
ភ្លាមៗ បន្ទាប់ពីតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា សហគមន៍អន្តរជាតិបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងចាស់ដៃដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រមានអោយស្តារស្ថានការណ៍នៅកម្ពុជាអោយដូចដើមវិញ បើមិនដូច្នោះទេ អាចប្រឈមនឹងការផ្ដាច់ជំនួយ។
ខុទ្ទកាល័យព័ត៌មាននៃសិតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល ត្រាំ (Donald Trump) ថ្កោលទោសយ៉ាងខ្លាំងចំពោះការរំលាយគណបក្សប្រឆាំងថា ជាអំពើធ្វើអោយលទ្ធិប្រជាធិបតេយ្យ ដើរថយក្រោយនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៧ វិច្ឆិកា បញ្ជាក់ថា សហរដ្ឋអាមេរិកព្រួយបារម្ភជាខ្លាំងចំពោះការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទពីបទឃុបឃិត ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលនោះ គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងមានចរិតនយោបាយ។
ភស្តុតាងបានបញ្ជាក់បង្ហាញទៅពិភពលោកច្បាស់ថា ការរឹតត្បិតរបស់រដ្ឋាភិបាលកម្ពុជាទៅលើសេរីភាពរបស់អង្គការសង្គមស៊ីវិល ការបង្ក្រាបអ្នកសារព័ត៌មាន និងការហាមឃាត់មេដឹកនាំបក្សជំទាស់ជាង១០០នាក់ មិនអោយធ្វើនយោបាយ ធ្វើអោយដំណើរប្រជាធិបតេយ្យនៅកម្ពុជាត្រឡប់ថយក្រោយ យ៉ាងខ្លាំង និងធ្វើអោយការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការទទួលស្គាល់កម្ពុជាលើឆាកអន្តរជាតិស្ថិតក្នុងហានិភ័យ។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា សហរដ្ឋអាមេរិក នឹងចាត់វិធានការនានាយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងអំពើដ៏គួរអោយសោកស្ដាយយ៉ាងក្រៃលែងរបស់រដ្ឋាភិបាលកម្ពុជានេះ។
ជាជំហានដំបូងសហរដ្ឋអាមេរិក នឹងផ្ដាច់ការគាំទ្រទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រួមទាំងជំនួយផ្នែករដ្ឋបាល ទាក់ទងនឹងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។ សហរដ្ឋអាមេរិកចាត់ទុកថា ស្ថានការណ៍បច្ចុប្បន្ន នឹងធ្វើអោយការបោះឆ្នោតនៅឆ្នាំក្រោយ មិនស្របច្បាប់ មិនសេរី ឬមិនយុត្តិធម៌។
សេចក្ដីថ្លែងការណ៍បន្តថា រដ្ឋាភិបាលកម្ពុជានៅមានពេលធ្វើអោយស្ថានការណ៍ត្រឡប់មកដូចដើមវិញ។ យើងសូមអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាលុបចោលសកម្មភាពទាំងអម្បាលមាណប្រឆាំងគណបក្សសង្គ្រោះជាតិ ដោះលែងមេដឹកនាំបក្សលោក កឹម សុខា ហើយអនុញ្ញាតអោយបក្សប្រឆាំងទាំងឡាយ និងសង្គមស៊ីវិល ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយធ្វើសកម្មភាពស្របច្បាប់របស់ពួកគេឡើងវិញ។
ចំណែកស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៧ វិច្ឆិកា ថ្កោលទោសចំពោះការរំលាយគណបក្សសង្គ្រោះជាតិ ថា ៖ “អូស្ត្រាលីមានក្តីបារម្ភយ៉ាងខ្លាំងចំពោះការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំរបស់កម្ពុជា និងការព្យួរសិទ្ធិនយោបាយរយៈពេលប្រាំឆ្នាំដល់មន្ត្រី និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
សហគមន៍អឺរ៉ុបឯណោះវិញ ដែលជាម្ចាស់ជំនួយដ៏ធំមួយជួយដល់ការបោះឆ្នោតនៅកម្ពុជានោះ ក៏ព្រមានដល់រដ្ឋាភិបាលកម្ពុជាដែរ។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៦ វិច្ឆិកា ផ្ញើចេញពីទីក្រុងប្រ៊ូសសេល (Bruxelle) នៃប្រទេសប៊ែលហ្ស៉ិក (Belgium) សហគមន៍អឺរ៉ុបថ្លែងថា៖ នៅក្នុងដំណើរការបោះឆ្នោតមួយ ដែលបក្សប្រឆាំងដ៏ធំមួយត្រូវបានគេផាត់ចោល តាមទំនើងចិត្តនោះ គឺដំណើរការបោះឆ្នោតនោះ វាមិនស្របច្បាប់ទេ។ ការប្រើកម្លាំងបង្ខំរំលាយចោលគណបក្សសង្គ្រោះជាតិ គឺជាការដកហូតសិទ្ធិបោះឆ្នោត ទាំងកំរោលរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ និង២០១៧។
ការស្តារស្ថានការណ៍អោយដូចដើមវិញ ដែលក្នុងនោះគណបក្សប្រឆាំង មេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេទាំងអស់ អាចធ្វើសកម្មភាពនយោបាយដោយសេរីបានឡើងវិញនោះ ត្រូវតែធ្វើឡើងជាបន្ទាន់។
សេចក្តីថ្លែងការណ៍បន្តថា សហគមន៍អឺរ៉ុប បានផ្ញើសារដដែលៗបែបនេះជាច្រើនសារហើយទៅរដ្ឋអំណាចកម្ពុជា រាប់បញ្ចូលទាំងថ្ងៃនេះផង។
សហគមន៍អឺរ៉ុប បញ្ចប់សារព្រមានរបស់ខ្លួនថា «ការគោរពសិទ្ធិមនុស្សជាមូលដ្ឋានគឺជាលក្ខខណ្ឌចាំបាច់តម្រូវអោយមាន មុននឹងកម្ពុជាអាចបន្តទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម (ABA អេប៊ីអេ) ជាមួយសហគមន៍អឺរ៉ុប ដែលកម្ពុជាអាចនាំទំនិញគ្រប់បែបយ៉ាងចូលសហគមន៍អឺរ៉ុបលើកលែងតែអាវុធជាតិផ្ទុះ។
ចំណែកអង្គការ Freedom House ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដោយដាក់ចំណងជើងថា ទង្វើរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងទៅលើបក្សជំទាស់គឺជាការបើកផ្លូវទៅរករបបផ្ដាច់ការ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៦ វិច្ឆិកា Freedom House ថ្លែងថា ការរំលាយគណបក្សសង្រ្គោះជាតិ ការបំភិតបំភ័យ និងបំបិទសំឡេងជំទាស់ បិទការិយាល័យអង្គការក្រៅរដ្ឋាភិបាល មានអង្គការNDI និងអង្គការសមធម៌ជាដើម ព្រមទាំងអ្នកសារព័ត៌មានឯករាជ គឺជាការបំផ្លាញចោលនូវលទ្ធិប្រជាធិបតេយ្យ។ អង្គការនេះទទូចអោយរដ្ឋាភិបាលកម្ពុជាធ្វើអោយស្ថានការណ៍ត្រឡប់ដូចដើមវិញ ដោយដោះលែងលោក កឹម សុខា និងបញ្ចប់ការគាបសង្កត់យាយីអ្នកការពារសិទ្ធិមនុស្ស។ អង្គការ Freedom House ដែលធ្វើការវាយតម្លៃ និងដាក់ពិន្ទុកម្រិតសេរីភាពក្នុងប្រទេសនានានៅលើពិភពលោក បានដាក់ពិន្ទុអោយកម្ពុជាថា ជាប្រទេសគ្មានសេរីភាពក្នុងឆ្នាំ២០១៧នេះ។
ប្រតិកម្មពីសហគមន៍អន្តរជាតិទាំងនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីតុលាការកំពូលកាលពីថ្ងៃទី១៦ វិច្ឆិកា បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មិនអោយអ្នកនយោបាយបក្សប្រឆាំង១១៨រូបធ្វើនយោបាយចំនួន ៥ឆ្នាំ។