Clik here to view.

ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ បច្ចុប្បន្នកំពុងសម្រាកព្យាបាលព្រះកាយនៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ដោយសារសម្ពាធឈាមឡើងខ្ពស់ ដែលបណ្ដាលឲ្យព្រះអង្គមានជំងឺដាច់សរសៃឈាមខួរក្បាល។
ខុទ្ទកាល័យព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ ឲ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានផ្សាយថ្ងៃទី១៤ ខែវិច្ឆិកា ថា ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ បានយាងចូលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យនេះតាំងពីរសៀលថ្ងៃច័ន្ទ ទី៦ វិច្ឆិកា មកម្ល៉េះ។
យ៉ាងណាក៏ដោយ ទីប្រឹក្សារបស់ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ លោកជំទាវ ម៉ម ដាថាលីណែត ថ្លែងប្រាប់អាស៊ីសេរី ឲ្យដឹងនៅល្ងាចថ្ងៃទី១៤ វិច្ឆិកា ថា គិតមកទល់ពេលនេះ ស្ថានភាពជំងឺរបស់ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ មានភាពប្រសើរឡើងជាបណ្ដើរៗហើយ ក៏ប៉ុន្តែព្រះអង្គនៅពុំទាន់អាចកម្រើកព្រះកាយផ្នែកខាងឆ្វេងបាននៅឡើយទេ។ ទីប្រឹក្សាព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ ដដែលរូបនេះបន្តថា បញ្ហាជំងឺរបស់ព្រះអង្គកំពុងស្ថិតក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមវេជ្ជបណ្ឌិតជំនាញ ហើយថា ជំងឺរបស់ព្រះអង្គនឹងមានភាពល្អប្រសើរឡើងវិញនៅពេលឆាប់ៗខាងមុខនេះ បើទោះបីជាលោកជំទាវនៅមិនទាន់អាចបញ្ជាក់បានថា នៅពេលណាឲ្យពិតប្រាកដទើបព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ អាចយាងចេញពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះហើយអាចចូលបម្រើការងារដូចធម្មតាឡើងវិញនោះ។
ក្រៅពីតួនាទីជាឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បច្ចុប្បន្ន ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ ក៏មានតួនាទីជាសមាជិកមួយរូបក្នុងចំណោមសមាជិក ៩រូបនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ព្រះអង្គក៏ជាស្ថាបនិក និងជាព្រះប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) ដែលជាវិទ្យាស្ថានក្រុមប្រឹក្សាយោបល់ និងស្រាវជ្រាវ (Think-Tank) ដ៏ល្បីឈ្មោះរបស់កម្ពុជា។
ក្នុងពេលអតីតកាល ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ ធ្លាប់បម្រើតួនាទីជាសហឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជាសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសមាជិកព្រឹទ្ធសភា និងជាសមាជិករដ្ឋសភា។
ព្រះអង្គបានយាងចូលបម្រើក្នុងវិស័យនយោបាយជាលើកដំបូងតាំងពីឆ្នាំ១៩៧១ មកម្ល៉េះ។ ព្រះអង្គបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យល្បីឈ្មោះមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ គឺជាព្រះអនុជមាតាទីទៃរបស់អតីតព្រះមហាក្សត្រសម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ បច្ចុប្បន្ន ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ មានព្រះជន្ម ៦៦ព្រះវស្សា៕