Clik here to view.

ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់នាំគ្នាសម្រុកឆ្លងដែនទៅកម្សាន្តនៅប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងឱកាសឈប់សម្រាកថ្ងៃបុណ្យអុំទូក។ចំពោះតំបន់ដែលអ្នកទេសចរណ៍ខ្មែរនិយមទៅលេងក្នុងថ្ងៃឈប់សម្រាកនេះ មានទីក្រុងបាងកក និងក្រុងប៉ាតាយ៉ា។
អ្នកធ្វើដំណើរទៅប្រទេសថៃ ក្នុងថ្ងៃឈប់សម្រាកនេះ មានទាំងអ្នកទៅទេសចរណ៍ និងក្រុមពលករខ្មែរទៅធ្វើការនៅប្រទេសថៃ។
បុគ្គលិកក្រុមហ៊ុនដឹកអ្នកដំណើរនៅក្រុងប៉ោយប៉ែត ម្នាក់សុំមិនឲ្យបញ្ចេញឈ្មោះក្រុមហ៊ុន ឲ្យដឹងនៅថ្ងៃទី៣ ខែវិច្ឆិកា ថា ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យអុំទូកប្រពៃណីខ្មែរចាប់ពីថ្ងៃទី២ ខែវិច្ឆិកា មក យ៉ាងហោចណាស់មានពលរដ្ឋខ្មែរសម្រុកឆ្លងដែនទៅប្រទេសថៃ ប្រមាណពី ៣.០០០នាក់ក្នុងមួយថ្ងៃ។ បុគ្គលិកក្រុមហ៊ុនដឹកអ្នកដំណើររូបនេះអះអាងទៀតថា ក្នុងចំណោមអ្នកឆ្លងដែននោះ ប្រមាណ ៦០ភាគរយ ជាអ្នកទៅលេងកម្សាន្ត ក្រៅពីនោះគឺពលករទៅស្វែងរកធ្វើតាមរយៈក្រុមហ៊ុននានា ដែលនាំពលករទៅប្រទេសថៃ។
លោកបន្ថែមថា អ្នកធ្វើដំណើរច្រើនធ្វើឲ្យច្រកព្រំដែនទាំងនៅខាងខ្មែរ និងថៃ នៅពេលព្រឹកកកស្ទះអស់ជាច្រើនម៉ោង៖ «កាលពីម្សិលមិញរកតែឡានជិះអត់បានផង ប៉ុន្តែថ្ងៃនេះមិនសូវអីទេ ព្រោះមានឡានបន្ថែមមកច្រើន ដោយអ្នកដំណើររង់ចាំប្រហែលពី ៣ ទៅ ៤ម៉ោងទើបរកឡានបាន ហើយឡានក៏ឡើងថ្លៃដែរ ដែលថ្ងៃធម្មតាតម្លៃឡានឈ្នួលតែ ២.៥០០បាត ឬស្មើ ៣០ម៉ឺនរៀល ប៉ុន្តែគេឡើងថ្លៃដល់ ៣ពាន់បាត ឬប្រមាណ ៣៧ម៉ឺនរៀលឯណោះ»។
ពលរដ្ឋរូបនេះឲ្យដឹងទៀតថា អ្នកទេសចរណ៍ទាំងនោះមានទាំងអ្នកលេងទៅជាលក្ខណៈឯកជន និងតាមរយៈក្រុមហ៊ុនទេសចរណ៍ ដូចទៅជាមួយសាច់ញាតិ និងមិត្តរួមការងារជាដើម។
ចំណែកតំបន់ដែលអ្នកទេសចរណ៍ខ្មែរនិយមទៅលេងកម្សាន្តច្រើន គឺនៅទីក្រុងបាងកក និងនៅមាត់សមុទ្រទីក្រុងប៉ាតាយ៉ា។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) លោក ភុន ឈិន កត់សំគាល់ថា អ្នកដែលទៅលេងប្រទេសថៃនេះ គឺជារឿងធម្មតាទៅហើយរបស់ពលរដ្ឋខ្មែរ ព្រោះនៅពេលបុណ្យប្រពៃណីសំខាន់ៗរបស់ខ្មែរ គឺពួកគេតែងតែទៅលំហែកាយទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីផ្លាស់ប្ដូរបរិយាយសង្គម ក្រោយពីធ្វើការងារនឿយហត់៖ «ដោយសារតែកន្លងមកប្រជាពលរដ្ឋយើងក៏ដូចជាមន្ត្រីរាជការផង គាត់តែទៅកម្សាន្តនៅពេលថ្ងៃបុណ្យឈប់សម្រាប់ច្រើនថ្ងៃ។ ខ្ញុំគិតថា រឿងនេះមិនមានពាក់ព័ន្ធនឹងរឿងស្ថានការណ៍នយោបាយនៅកម្ពុជាទេ គឺជាប្រក្រតីធម្មតាដែលតែងតែចេញចូលដើរលេងកម្សាន្តរបស់ពលរដ្ឋ»។
អ្នកទេសចរណ៍ខ្មែរដែលទៅលេងនៅទីក្រុងបាងកក ភាគច្រើនស្នាក់នៅតំបន់ផ្សារប្រះទូណាម ព្រោះជាតំបន់ឧស្សាហកម្ម មានអគារខ្ពស់ៗ និងផ្សារទំនើបធំៗជាច្រើន ព្រមទាំងមានក្រុមហ៊ុនរថយន្តឈ្នួលដឹកអ្នកដំណើរជាច្រើនក្រុមហ៊ុន ធ្វើឲ្យងាយស្រួលក្នុងការធ្វើដំណើរត្រឡប់មកកម្ពុជា បានឆាប់រហ័ស។
អ្នកទេសចរណ៍សម្រុកឆ្លងដែនខ្លាំងនៅថ្ងៃទី២ ខែវិច្ឆិកា ហើយពួកគាត់ភាគច្រើននឹងត្រឡប់មកកម្ពុជាវិញ ដែលអាចនឹងធ្វើអោយកកស្ទះនៅច្រកព្រំដែនម្ដងទៀត នៅថ្ងៃទី៥ ខែវិច្ឆិកា៕