Quantcast
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​បារម្ភ​ខ្លាច​មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវ​បិទ​ទ្វារ​ដោយសារ​ខ្វះ​ថវិកា​មក​ទ្រទ្រង់

Image may be NSFW.
Clik here to view.

អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​មន្ទីរពេទ្យ​គន្ធបុប្ផា​បិទទ្វារ ដោយសារ​ខ្វះ​ថវិកា​សម្រាប់​ចំណាយ​ទិញ​ថ្នាំ​ព្យាបាល​កុមារ​ក្រីក្រ និង​ចំណាយ​ទៅ​លើ​ប្រាក់បៀវត្សរ៍​បុគ្គលិក​ពេទ្យ​ដែល​មាន​ចំនួន​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយឆ្នាំៗ។

មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ស្ថិត​ក្នុង​ចំណោម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ស្ថាប័ន​ទៀត ព្រួយ​បារម្ភ​ជា​ថ្មី​ថា ប្រសិនបើ​មន្ទីរពេទ្យ​គន្ធបុប្ផា បិទ​ទ្វារ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ស្វែង​រក​សេវា​ព្យាបាល​ជំងឺ​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​មិន​គិត​ថ្លៃ​នៅ​មន្ទីរពេទ្យ​នេះ។ លោក​ថា ពេល​នោះ​ទំនង​ជា​អត្រា​ស្លាប់​របស់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ អាច​មាន​កំណើន​ខ្ពស់​ឡើង​វិញ។

លោក ស៊ឹង សែនករុណា ស្នើ​ដល់​ផ្នែក​ពាក់ព័ន្ធ​នានា ពិសេស​រាជរដ្ឋាភិបាល ត្រូវ​មាន​កញ្ចប់​ថវិកា​ចំណាយ​ប្រចាំ​ឆ្នាំ​សម្រាប់​ផ្ដល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ឲ្យ​បាន​ទៀង​ទាត់។ លោក​ថា បើ​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស​ស្វីស និង​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀត ជាពិសេស​ជួយ​សម្រាល​អម្រែក​ដែល​ស្ថាបនិក និង​ជា​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) បាន​ខិតខំ​ស្វែងរក​ដ៏​លំបាក​នៅ​ពេល​កន្លង​ទៅ។

លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា៖ «មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ គឺ​ជា​កន្លែង​មួយ​ដែល​ប្រជាពលរដ្ឋ​ក្រីក្រ​ទូទៅ ហើយ​គាត់​មិន​មាន​លទ្ធភាព​នាំ​កូន ឬ​កុមារ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ល្អៗ ដែល​មាន​តម្លៃ ឬ​សេវា​ខ្ពស់​នោះ គឺ​គាត់​តែងតែ​នាំ​កូនៗ របស់​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មនុស្ស​ធម៌​មួយ​នេះ។ ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ ជាពិសេស​ក្រសួង​សុខាភិបាល ត្រូវ​យកចិត្តទុកដាក់​ធ្វើ​យ៉ាង​ណា​ឲ្យ​មន្ត្រី​ពេទ្យ​គន្ធបុប្ផា ឲ្យ​មាន​ដំណើរការ​ទៅ​មុខ​បាន​ដោយ​រលូន ដើម្បី​បន្ត​សកម្មភាព​ជួយ​ដល់​កុមារ​កម្ពុជា ជា​បន្ត​ទៀត ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​អន្តរជាតិ​នានា ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​អំណោយ​មនុស្ស​ធម៌​ជា​មូលនិធិ​កន្លង​មក​នេះ ត្រូវ​យក​ចិត្ត​ទុក​ដាក់​គាំទ្រ​ជា​មូលនិធិ​ដល់​មន្ទីរពេទ្យ​ដ៏​មាន​សារសំខាន់​មួយ​នេះ សម្រាប់​កុមារ​កម្ពុជា នៅ​ថ្ងៃ​អនាគត​ទៀត»

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា  មន្ទីរពេទ្យ​មនុស្ស​ធម៌​មួយ​នេះ បាន​បើក​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​មិន​យក​លុយ​មាន​រយៈពេល ២៥​ឆ្នាំ​គត់។ ២៥​ឆ្នាំ​កន្លង​ទៅ​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​សរុប ៦៣២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ចំណាយ​ទិញ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​កុមារ និង​ជំងឺ​ស្ត្រី​មាន​ផ្ទៃពោះ​ចំណាយ​ទៅ​លើ​ប្រាក់បៀវត្សរ៍​បុគ្គលិក និង​ចំណាយ​ផ្សេងៗ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា ២៥​ឆ្នាំ​កន្លង​ទៅ​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ទទួល​ពិនិត្យ​ព្យាបាល​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន ១.៨៥៣.៥១០​ករណី និង​ស្ត្រី​មាន​ផ្ទៃពោះ ២៤៥.៥៩១​នាក់ បាន​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ (គន្ធបុប្ផា​ទី​៣)។

សរុប​មក​បាន​ជួយ​ព្យាបាល​ជំងឺ​ជូន​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​សរុប ១៦.៨២២.២២៥​ករណី ហើយ​អ្នក​ជំងឺ​ភាគ​ច្រើន​ស្ថិត​ក្នុង​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

​មន្ទីរពេទ្យ​គន្ធបុប្ផា ក៏​ត្រូវ​បាន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​កាកបាទក្រហម​កម្ពុជា ទទួល​ស្គាល់​ថា ជា​មន្ទីរពេទ្យ​គំរូ​ល្អ​លើស​គេ ដោយ​សេវា​ព្យាបាល​មាន​ប្រសិទ្ធភាព​ជា​សះស្បើយ​ខ្ពស់ និង​បាន​រួម​ចំណែក​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា និង​កុមារ​នៅ​កម្ពុជា ថែម​ទៀត។

ត្រង់​ចំណុច​នេះ​ហើយ ទើប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សុខាភិបាល រៀបចំ​ផែនការ​គាំទ្រ​ថវិកា​ចាំបាច់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ពិសេស​ផែនការ​ផ្ដល់​ហិរញ្ញប្បទាន​ពី​សំណាក់​រាជរដ្ឋាភិបាល​សម្រាប់​ទ្រទ្រង់​និរន្តរភាព​មន្ទីរពេទ្យ​គន្ធបុប្ផា ឲ្យ​មាន​ដំណើរ​ជា​រៀង​រហូត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles