សហគមន៍មានទំនាស់ដីធ្លីនៅតំបន់បឹងកក់ នឹងផ្អាកការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ (Black Monday) ជាបណ្ដោះអាសន្ន។ ដូចគ្នានេះ សហគមន៍បុរីកីឡា ក៏ប្រកាសជំហរថា នឹងមិនធ្វើអ្វីធំដុំដែរ ប៉ុន្តែផ្សព្វផ្សាយសារទាមទារនៅក្នុងសហគមន៍។
តំណាងអ្នកបឹងកក់ លោកស្រី បូវ សោភា ឲ្យដឹងនៅថ្ងៃទី១៩ មីនា ថា សមាជិកសហគមន៍ដីធ្លីនៅតំបន់បឹងកក់ នឹងមិនធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទេ នៅថ្ងៃច័ន្ទ ទី២០ មីនា។ លោកស្រីថា ការផ្អាកនេះជាការផ្អាកបណ្ដោះអាសន្ន ប៉ុន្តែក៏មិនទាន់មានពេលវេលាចាប់ផ្ដើមឡើងវិញដែរ៖ «ខ្ញុំអត់ទាន់ច្បាស់ទេ ដោយសារមួយរយៈហ្នឹងពួកខ្ញុំមានយុទ្ធនាការចុះតាមខេត្តច្រើន។ អ៊ីចឹងខ្ញុំចង់ធ្វើការតាមខេត្ត»។
កាលពីខែធ្នូ ឆ្នាំ២០១៦ សហគមន៍បឹងកក់ និងសហគមន៍បុរីកីឡា បានប្រកាសផ្អាកយុទ្ធនាការមួយរយៈដែរ ដោយសង្ឃឹមថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាចដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងតំណាងអ្នកបឹងកក់ដែលកំពុងជាប់ពន្ធនាគារ។ ពួកគាត់បានបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅឡើងវិញ និងដើរដាក់ញត្តិតាមស្ថានទូតមហាអំណាច និងស្ថាប័នរដ្ឋមួយចំនួន រកអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤រូប មន្ត្រី គ.ជ.ប ១រូប និងតំណាងអ្នកបឹងកក់ ១រូប គឺអ្នកស្រី ទេព វន្នី ដែលនៅបន្តជាប់ឃុំឃាំង។
រីឯតំណាងអ្នកសហគមន៍បុរីកីឡា លោកស្រី សរ ស៊ន ថ្លែងឲ្យដឹងថា នៅថ្ងៃច័ន្ទ ទី២០ មីនា ក្រុមរបស់អ្នកបុរីកីឡា នឹងមិននាំគ្នាហែក្បួនតវ៉ាទៅណាទេ ដោយយល់ថារដ្ឋាភិបាលកំពុងកាន់ទុក្ខមរណភាពរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន៖ «សម្រាក ប៉ុន្តែធ្វើសកម្មភាពស្លៀកពាក់នៅក្នុងសហគមន៍។ ស្លៀកពាក់ខោអាវពណ៌ខ្មៅ និងយើងផ្ញើជាសារទាមទារដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប លោក នី ចរិយា និងសុំឲ្យទម្លាក់ការចោទប្រកាន់លោក គឹម សុខ និងរកឃាតកជូនលោកបណ្ឌិត កែម ឡី។ តែពួកខ្ញុំអត់បានធ្វើសកម្មភាពធំទេស្អែក»។
លោកស្រី សរ ស៊ន ឋិតក្នុងក្រុមគ្រួសារចំនួន ១៤ ដែលមិនបានទទួលផ្ទះរស់នៅក្នុងអគារអភិវឌ្ឍន៍នៅបុរីកីឡា ហើយក៏មិនព្រមទទួលកញ្ចប់ដំណោះស្រាយរបស់សាលារាជធានីភ្នំពេញ ដែលឲ្យផ្ទះនៅភូមិអណ្ដូង ជាយក្រុងភ្នំពេញ ឬយកកញ្ចប់ថវិកាចំនួន ៥ពាន់ដុល្លារ ហើយដើរចេញ។ លោកស្រីគ្រោងធ្វើសន្និសីទកាសែតមួយនៅថ្ងៃសុក្រ ទី២៤ មីនា ដើម្បីបញ្ជាក់ជំហរបដិសេធដំណោះស្រាយនេះ។
អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា កាលពីថ្ងៃទី៧ មីនា ដាក់ឱសានវាទថា អ្នកបុរីកីឡាទាំងនេះមានរយៈពេលត្រឹមមួយខែប៉ុណ្ណោះ ដើម្បីមកទទួលយកគោលការណ៍ដោះស្រាយរបស់គណៈកម្មការចម្រុះចាប់ពីពេលជូនដំណឹង៖ «ផុតពេលវេលានៃការជូនដំណឹងជាផ្លូវការនេះ គឺយើងមិនទទួលខុសត្រូវនូវការដោះស្រាយបញ្ហារបស់បុរីកីឡាបន្តទៀតទេ»។
ជារៀងរាល់ថ្ងៃច័ន្ទ អ្នកបឹងកក់ និងបុរីកីឡា តែងធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដោយស្លៀកពាក់ខ្មៅ ដើម្បីទាមទារឲ្យដោះលែងអ្នកជាប់ឃុំ ៦រូប គឺមន្ត្រីសិទ្ធិមនុស្សអាដហុក ៤រូប មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី អគ្គលេខាធិការរង គ.ជ.ប ១រូប គឺលោក នី ចរិយា ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្នុងពន្ធនាគារ ១១ខែហើយពីបទផ្សំគិត និងសូកប៉ាន់សាក្សីក្នុងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំ។ ចំណែកអ្នកស្រី ទេព វន្នី ត្រូវបានតុលាការឃុំខ្លួនជាង ៧ខែហើយ ទាក់ទងនឹងការចោទប្រកាន់ដឹកនាំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ និងរឿងរ៉ាវពីរករណីទៀតកើតឡើងកាលពីជាង ៤ឆ្នាំមុន ហើយត្រូវតុលាការក្រុងភ្នំពេញសើរើឡើងវិញ៕