Quantcast
Viewing all articles
Browse latest Browse all 11174

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មួយ​រូប​ស្នើ​​អាជ្ញាធរ​ចាត់ការ​អ្នក​ក្លែង​ថា​លោក​ចុះចូល​បក្ស​កាន់​អំណាច

Image may be NSFW.
Clik here to view.

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក ងឹម ញេង ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជាបន្ទាន់ ទៅ​លើ​ជនល្មើស​ដែល​លួច​បង្ហោះ​លិខិត​ក្លែងក្លាយ​មួយ​ច្បាប់ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​បន្លំ​ថា រូបលោក​បាន​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ឯកសារ​ដែល​ក្លែងបន្លំ​នោះ ពុំ​មែន​ជា​របស់​លោក​ឡើយ។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក ងឹម ញេង បញ្ជាក់​ជំហរ​ថា លោក​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត​ជា​ដាច់ខាត។

លោក​ក៏បាន​បង្ហាញ​ការ​តាំង​ចិត្ត​នេះ ដោយ​សរសេរ​ប្រកាស​ជា​ឱឡារិក​នៅ​ក្នុង​ហ្វេសប៊ុក របស់​លោក កាលពី​យប់​ថ្ងៃ​ទី​៥ វិច្ឆិកា ក្រោយ​ពី​មាន​អ្នក​លួច​បង្ហោះ​លិខិត​ក្លែងក្លាយ​មួយ​ច្បាប់ ថា​លោក​បាន​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​កំពុង​ស្នាក់នៅ​ក្រៅ​ប្រទេស​រូប​នេះ ចាត់​ទុក​លិខិត​ក្លែងក្លាយ របស់​ជន​អនាមិក​នោះ គឺជា​អំពើ​ទុច្ចរិត លាប​ពណ៌​របស់​មនុស្ស​មួយ​ក្រុម​ដែល​ល្មោភ​អំណាច។

លោក ងឹម ញេង ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រាវជ្រាវ និង​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឲ្យ​ខាន​តែ​បាន។

អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា។

ខ្លឹមសារ​ក្នុង​លិខិត​ក្លែងក្លាយ​នោះ​សរសេរ​ថា លោក ងឹម ញេង ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ សូម​គោរព​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ស្នើ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​លិខិត​ក្លែងក្លាយ​ដដែល​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​ការ​ស្នើ​នេះ ខ្ញុំបាទ​សូម​ជម្រាប​លោកនាយក​រដ្ឋមន្ត្រី​ថា នៅ​ពេល​ដែល​បាន​ដឹង​ថា លោក កឹម សុខា ជា​ជន​ក្បត់​ជាតិ និង​មាន​បញ្ហា​ផ្ទៃក្នុង​បក្ស​ជាច្រើន ទើប​ខ្ញុំបាទ​សម្រេច​បោះបង់​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​តទៅទៀត​ហើយ។ លិខិត​របស់​ជន​អនាមិក​ដែល​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១ វិច្ឆិកា​នោះ ឲ្យ​ដឹង​ទៀត​ថា ខ្ញុំ​បាទ​សូម​លោកនាយក​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​រូប​ខ្ញុំ​បាទ ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​ដោយ​ក្ដី​អនុគ្រោះ។

មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា មាន​ប្រសាសន៍​ថា ការ​លួច​បង្ហោះ​លិខិត​ក្លែងក្លាយ ដើម្បី​បង្ខូច​ឈ្មោះ​របស់​បុគ្គល​ដទៃ ក្នុង​ហ្វេសប៊ុក គឺជា​អំពើ​ខុសច្បាប់។ លោក​អះអាង​ទៀត​ថា បញ្ហា​នេះ​អាជ្ញាធរ​ត្រូវតែ​ចាត់​វិធានការ ទៅ​លើ​ការ​ប្រព្រឹត្តិ​តាម​ច្បាប់ ព្រោះ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​អ្នកដទៃ៖ «ដូចនេះ​វា​ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ និង​ប្រយោជន៍​បុគ្គល បានជា​គេ​កំណត់​វា​ជា​បទល្មើស។ ហើយ​អាជ្ញាធរ​ត្រូវតែ​អនុវត្ត​ច្បាប់​ដូច​ការ​អនុវត្ត​ច្បាប់​ទូទៅ​ដែរ ហើយ​ឲ្យ​ស្មើភាព​គ្នា ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ ដើម្បី​ឲ្យ​ការ​អនុវត្ត​នោះ​បាន​ស្មើភាព​នៅ​ចំពោះ​មុខ​ច្បាប់»

ទោះជា​យ៉ាងណា​លោក យឿង សុធារ៉ា កត់សំគាល់​ទៀត​ថា ករណី​បែប​នេះ កន្លង​មក​កើត​មាន​ជា​ហូរហែ ក៏ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់ របស់​អាជ្ញាធរ​ហាក់​រើសអើង ទៅលើ​មន្ត្រី​គណបក្ស​ប្រឆាំង ដោយ​មិន​ចាត់​វិធានការ​ភ្លាមៗ ដូច​ករណី​ពលរដ្ឋ​រិះគន់​ទៅលើ​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ៖ «អាជ្ញាធរ​មូលដ្ឋាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​មាន​ការរើសអើង​បែបនេះ វា​ធ្វើ​ឲ្យ​ទំនាស់​សង្គម​កាន់តែ​ជ្រាលជ្រៅ និង​ធ្វើ​ឲ្យ​ការរើសអើង​នៅ​ក្នុង​សង្គម ហើយ​ប្រជាពលរដ្ឋ និង​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។ប្រព័ន្ធ​យុត្តិធម៌​មិន​សំដៅ​តែ​ទៅលើ​ប្រព័ន្ធ​តុលាការ​ទេ គឺ​សំដៅ​ផង​ដែរ​ទៅលើ​មន្ត្រី ដែល​អនុវត្ត​ច្បាប់​ផ្ទាល់ គឺ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​ពួកគាត់​ជា​សេនាធិការ​របស់​តុលាការ»

កាលពី​ថ្ងៃ​ទី​២៧ តុលា កន្លងទៅ​លោក ងឹម ញេង ត្រូវ​បាន​មន្ត្រី​ប៉ូលិស​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បង្អាក់​ដំណើរ​លោក ប្រមាណ ១​ម៉ោង​ម្ដង​រួច​ទៅ​ហើយ ខណៈ​ដែល​លោក​ធ្វើដំណើរ​ឆ្លងដែន​ទៅ​ក្រៅ​ប្រទេស​នោះ។ កាលណោះ​មន្ត្រី​ប៉ូលិស​បាន​ប្រាប់​លោក​ថា លិខិតឆ្លងដែន​របស់​លោក​ត្រូវ​បាន​បង្កក​មិន​ឲ្យ​ចេញទៅ​ក្រៅ​ប្រទេស​ទេ។ ប៉ុន្តែ​មួយ​ម៉ោង​ក្រោយ​មក ប៉ូលិស​ក៏​សម្រេច​ប្រថាប់ត្រា​អោយ​លោក​បាន​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles