
ស្របពេលដែលក្រុមមេដឹកនាំមកពីបណ្ដាប្រទេសនានា ក្នុងសមាគមអាស៊ាន កំពុងជួបប្រជុំគ្នាក្នុងសន្និសីទកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋមកពីប្រទេសអាស៊ានទាំង១០នេះ បូករួមទាំងប្រទេសទីម័រខាងកើត ផង ក៏បានរៀបចំឲ្យមានឡើងនូវវេទិកាសង្គមស៊ីវិលអាស៊ាន និងពលរដ្ឋអាស៊ានឆ្នាំ២០១៧។ វេទិកានេះ កំពុងរៀបចំនូវសេចក្ដីថ្លែងការណ៍រួមមួយដែលបញ្ជាក់អំពីសំណូមពរ និងក្តីបារម្ភនានា របស់សង្គមស៊ីវិល និងពលរដ្ឋអាស៊ាន រួមនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យផង ដើម្បីដាក់ជូនទៅក្រុមមេដឹកនាំអាស៊ាន ធ្វើការពិចារណា និងលើកយកមកអនុវត្ត។
ក្រុមប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ចលនាសង្គម អង្គការមិនមែនរដ្ឋាភិបាលតំណាងឲ្យក្រុមយុវជន កុមារ ស្ត្រី ពលករ មនុស្សវ័យចំណាស់ ជនជាតិដើមភាគតិច ជនពិការ ក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងក្រុមមនុស្សមកពីវិស័យផ្សេងទៀត រួមទាំងក្រុមអ្នកសិក្សាមកពីបណ្ដាប្រទេសចំនួន១០ ក្នុងតំបន់អាស៊ាន បូករួមទាំងប្រទេសទីម័រខាងកើត បានជួបប្រជុំគ្នាក្នុងវេទិកាប្រចាំឆ្នាំលើកទី១២ របស់ខ្លួន ហៅថា វេទិកាសង្គមស៊ីវិល និងប្រជាពលរដ្ឋអាស៊ានឆ្នាំ២០១៧។ ពួកគេរៀបចំឲ្យមានវេទិកានេះឡើង ដើម្បីបង្ហាញអំពីកម្លាំងសាមគ្គីភាពរបស់ពួកគេនៅចំពោះមុខបញ្ហាប្រឈមនានាដែលសមាគមអាស៊ានកំពុងជួបប្រទះ ហើយដាក់ចេញនូវជម្រើសដែលអាចសម្រេចបានដទៃទៀតដើម្បីបម្រើដល់ប្រជាពលរដ្ឋទូទៅក្នុងតំបន់នេះនៅពេលអនាគតយ៉ាងពិតប្រាកដ។
បញ្ហាសំខាន់ៗមួយចំនួនដែលវេទិកាអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋអាស៊ានឆ្នាំ២០១៧នេះ លើកយកមកពិភាក្សា និងស្វែងរកដំណោះស្រាយរួមមាន បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិទទួលបានយុត្តិធម៌អំពើកេងប្រវ័ញ្ចរបស់សាជីវកម្ម និងក្រុមអ្នកមានអំណាចបំឡាស់ទីការងារ និងទេសន្តរប្រវេសក៍ចម្រុះ ការងារសមស្រប បម្រែបម្រួលការការពារសង្គម និងជីវិត ដើម្បីភាពសេចក្ដីថ្លៃថ្នូរសម្រាប់ទាំងអស់គ្នា សន្តិភាព និងសន្តិសុខមនុស្ស ដែលប្រទេសនានាក្នុងតំបន់អាស៊ានកំពុងជួបប្រទះ។
សេចក្ដីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី១២ ខែវិច្ឆិកា របស់វេទិកាសង្គមស៊ីវិល និងប្រជាពលរដ្ឋអាស៊ានឆ្នាំ២០១៧នេះ ឲ្យដឹងថា ក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋអាស៊ាន បានគូសបញ្ជាក់អំពីអាកប្បកិរិយារបស់សមាគមអាស៊ាន ដែលមិនយកចិត្តទុកដាក់ ឬរាប់បញ្ចូលនូវក្រុមមនុស្សដែលងាយរងគ្រោះ និងក្រុមមនុស្សដែលបម្រើឲ្យវិស័យទន់ខ្សោយមួយចំនួន ចាប់តាំងពីការបង្កើតឲ្យមានសមាគមអាស៊ាននេះឡើងអស់រយៈពេល ៥០ឆ្នាំមកនេះ។ ពួកគេបានអំពាវនាវឲ្យមានយន្តការថ្នាក់តំបន់មួយ ដែលផ្ដោតការយកចិត្តទុកដាក់ខ្ពស់ចំពោះសិទ្ធិ និងក្តីបារម្ភនានារបស់ប្រជាពលរដ្ឋក្នុងតំបន់អាស៊ាននេះ ទៅក្នុងកម្មវិធីអភិវឌ្ឍន៍ និងសមាហរណកម្មថ្នាក់តំបន់របស់អាស៊ាន។
នាយិកាគណៈកម្មាធិការកណ្ដាលប្រចាំតំបន់របស់វេទិកាសង្គមស៊ីវិល និងប្រជាពលរដ្ឋអាស៊ាន លោកស្រី ហេឡែន ប៉ាក្លារិន (Jelen Paclarin) សម្ដែងនូវសេចក្ដីសោកស្ដាយចំពោះការរួមចុះនៃលំហនៃការចូលរួមរបស់ពលរដ្ឋ សង្គមស៊ីវិល និងអង្គការតំណាងប្រជាពលរដ្ឋនានានៅក្នុងដំណើរការ និងយន្តការរបស់សមាគមអាស៊ាន។ អ្នកស្រីថ្លែងថា ក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋអាស៊ាន រៀបចំឲ្យមានសន្និសីទនេះឡើង ដោយសង្ឃឹមថា ក្រុមមេដឹកនាំអាស៊ានទាំងនេះ នឹងទទួលយកនូវសំណូមពររបស់ពួកគេ ហើយទទួលស្តាប់នូវសំឡេង និងក្តីបារម្ភនានារបស់ពលរដ្ឋក្នុងតំបន់នេះ។
អ្នកស្រី ស្រី សុធាវី នាយិកាប្រតិបត្តិនៃអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) ដែលបានចូលរួមក្នុងវេទិកាសង្គមស៊ីវិល និងប្រជាពលរដ្ឋអាស៊ាននេះ បានគូសបញ្ជាក់ពីតម្រូវការក្នុងការពិនិត្យមើលឡើងវិញនូវគោលនយោបាយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់សមាគមអាស៊ាន ដែលអ្នកស្រីយល់ថា បានក្លាយជាលេសមួយបណ្ដាលឲ្យរដ្ឋាភិបាលនានា ក្នុងតំបន់អាស៊ាន នៅបន្តសម្ងំស្ងៀមមិនសូវអើពើនឹងករណីរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលផ្ដាច់ការនានាក្នុងតំបន់អាស៊ាននេះ។ អ្នកស្រី ស្រី សុធាវី បានថ្លែងប្រាប់អាស៊ីសេរី តាមទូរស័ព្ទពីទីក្រុងម៉ានីល កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា នៅថ្ងៃទី១៤ ខែវិច្ឆិកា នេះ វេទិកាសង្គមស៊ីវិល និងប្រជាពលរដ្ឋអាស៊ាន នឹងធ្វើសន្និសីទព័ត៌មានមួយជុំវិញការអនុម័តសេចក្ដីថ្លែងការណ៍រួមរបស់វេទិកានេះ ដើម្បីដាក់ជូនទៅក្រសួងការបរទេសហ្វីលីពីន ដែលជាប្រទេសម្ចាស់ផ្ទះ ធ្វើការដើម្បីចែករំលែកឯកសារនេះជូនបណ្ដាក្រុមមេដឹកនាំអាស៊ាន ស្ថាប័នអាស៊ាន និងអង្គទូតរបស់ប្រទេសពាក់ព័ន្ធនានា យកមកធ្វើការពិចារណា។ អ្នកស្រីថា បញ្ហាវិបត្តិសិទ្ធិមនុស្ស និងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវបានដាក់បញ្ចូលក្នុងសេចក្ដីថ្លែងការណ៍រួមនេះដែរ៖ «»។
ដោយឡែកសម្រាប់លោក ប៉ែន សុមុន្នី នាយកប្រតិបត្តិអង្គការស្ម័គ្រចិត្តដើម្បីសង្គម (ហៅកាត់ថា CVS) ដែលបានចូលរួមក្នុងវេទិកានេះ លោកបានថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ពីរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីនថា បច្ចុប្បន្នវេទិកានេះកំពុងប្រមូលធាតុផ្សំ និងអនុសាសន៍នានា ដែលបានប្រមូលពីកិច្ចប្រជុំពិភាក្សាគ្នាកន្លងមកក្នុងរយៈពេល ៤ថ្ងៃនេះ ដើម្បីដាក់បញ្ចូលទៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់វេទិកានេះ ដែលក្នុងនោះក៏រួមមានបញ្ហាវិបត្តិរំលោភសិទ្ធិមនុស្សដ៏គួរឲ្យបារម្ភនៅកម្ពុជា ផងដែរ៖ «»។
ក្នុងថ្ងៃទីមួយនៃសន្និសីទកំពូលអាស៊ានប្រចាំឆ្នាំលើកទី៣១ គេសង្កេតឃើញមានក្រុមមនុស្សម្នារាប់រយនាក់ តំណាងឲ្យអង្គការសង្គមស៊ីវិល និងចលនាសង្គមមកពីប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានចូលរួមក្នុងវេទិកាសង្គមស៊ីវិល និងប្រជាពលរដ្ឋអាស៊ានឆ្នាំ២០១៧នេះ បាននាំគ្នាដើរដង្ហែជាក្បួននៅវិមានអនុស្សាវរីយ៍អំណាចពលរដ្ឋនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីព្រលប់ថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីសម្ដែងការមិនពេញចិត្តអំពីករណីរំលោភសិទ្ធិមនុស្ស ការធ្លាក់ចុះនូវការគោរពនីតិរដ្ឋ និងគោលនយោបាយសេដ្ឋកិច្ចដែលខ្វះយុត្តិធម៌ និងអសមភាពនៅក្នុងតំបន់។ ពួកគេក៏បានស្រែកទាមទារឲ្យមានការផ្លាស់ប្ដូរក្នុងសមាគមអាស៊ាន និងឲ្យមានការផ្ដោតលើទិដ្ឋភាពសង្គមក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
វេទិកាអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋអាស៊ាន នឹងបិទបញ្ចប់ទៅនៅថ្ងៃទី១៤ ខែវិច្ឆិកានេះ តាមរយៈការប្រកាសចេញសេចក្ដីថ្លែងការណ៍រួម ជាមួយនឹងការសន្យាពីសំណាក់ក្រុមអ្នកចូលរួមថា នឹងពង្រឹងនូវសម្ពន្ធភាពរបស់ពួកគេឲ្យមានភាពកាន់តែខ្លាំងក្លាជាងនេះ ហើយបន្តធ្វើការតស៊ូមតិជាមួយសមាគមអាស៊ាន ដើម្បីសម្រេចបាននូវសេចក្ដីប្រាថ្នា និងការទាមទារនានារបស់ពួកគេនៅអនាគត៕