Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​រ៉ែ​និង​ថាមពល​គ្រោង​ប្រមូល​ចំណូល​ពី​វិស័យ​រ៉ែ​ឲ្យ​បាន​២០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧

$
0
0

ក្រសួង​រ៉ែ និង​ថាមពល គ្រោង​ប្រមូល​ចំណូល​ពី​វិស័យ​រ៉ែ​ឲ្យ​បាន ២០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ នេះ។ តំណាង​ក្រសួង​រ៉ែ និង​ថាមពល លើក​ឡើង​បែប​នេះ​នៅ​ក្នុង​វេទិកា​យុវជន​ស្ដីពី “អភិបាលកិច្ច​ឧស្សាហកម្ម​និស្សារណកម្ម” ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មីនា នៅ​រាជធានី​ភ្នំពេញ។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា បញ្ជាក់​ថា ក្រសួង​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ៣​សំខាន់ ដើម្បី​ប្រមូល​ចំណូល​ធនធាន​រ៉ែ​ឲ្យ​បាន ២០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ នេះ។ នោះ​គឺ​ជា​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ការ​ធ្វើ​អធិការកិច្ច ព្រម​ទាំង​ការ​ដាក់​ទោស​ទណ្ឌ និង​ការ​ពិន័យ​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​អាជ្ញាប័ណ្ណ និង​កិច្ចព្រមព្រៀង។

លោក​បញ្ជាក់​ទៀត​ថា ចាប់​ពី​ឆ្នាំ​២០១៧ នេះ​ទៅ ក្រសួង​នឹង​លែង​ឲ្យ​មាន​បំណុល​ធនធាន​រ៉ែ​ត​ទៅ​ទៀត​ហើយ ពោល​គឺ​រាល់​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ទាំងអស់ ត្រូវ​តែ​បង់ ឬ​ទូទាត់​ថវិកា​ដែល​ជំពាក់​មក​ឲ្យ​រដ្ឋ​វិញ​ជា​ចាំបាច់។

លោក អ៊ឹង ឌីប៉ូឡា ទទួល​ស្គាល់​ថា ចំណូល​ពី​វិស័យ​រ៉ែ​ដែល​ប្រមូល​បាន​កាល​ពី​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន​មាន​ចំនួន​តិច ដោយសារ​មាន​ចន្លោះ​ខ្វះខាត​ច្រើន​ទាក់ទង​នឹង​ការ​ប្រមូល​ចំណូល​នេះ។ ក៏ប៉ុន្តែ​លោក​ថា ចំណូល​ពី​វិស័យ​រ៉ែ​បាន​កើន​ឡើង​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ ពោល​គឺ​នៅ​ក្រោយ​ពេល​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​កំណែ​ទម្រង់​ក្នុង​វិស័យ​មួយ​នេះ៖ «»

តួលេខ​របស់​ក្រសួង​រ៉ែ និង​ថាមពល បង្ហាញ​ថា ក្រសួង​ប្រមូល​ចំណូល​ពី​វិស័យ​រ៉ែ​បាន​ចំនួន ២​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣ និង ៣​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤។ តួលេខ​នៃ​ចំណូល​ពី​វិស័យ​នេះ បាន​កើន​ឡើង​ដល់ ១០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ និង ១៣​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦។ ចំណូល​ធនធាន​រ៉ែ​នេះ​បាន​មក​ពី​រ៉ែ​ខ្សាច់ ថ្ម​សំណង់ សេវាកម្ម​សាធារណៈ ឧស្សាហកម្ម​អាជីវកម្ម​រ៉ែ ដូចជា រ៉ែ​លោហៈ និង​រ៉ែ​មាស ជាដើម និង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ចំពោះ​អាជីវកម្ម​រ៉ែ​តូចៗ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ឃើញ​ថា ចំណូល​ត្រឹម ២០​លាន​ដុល្លារ​ដែល​ក្រសួង​រ៉ែ និង​ថាមពល គ្រោង​ប្រមូល​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៧ នេះ ហាក់​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​អាជីវកម្ម​រ៉ែ​គ្រប់​ប្រភេទ​ដែល​កំពុង​កើត​មាន​នៅ​ទូទាំង​ប្រទេស៖ «»

លោក សន ជ័យ លើក​ឡើង​ពី​ក្តី​បារម្ភ​មួយ​ទៀត​ទាក់ទង​នឹង​ការ​ប្រមូល​ចំណូល​ពី​ធនធាន​រ៉ែ គឺ​ការ​គេច​មិន​បង់​ពន្ធ ដែល​លោក​ហៅ​ថា​ជា​ការ​រំលោភ​អំណាច ប្រព្រឹត្ត​ដោយ​ក្រុម​អ្នក​មាន​លុយ និង​មាន​អំណាច​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ៖ «»

កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ ក្រសួង​ផ្ដល់​អាជ្ញាប័ណ្ណ​អណ្ដូង​រ៉ែ និង​ការដ្ឋាន​វាយ​ថ្ម​ចំនួន ៤០១​អាជ្ញាប័ណ្ណ ស្វែង​រុករក​ចំនួន ៦១​អាជ្ញាប័ណ្ណ ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ចំនួន ២៣ និង​អាជ្ញាប័ណ្ណ​សិប្បកម្ម​ចំនួន ៣២៦។ ធនធាន​រ៉ែ​ដែល​ក្រសួង​ផ្ដល់​អាជ្ញាប័ណ្ណ រួម​មាន​រ៉ែ​ថ្ម​កំបោរ រ៉ែ​ធ្យូង​ថ្ម និង​រ៉ែ​លោហៈ ដែល​មាន​នៅ​ខេត្ត​កំពត បាត់ដំបង ព្រះវិហារ មណ្ឌលគិរី និង​ខេត្ត​រតនគិរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles