
អាជ្ញាធរខេត្តបាត់ដំបង បញ្ចេញកម្លាំងជាង ៣០០នាក់ រួមមានប៉ូលិស ទាហាន និងកងរាជអាវុធហត្ថ ដាក់ប្រចាំការនៅតាមគោលដៅសំខាន់ៗនៅក្នុងបាត់ដំបង ដើម្បីត្រៀមបង្ក្រាបការតវ៉ាទាំងឡាយ ណារបស់ប្រជាពលរដ្ឋ។ ទន្ទឹមគ្នានេះ ពលរដ្ឋមួយចំនួនបានរិះគន់ថា ការដាក់កម្លាំងនេះគឺជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
ប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង មួយចំនួនហាក់មិនសប្បាយចិត្តទៅនឹងការបញ្ចេញកម្លាំងដ៏ច្រើន ដោយអាជ្ញាធរសម្រាប់បង្ក្រាបការតវ៉ារបស់ពលរដ្ឋនេះឡើយ។
ពលរដ្ឋរស់នៅក្រុងបាត់ដំបង ឈ្មោះ ឈឿន សុភី ថ្លែងនៅថ្ងៃទី១៥ ខែវិច្ឆិកា ថា សព្វថ្ងៃប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ធ្វើដំណើរទៅមកជាធម្មតា ក៏ប៉ុន្តែពួកគាត់ហាក់មិនហ៊ានបញ្ចេញមតិរិះគន់រឿងនយោបាយនោះទេ ព្រោះលោកថា មានបញ្ហាដល់អាយុជីវិត ត្បិតអីអាជ្ញាធរដាក់កម្លាំងសម្រាប់បង្ក្រាបជាច្រើននាក់៖ «ខ្ញុំមានអារម្មណ៍សោកស្ដាយព្រោះសិទ្ធិ សេរីភាពមនុស្សម្នាក់ៗតែងមានសិទ្ធិសេរីក្នុងការបញ្ចេញយោបល់ តែបើគេធ្វើដូច្នេះ ខ្ញុំមានអារម្មណ៍ថា ដូចគេបំបិទយើងដូចមានអារម្មណ៍ថា មិនសប្បាយទេ ហើយខ្ញុំមិនចង់ឲ្យគេធ្វើបែបនេះទេ ប៉ុន្តែមិនដឹងធ្វើយ៉ាងមិចបើយើងនៅក្រោមគេ បើយើងនិយាយខ្លាំងយើងអាចបាត់ខ្លួន»។
នៅស្នងការនគរបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា មានការហ្វឹកហាត់កម្លាំងប៉ូលិស ទាហាន និងមន្ត្រីកងរាជអាវុធហត្ថចំនួនជាង ៣០០នាក់ ដោយមានបំពាក់អាវុធ និងដំបងខែលសម្រាប់បង្ក្រាបបាតុកម្ម។ ក្រោយពីការហ្វឹកហាត់ប្រមាណ ១ម៉ោងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ដដែល កម្លាំងទាំងនោះត្រូវបានបញ្ចេញទៅប្រចាំគោលដៅរៀងខ្លួននៅក្នុងក្រុងបាត់ដំបង។
អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ មានប្រសាសន៍ទៅកាន់កងកម្លាំងទាំងនោះ ដែលបានថតបង្ហោះតាមគេហទំព័រស្នងការនគរបាលខេត្តបាត់ដំបងថា កម្លាំងទាំងអស់ធ្វើយ៉ាងណាបង្ក្រាបក្រុមជនដែលធ្វើបាតុកម្មតវ៉ាឲ្យខាងតែបាន ទោះបីក្នុងរូបភាពណាក៏ដោយ។ លោកអះអាងថា ការធ្វើនេះដើម្បីរក្សាសន្តិសុខនៅក្នុងសង្គមជូនប្រជាពលរដ្ឋ៖ «ក៏ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភគឺការញុះញង់ពីមជ្ឈដ្ឋានជាច្រើនដែលចិញ្ចឹមចិត្តលង់ខ្លួនចាញ់បោកឧបាយកលទាំងនេះ ដែលជួបកាលយើងអាចមើលឃើញ និងមើលមិនឃើញ។ ពាក្យថាមើលមិនឃើញនេះភាគច្រើនគេច្រើនតែបង្វែរសាច់រឿងពីរឿងតវ៉ារបស់ប្រជាពលរដ្ឋផ្សេងៗ ទៅជារឿងនយោបាយ ដែលថ្នាក់ដឹកនាំ និងកងកម្លាំងយើងប្រហែលយល់ពីអំពើទាំងនេះហើយ»។
ទោះជាយ៉ាងនេះក្ដី ពលរដ្ឋនៅក្រុងបាត់ដំបង ម្នាក់ទៀត លោក ចាន់ ប៊ូណា លើកឡើងថា គ្មានប្រជាពលរដ្ឋណាគេធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនោះទេ ប្រសិនបើរដ្ឋាភិបាលដឹកនាំដើម្បីបម្រើសេចក្ដីសុខជូនប្រជាពលរដ្ឋនោះ។
លោកហៅការដាក់កម្លាំងការពារនៅក្នុងបាត់ដំបង នេះថាជាការគំរាមកំហែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៖ «ខ្ញុំគិតថានេះគឺជាលេសរបស់អាជ្ញាធរប៉ុណ្ណោះ ក្នុងការត្រៀមការពារដើម្បីការអនុវត្តច្បាប់របស់ខ្លួនដែលផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។ សម្រាប់ប្រជាពលរដ្ឋវិញខ្ញុំគិតថា ប្រជាពលរដ្ឋមិនចេញមកតវ៉ាអីទេ បើទោះបីជាពួកគាត់ធ្វើបាតុកម្មក៏ដោយក៏ធ្វើក្នុងក្របខ័ណ្ឌច្បាប់ទាំងអស់»។
លិខិតរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោក ស ខេង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ស្នើឲ្យអភិបាលខេត្តរាជធានីទាំង២៥ រៀបចំក្រុមការងារប្រចាំបញ្ជាតាមដាន និងដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាចនៅកម្ពុជា។ ក្នុងលិខិតដដែលនេះឲ្យដឹងទៀតថា ដើម្បីគ្រប់គ្រងតាមដានស្ថានការណ៍ និងដោះស្រាយទាំងអស់នេះបានឆាប់រហ័ស ត្រូវរៀបចំក្រុមការងារសម្រាប់បញ្ជាតាមដានបញ្ហានេះ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា តទៅ។
ប្រធានបណ្ដាញគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា វិធានការរបស់ក្រសួងមហាផ្ទៃនេះជាការរំលោភលើរដ្ឋធម្មនុញ្ញ ព្រោះជាការបំបិទសិទ្ធិសេរីភាពក្នុងការតវ៉ាដោយសន្តិវិធីរបស់ពលរដ្ឋ៖ «ខ្ញុំគិតថារហូតមកដល់ពេលនេះដូចមិនទាន់មានបទបញ្ញត្តិណាមួយហាមប្រាមទៅដល់ការតវ៉ាការសម្ដែងមតិទេ ប៉ុន្តែវិធានការខ្លះគឺធ្វើឡើងផ្ទុយពីច្បាប់។ ពីព្រោះក្រៅពីធានាសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋទាមទារតវ៉ាដោយសន្តិវិធី ដែលធានាដោយរដ្ឋធម្មនុញ្ញក៏មានច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីដែរ»។
អាជ្ញាធរបានដាក់កម្លាំងទប់ស្កាត់មិនឲ្យមានការតវ៉ាប្រឆាំងនឹងការរំលាយគណបក្សបក្សសង្គ្រោះជាតិ នៅគ្រប់ខេត្តទូទាំងប្រទេស ជាពិសេសនៅតំបន់សំខាន់ៗ រួមមាននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងភ្នំពេញ និងនៅតាមទីរួមខេត្តជាដើម៕