Quantcast
Viewing all articles
Browse latest Browse all 11174

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​សំឡូត​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​គ្រប់គ្រង​អាវុធ​ខុស​ច្បាប់

Image may be NSFW.
Clik here to view.

មន្ត្រី​ប៉ូលិស​នៃ​អធិការ​នគរបាល​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ឃាត់​ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ស៊ុង ម្នាក់​យក​ទៅ​ឃុំ​ខ្លួន​ដោយ​គ្មាន​ដីកា​ពី​តុលាការ។ មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចោទ​ប្រកាន់​ពី​បទ​គ្រប់គ្រង​អាវុធ​ខុស​ច្បាប់។ ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ការ​ចាប់​បុគ្គល​ណា​ម្នាក់​ដែល​ពុំ​មាន​​ភស្តុតាង​បញ្ជាក់​​គឺ​ជា​អំពើ​ខុស​ច្បាប់។

​​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ស្រុក​សំឡូត​ បាន​ប្រតិកម្ម​​នឹង​ការ​ចាប់​ខ្លួន​ដោយ​សមត្ថកិច្ច​នេះ ថា​ជា​ការ​បំភិតបំភ័យ​មក​លើ​សមាជិក​គណបក្ស​ខ្លួន​ក្នុង​ចេតនា​នយោបាយ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​សំឡូត លោក អ៊ុំ ពេជ្រ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ថា សកម្មជន​របស់​គណបក្ស​ដែល​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស៊ុង ចាប់​ខ្លួន​នោះ​ ឈ្មោះ អ៊ូច សាវ ជា​ជន​ពិការ​ដៃ​ឆ្វេង អាយុ ៦០​ឆ្នាំ​ ជា​​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​ស៊ុង លេខ​រៀង​ទី​១០ របស់​គណបក្ស​លោក។ លោក​អះអាង​ថា​ មុន​ពេល​ចាប់​ខ្លួន​​​កាល​ពី​ប្រមាណ​ម៉ោង ១១​ព្រឹក ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា  សមត្ថកិច្ច​បាន​ទៅ​ឆែកឆេរ​ផ្ទះ​របស់​ជន​ត្រូវ​ចោទ ​ប៉ុន្តែ​រក​មិន​ឃើញ​វត្ថុតាង​នោះ​ទេ។

លោក អ៊ុំ ពេជ្រ អះអាង​ទៀត​ថា ការ​ចាប់​ខ្លួន​នេះ​ ​ប៉ូលិស​ក៏​ពុំ​មាន​ដីកា​ពី​តុលាការ​ដែរ​ ​ដោយ​​​គ្រាន់​តែ​មាន​ការ​ចង្អុល​បង្ហាញ​​ពី​ពលរដ្ឋ​ម្នាក់​ដែល​ប៉ូលិស​បាន​ហៅ​​ទៅ​​សាកសួរ​អំពី​រឿង​ជម្លោះ​ក្នុង​គ្រួសារ​ កាល​ពី​ពេល​ថ្មីៗ​នេះ៖ «ធម្មតា​ការ​ចាប់​មួយៗ​គេ​មាន​ភស្តុតាង​គេ​មាន​ឯកសារ​អី​ច្បាស់លាស់​ណាស់ ប៉ុន្តែ​នេះ​វា​អត់​មាន មក​ចោទ​គ្នា​នៅ​នឹង​ផ្ទះ​ ដូច​ថា​ការ​គំរាម​កំហែង​មក​លើ​ពួក​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​គេ​ខ្លបខ្លាច។ ការ​ធ្វើ​ទង្វើ​បែប​នេះ​ សម្រាប់​ពលរដ្ឋ​នៅ​ក្បែរៗ​ផ្ទះ​គាត់​គេ​អត់​ពេញ​ចិត្ត​ បើ​សិន​ជា​ដីកា​គេ​មិន​ថា​អី​ទេ»

Image may be NSFW.
Clik here to view.

 

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស៊ុង លោក កែវ វិបុល មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​ពិការ​​សកម្មជន​គណបក្ស​ប្រឆាំង​នេះ ​ដោយសារ​មាន​ការ​ចង្អុល​បង្ហាញ​ពី​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា អ្នក​នយោបាយ​ពិការ​​រូប​នេះ បាន​លាក់​ទុក​កាំភ្លើង អេ.ខេ (A.K) មួយ​ដើម នៅ​ក្នុង​ផ្ទះ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

 

លោក​អះអាង​ទៀត​ថា ការ​ចាប់​ខ្លួន​នេះ​ ធ្វើ​ឡើង​ដោយ​មាន​ដីកា​ពី​តុលាការ​ត្រឹមត្រូវ៖ «ដំបូង​មាន​ការ​ពាក់ព័ន្ធ​ដូច​ខ្ញុំ​ឆ្លើយ​ខាង​ដើម ដោយ​មាន​ការ​ឆ្លើយ​ដាក់​គឺ​គេ​បាន​ឃើញ​គាត់​មាន​កាន់​អាវុធ។ ដូច្នេះ​ខាង​ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​មក​គាត់​គោលការណ៍​ព្រះរាជអាជ្ញា​​សុំ​ឆែកឆេរ​ផ្ទះ​តែ​រក​អត់​ឃើញ​ តែ​វា​នៅ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆ្លើយ​ដាក់»

​​​ទោះ​ជា​យ៉ាង​ណា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​សំឡូត លោក អ៊ុំ ពេជ្រ អះអាង​ថា​ អំឡុង​​សមត្ថកិច្ច​ចុះ​​​ឆែកឆេរ​នៅ​ផ្ទះ​ជន​ត្រូវ​ចោទ​នោះ គឺ​ប៉ូលិស​បាន​ធ្វើ​លិខិត​ចាប់​ខ្លួន​នៅ​ទីនោះ​តែម្ដង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា សមត្ថកិច្ច​អាច​ចាប់​ជន​ណា​ម្នាក់​បាន​លុះត្រាតែ​​ករណី​បទល្មើស​ជាក់ស្ដែង​ដែល​ជន​នោះ​កំពុង​ប្រព្រឹត្ត។

ចំណែក​ករណី​នេះ លោក យិន ម៉េងលី អះអាង​ថា​ ជន​ត្រូវ​ចោទ​ពុំ​មែន​ជា​បទល្មើស​ជាក់ស្ដែង​ទេ ហើយ​លោក​ថា ការ​ចាប់​ខ្លួន​នេះ​​ជា​អំពើ​ខុស​ច្បាប់៖ «អ៊ីចឹង​ខ្ញុំ​ចង់​បញ្ជាក់​សា​ជា​ថ្មី​ថា ការ​ប្រើប្រាស់​និង​គ្រប់គ្រង​អាវុធ​ខុស​ច្បាប់​នេះ​ ទាល់​តែ​មាន​ការ​ឆែកឆេរ​ឃើញ ឬ​ក៏​ជន​នឹង​កំពុងតែ​កាន់កាប់​នោះ ទើប​ចោទ​បទល្មើស​បាន។ បើ​មិន​ដូច្នេះ​ទេ វា​ជា​វិមតិសង្ស័យ​ទៅ​តាម​ផ្លូវ​ច្បាប់​វិមតិសង្ស័យ​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ​គឺ​សមត្ថកិច្ច​មិន​ត្រូវ​ទៅ​ឃាត់​ខ្លួន​ពួកគាត់​ទេ​ ត្រូវ​ធ្វើ​ការ​តាម​ដាន ឬ​កសាង​សំណុំ​រឿង​ដើម្បី​រក​ភស្តុតាង និង​រក​សាក្សី​ដាក់​បន្ទុក​ថែម​ទៀត»

គិត​ត្រឹម​ម៉ោង ​១០​កន្លះ​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចាប់​ខ្លួន​ ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​នៅ​អធិការ​នគរបាល​ស្រុក​សំឡូត នៅ​ឡើយ។ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ឃុំ​ស៊ុង លោក កែវ វិបុល ឲ្យ​ដឹង​ថា សមត្ថកិច្ច​នឹង​បញ្ជូន​សង្ស័យ​ទៅ​សាកសួរ​បន្ត​នៅ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles