក​បន្ត​ទៅ អ៊ិត សំហេង ដែរ និង ឃួង ស្រេង ដែរ។ ប្រពន្ធ​កំពុង​ព្យួរ​សេរ៉ូម​នៅ​ណេះ ឯង​រត់​ទៅ​ណោះ។ ខ្ញុំ​ថា​ក្មួយ វន់ ពៅ ត្រឡប់​មក​វិញ គ្មាន​អ្នក​គេ​ធ្វើ​អី​ទេ។ គេ​កំពុង​តែ​អនុវត្ត​កម្មករ​ក្រៅ​ប្រព័ន្ធ​នេះ មក​រួម​ចំណែក​នឹង​គេ​ទៅ ហើយ​បើ​គេ​ហៅ​សួរ​ឡើង​តុលាការ​ដើម្បី​សួរ​នាំ​ពី​រឿង​បញ្ហា ព្រោះ​ពេល​ហ្នឹង​ខ្លួន វន់ ពៅ ក៏​ធ្វើ​បាតុកម្ម​នឹង​គេ​ដែរ។ ប៉ុន្តែ​ខ្លួន​ជា​សាក្សី​ទេ គ្មាន​អ្នក​ណា​ហៅ​ទៅ​ចោទ​ប្រកាន់​ទេ»

ទោះជាយ៉ាង​ណាក៏ដោយ​លោក ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​កាល​ពី​ខែកញ្ញា ឆ្នាំ២០១៧ ថា​នឹង​មិន​ឲ្យ​មាន​ចលនា​បាតុកម្ម​ណា​មួយ​កើត​ឡើងនៅ​ក្នុង​ប្រទេស ដូច​ព្រឹត្តិការណ៍​នៅ​ផ្លូវ​វ៉េងស្រេង​ទៀត​ឡើយ។

មេដឹកនាំ​ដែល​យូរ​ជាង​គេ​ជាងក្នុង​តំណែង​ជា​នាយករដ្ឋមន្រ្តី នៅ​ក្នុង​តំបន់​អាស៊ី​រូប​នេះ​បាន​ហៅ​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្តុំ ឬ​ជួប​ប្រជុំ​ថា សុទ្ធ​តែ​ជា​ទម្រង់​នៃ​បដិវត្ត​ពណ៌​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល

ទោះជាយ៉ាងក៏ដោយ លោក វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អះអាង​ថា​លោក​នឹង​មិន​ស្វែង​រក​សិទ្ធិ​ជ្រកកោន ក្រៅ​ពី​កម្ពុជា​នោះឡើយ។ លោក​បន្ត​ថា ការ​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ផលប្រយោជន៍​កម្មករ​ គឺ​ពុំ​មាន​ហិង្សា​កើត​ឡើង​ឡើយ។ លោក​បន្ត​ថា ការ​ប្រមូលផ្ដុំ​របស់​កម្មករ​ដោយ​សន្តិវិធី ពុំ​មាន​អ្វី​ក្រៅ​ពី​ស្នើ​សុំ​ឲ្យ​ភាគី​រោងចក្រ​ដំឡើង​ប្រាក់​ខែ​សមរម្យ​ដល់​កម្មករ​ប៉ុណ្ណោះ​នោះ​ឡើយ៖ «រស់​នៅ​រាល់​ថ្ងៃ​ រស់​នៅ​ដូច​កណ្ដុរ​អ៊ីចឹង ពួក​យើង​រស់​នៅ​ដូច​សត្វ​កណ្ដុរ​អ៊ីចឹង។ ប៉ុន្តែ​ខ្ញុំ​មិន​ទៅ​ណា​ទេ ដូច​បង​ កែម ឡី គាត់​និយាយ​អ៊ីចឹង ខ្ញុំ​មិន​ទៅ​ណា​ទេ បើ​ស្រុក​ខ្ញុំ​នៅ​ហ្នឹង​ហើយ»

អ្នក​វិភាគ​នយោបាយយល់​ឃើញ​ថា សព្វថ្ងៃ​នេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​បង្វែរ​សិទ្ធិ​ស្រប​ច្បាប់​ទាំង​នេះ ទៅ​ជា​រឿង​បទល្មើស​ព្រហ្មទណ្ឌ​ទៅ​វិញ។

ជុំវិញ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ចុង​ឆ្នាំ២០១៣ និង​ដើម​ឆ្នាំ២០១៤ លោក ហ៊ុន សែន បាន​ទម្លាក់​ការ​ទទួល​ខុសត្រូវ នៃ​ការ​ស្លាប់ និង​ការ​បាត់​ខ្លួន​របស់​កម្មករ ថាគឺ​ជា​កំហុសដ៏​ធំ​​របស់​បក្ស​ប្រឆាំង។

ប៉ុន្តែ ទាំង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បណ្ដា​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស បាន​ហៅ​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​កម្លាំង​ប្រដាប់​អាវុធ ទៅ​លើ​ក្រុម​កម្មករនៅពេលនោះ​ថា ជា​ស្នាដៃ របស់​លោក ហ៊ុន សែន និង​ក្រុម​យោធា​របស់​លោក​ទៅ​វិញ​ទេ​ដែល បាន​បាញ់​សម្លាប់​កម្មករ​ទាំង​នោះ។

ការ​បង្ក្រាប​ទៅ​លើ​ការ​តវ៉ា​របស់​កម្មករ នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ចុង​ឆ្នាំ២០១៣ សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​បញ្ចេញ​កម្លាំង​ចម្រុះ​ជា​ច្រើន​រយ​នាក់។ ក្រុម​សមត្ថកិច្ច​ដែល​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​ស្ថិត​ក្រោម​បញ្ជា​ផង​នោះ បាន​បើក​ការ​បាញ់​រះ​ទៅ​លើ​ក្រុម​កម្មករ ដែល​នៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​បណ្ដោយ​ផ្លូវ​វ៉េងស្រេង។

បាតុកម្ម​ដែល​ទាមទារ​ប្រាក់​ខែ​គោល១៦០​ដុល្លារ​កាល​ណោះ បណ្ដាល​ឲ្យ​កម្មករ ៤នាក់​ត្រូវ​បាត់បង់​ជីវិត​ភ្លាម​ៗ និង​២៣នាក់​ផ្សេង​ទៀត ត្រូវ​ចាប់​ខ្លួន និង​ជាប់​ពន្ធនាគារ។ ទន្ទឹម​នឹង​នេះ ការ​បង្ក្រាប​នៅ​ពេល​នោះ បណ្ដាល​ឲ្យ​មាន​មនុស្ស​មួយចំនួនត្រូវ​បាត់​ខ្លួន និង​អ្នក​ខ្លះ​ក្លាយ​ជា​មនុស្ស​ពិកា​ផង។ អ្នក​ការពារ​សិទ្ធិមនុស្ស ចាត់​ទុក​ថា ការ​បាញ់​សម្លាប់​ក្រៅ​ប្រព័ន្ធ និង​ចាប់​ខ្លួន​ប្រឆាំង​អ្នក​តវ៉ា​ដោយ​សន្តិវិធី គឺ​ជា​ការ​ទទួល​ខុសត្រូវ​ទាំង​ស្រុង​របស់​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles