Clik here to view.

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) ត្រៀមបែងចែកអាសនៈទំនេរ របស់គណបក្សសង្គ្រោះជាតិ ឲ្យទៅគណបក្សនយោបាយចំនួន៦ បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាមួយនេះ ត្រូវតុលាការកំពូល សម្រេចសាលដីការំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
មានមតិរិះគន់ជាច្រើន បង្ហាញតាមបណ្ដាញសង្គមហ្វ្រេសប៊ុកយ៉ាងចាស់ដៃ ចំពោះការបែងចែកអាសនៈនេះ។
គ.ជ.ប នៅពីថ្ងៃទី១៩ ខែវិច្ឆិកា បានជូនដំណឹងដល់គណបក្សនយោបាយចំនួន ៦ ឲ្យផ្ដល់ព័ត៌មានចាំបាច់មួយចំនួន មកស្ថាប័នខ្លួនដើម្បីចាត់ចែងអនុវត្តការបែងចែកអាសនៈសភា ដែលនៅទំនេរ ដែលស្ថាប័នបោះឆ្នោតអះអាងថា ធ្វើតាមច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។
គណបក្សនយោបាយទាំង ៦ ដែលនឹងទទួលបានអាសនៈសភា ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវរំលាយរួមមាន៖ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរឈប់ក្រ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
ទាក់ទិនការបែងចែកអាសនៈនេះដែរ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ភាគច្រើន បានសរសេរសារបញ្ចេញមតិរិះគន់ធ្ងន់ៗ ដោយបានប្រើពាក្យអសប្បុរសទាំងកំហឹង ទៅលើមេដឹកនាំគណបក្សនយោបាយទាំង៦ និងស្ថាប័ន គ.ជ.ប ដែលត្រៀមទទួល និងបែងចែកអាសនៈសភា របស់គណបក្សសង្គ្រោះជាតិពេលនេះ។
ម្ចាស់គណនីឈ្មោះ (Ah Pheak) ស្ថិតក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមច្រើនទៀត បានសរសេរសាររិះគន់ និងជេរប្រមាថ លើហ្វេសប៊ុក គ.ជ.ប ថា «យកទៅអារបស់លួចគេ ហើយបានដាក់ទំនាយ ឲ្យគណបក្សទាំង ៦នោះ រលាយដូចអំបិលត្រូវទឹក»។
ចំណែក ម្ចាស់គណនីឈ្មោះ (សមសត្យៈ សូ) បានបង្ហោះសារ ដោយបានចាត់ទុក ស្ថាប័នគ.ជ.ប បច្ចុប្បន្ននេះ ថា បានក្លាយទៅជាអាយ៉ង របស់គណបក្សកាន់អំណាចបច្ចុប្បន្ន។
ងាកមកម្ចាស់គណនីឈ្មោះ (Daneath So) បានសរសេរសារថា «ខ្ញុំអត់បានបោះឲ្យគេទេ ហេតុអ្វីយកសន្លឹកឆ្នោត របស់ខ្ញុំឲ្យទៅគេ បើបំផ្លាញចោលទៅទើបសម ព្រោះខ្ញុំមិនបានបោះឲ្យគេទាំងនោះផង»។
ម្ចាស់ឆ្នោតមួយចំនួនទៀត ក៏បង្ហាញការមិនពេញចិត្ត ចំពោះការយកអាសនៈសភា របស់គណបក្សសង្គ្រោះជាតិ ទៅចែកជូនគណបក្សផ្សេង ដែលពួកគេមិនបានបោះឆ្នោតជូននេះដែរ៖ «ពីព្រោះបំណងប្រាថ្នា របស់យើង គឺចង់បានមេឃុំ និងចៅសង្កាត់ល្អ មកដឹកនាំមូលដ្ឋានឲ្យរីកចម្រើន និងមិនប្រព្រឹត្តអំពើពុករលួយជាដើម។ អញ្ចឹងខ្ញុំគិតថា បើមានគណបក្សផ្សេងមកទទួល ឬមានការបែងចែកអាសនៈ ឬកៅអី នេះជូនគណបក្សនយោបាយផ្សេងៗ ដែលម្ចាស់ឆ្នោតបានបោះឆ្នោតជូន គណបក្សសង្គ្រោះជាតិ គឺជាការអនុវត្តផ្ទុយពីឆន្ទៈ របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលរស់នៅក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស»។
ទោះជាបែបនេះក្ដី គ.ជ.ប បានឲ្យដឹងថា លិខិតជូនដំណឹងស្ដីពីការបែងចែកអាសនៈសភា នេះ គ.ជ.ប បានបញ្ជូនទៅដល់គណបក្សនយោបាយចំនួន ៥រួចហើយ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា គឺនៅសល់តែគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យមួយទេ ពុំទាន់បានដាក់ឯកសារមក ព្រោះ គ.ជ.ប មិនទាន់អាចទាក់ទងបាន។
ក្រៅតែពីអាសនៈសភាទាំង ៥៥ ត្រូវគ.ជ.ប យកទៅចែកគេអស់ហើយ ផ្លាកសញ្ញាគណបក្សសង្គ្រោះជាតិនៅទូទាំងប្រទេស ក៏ត្រូវអាជ្ញាធរនៃគណបក្សប្រជាជនកម្ពុជាវាយកម្ទេចចោលទាំងស្រុង។ អ្នកសង្កេតការណ៍ហៅទង្វើនេះថា ជាការប្លន់អំណាច និងជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ៕