Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​និង​ព្រះសង្ឃ​មួយ​ចំនួន​ថា​ការ​ចោទ​​អតីត​បុគ្គលិក​អាស៊ីសេរី​ជា​ការ​បំបិទ​សិទ្ធ​ធ្ងន់ធ្ងរ

Image may be NSFW.
Clik here to view.

ប្រជា​ពលរដ្ឋ​សហគមន៍​ដីធ្លី ជនជាតិ​ដើម​ភាគតិច និង​ព្រះសង្ឃ​មួយ​នៅ​ចំនួន​យល់​ឃើញ​ដូចៗ​គ្នា ថា ករណី​ចំណាត់​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​សម្រេច​ចោទប្រកាន់​មក​លើ​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី ២​រូប គឺ​លោក អួន ឈិន និង​លោក យាង សុជាមេត្តា ពី​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការពារ​ជាតិ​ថា ជា​រឿង​អយុត្តិធម៌​ធ្ងន់ធ្ងរ ដើម្បី​បំបិទ​សិទ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ។

ទាំង​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​លើក​ឡើង​ថា អ្នក​យកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំងអស់​ជា​មនុស្ស​មាន​គុណធម៌ និង​គោរព​វិជ្ជាជីវៈ​ខ្ជាប់ខ្ជួន ក្នុង​ការ​បំពេញ​ការងារ ដោយ​នាំ​ពី​ភាព​អសកម្ម និង​ការរំលោភ​សិទ្ធ​របស់​ប្រជាពលរដ្ឋ​រដ្ឋអំណាច​កម្ពុជា។

ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​ស្ទឹងត្រែង និង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ចោទប្រកាន់​មក​លើ​អ្នកសារព័ត៌មាន​ទាំង​រូប​នេះ ថា​ជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ៖ «ខ្ញុំ​ស្ដាប់​អាស៊ីសេរី​រហូត គាត់​មិន​ដែល​ផ្សាយ​ណា​ខុសច្បាប់​ទេ ផ្សាយ​តែ​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ ដែល​អាជ្ញាធរ​មិន​អនុវត្ត តុលាការ​ក៏​ដូចគ្នា​ដែរ​គឺ​មិន​ឯករាជ្យ​ទេ ធ្វើ​បាប​អ្នក​ទន់ខ្សោយ​តាម​អំពើ​ចិត្ត​នោះ។ ខ្ញុំ​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​គិត​ឡើងវិញ​ថា​គាត់​ធ្វើ​អី​ផ្នែក​ណា​ហើយ​ពិនិត្យមើល​ឡើងវិញ ដើម្បី​កុំ​ឲ្យ​មាន​ភាព​អយុត្តិធម៌​មក​លើ​ពួកគាត់»

ចំណែក​សហគមន៍​ដីធ្លី និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​និយម​ស្ដាប់​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី អះអាង​ថា ការ​ចាប់ខ្លួន​អតីត​អ្នកយកព័ត៌មាន​វិជ្ជាជីវៈ​ទាំង ២​នាក់ គឺជា​ការ​បិទ​ផ្លូវ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ការ​រំលោភបំពាន ដោយ​អ្នកមាន​លុយ​ និង​មន្ត្រី​មានអំណាច៖ «មាន​តែ​ពួកគាត់​ទេ​ក្លាហាន​ចុះ​យក​ព័ត៌មាន ទៅ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​ដឹង​លឺ ព្រោះ​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​ទៀត​ផ្សាយ​ព័ត៌មាន​កាន់ជើង​រដ្ឋាភិបាល ផ្សាយ​ព័ត៌មាន​មិន​ពិត​ដូច​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទេ។ ខ្ញុំ​គិត​ថា ការ​ចាប់​នេះ វា​ជា​រឿង​អយុត្តិធម៌​មក​លើ​អ្នកសារព័ត៌មាន ព្រោះ​គាត់​មិន​កំហុស​ទេ»

រីឯ​ព្រះសង្ឃ​មួយ​ចំនួន​ដែល​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មាន​ថេរៈដីកា​ថា តុលាការ​ចោទ​ប្រកាន់​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំង​២​រូប​នេះ ថា ជា​ការ​ចោទប្រកាន់​ក្នុង​ចេតនា​នយោបាយ ដើម្បី​បំបិទ​សិទ្ធ​មិន​ឲ្យ​អ្នកយកព័ត៌មាន​វិជ្ជាជីវៈ ហ៊ាន​សរសេរ​ព័ត៌មាន​រិះគន់​ពី​អសកម្ម​របស់​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​ឲ្យ​បាន​ដឹង៖ «វា​ហាក់បីដូចជា ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​មក​លើ​អ្នកសារព័ត៌មាន​អាស៊ីសេរី ហើយ​បើ​ទោះ​បី​ជា ពួកគាត់​បាន​លាលែង​ពី​អាស៊ីសេរី​ហើយក៏​ដោយ ក៏ប៉ុន្តែ​ជា​ការ​បំភិតបំភ័យ​ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​ដទៃ​ភ័យខ្លាច។ សម្រាប់​អាត្មា​គឺ​សោកស្ដាយ​មែនទែន ព្រោះ​យើង​នឹង​បាត់បង់​មនុស្ស​ដែល​មាន​វិជ្ជាជីវៈ​មួយ​ដ៏​ល្អ ដែល​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​យើង​បាន​ឆ្លុះបញ្ចាំង​ពី​សង្គម​ពិតប្រាកដ»

ទាំង​ព្រះសង្ឃ ប្រជាពលរដ្ឋ​ព្រមទាំង​សហគមន៍​ដីធ្លី ប្រកាន់​ជំហរ​ថា នឹង​តាមដាន​ពី​ការ​ចាប់ខ្លួន​អ្នកយកព័ត៌មាន​ទាំង​២​នាក់​នេះ យ៉ាង​យកចិត្តទុកដាក់​បំផុត ហើយ​ទទូច​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ទេ ពួកគាត់​នឹង​មិន​នៅ​ស្ងៀម​ឈរ​អោបដៃ​មើល​អ្នក​ទាំង​២​ជាដាច់ខាត ព្រោះ​ពួកគាត់​ជា​មនុស្ស​គ្មាន​កំហុស ហើយ​បំពេញ​ការងារ​ដើម្បី​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​រង​ទុក្ខ​ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អ្នក​មាន​លុយ និង​មានអំណាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles