
ពលរដ្ឋដែលចូលរួមព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ មួយចំនួនលើកឡើងថា ពួកគេមានការភ័យខ្លាចនៅពេលឃើញក្រុមសមត្ថកិច្ចចម្រុះរាប់រយនាក់ ដាក់ពង្រាយស្ពាយកាំភ្លើងដើរបង្ហាញពេញនៅទីសាធារណៈ។ ប៉ុន្តែមេប៉ូលិសក្រុងភ្នំពេញ និយាយថា ការដាក់កងកម្លាំងយ៉ាងតឹងរ៉ឹងបែបនេះ ដើម្បីធានាសុខសុវត្ថិភាពពេញលេញជូនដល់ប្រជាពលរដ្ឋ។
បើទោះរដ្ឋាភិបាលលោក ហ៊ុន សែន ចេញមុខប្រកាសក្ដែងៗថា ប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពពេញលេញហើយក្តី ប៉ុន្តែពលរដ្ឋដើរលេងកម្សាន្តក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ បែរជាយល់ថា ប្រទេសនេះដូចកំពុងមានភេរវកម្ម ឬជាប្រទេសទើបរំដោះបានពីសង្គ្រាមទៅវិញ។ ការយល់ឃើញរបស់ពលរដ្ឋដូចនេះ ក៏ព្រោះតែក្រុមសមត្ថកិច្ចចម្រុះកាន់អាវុធគ្រប់ដៃ ដោយគ្មានបិទបាំង ដើរជាក្បួននៅគ្រប់ទីតាំងសាធារណៈដែលជាកន្លែងដើរលំហែរបស់ពលរដ្ឋ។
ពលរដ្ឋចូលរួមដើរកម្សាន្តពិធីបុណ្យអុំទូកម្នាក់ លោក អួន អន ប្រាប់ថា ដោយសារនៅកន្លែងណាក៏លោកឃើញតែសមត្ថកិច្ចស្ពាយកាំភ្លើងដើរធ្វើឲ្យពិធីដើរសប្បាយនេះក្លាយពិធីដែលគួរឲ្យបារម្ភពីសុវត្ថិភាពទៅវិញ។ លោកថា បុណ្យអុំទូកឆ្នាំនេះមានកងកម្លាំងប្រដាប់អាវុធច្រើនជាងឆ្នាំមុនៗ៖ «»។
ចំណែកលោក អ៊ិន បញ្ញា ប្រាប់ថា លោកមានការភ្ញាក់ផ្អើលនៅពេលឃើញសមត្ថកិច្ចយ៉ាងច្រើនដាក់ពង្រាយនៅតាមផ្លូវ និងទីប្រជុំជន។ ពលរដ្ឋរូបនេះយល់ថា លោកមិនជំទាស់ទៅនឹងការដាក់កងកម្លាំងដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ទេ ប៉ុន្តែ គួរកុំបង្ហាញរូបភាពសសមត្ថកិច្ចស្ពាយកាំភ្លើងដើរខ្លាំងពេក៖ «»។
ការលើកឡើងរបស់ពលរដ្ឋដូចនេះ នៅពេលនៅទីក្រុងភ្នំពេញ កំពុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូកដែលមានរយៈពេលបីថ្ងៃ ហើយថ្ងៃទី៣ ខែវិច្ឆិកា នេះ ជាថ្ងៃទី២ ហើយនៃពិធីបុណ្យ។ ពលរដ្ឋរាប់ម៉ឺននាក់សម្រុកទៅលេងពិធីបុណ្យនេះនៅភ្នំពេញ ប៉ុន្តែអ្នកភ្នំពេញ ឯណោះវិញបែរជានាំគ្នាសម្រុកចាកចេញពីភ្នំពេញ ដើរលេងកម្សាន្តនៅតាមបណ្ដាខេត្តនានា ដែលជាតំបន់ទេសចរណ៍។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ឲ្យដឹងថា ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យអុំទូកនេះ លោកបានដាក់កងកម្លាំងចម្រុះជាងមួយម៉ឺននាក់។
ប៉ុន្តែ អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ផ្សេងពីនេះ។ លោកថា ការពង្រាយកងកម្លាំងច្រើនប្រដាប់ដោយអាវុធដូចនេះ គឺធ្វើឲ្យពលរដ្ឋ និងភ្ញៀវទេសចរណ៍ ភ័យខ្លាចទៅវិញទេ។ លោកបន្តថា កងកម្លាំងទាំងនេះទន្ទឹមការងារសន្តិសុខ ក៏អាចជាត្រៀមទប់ស្កាត់ក្នុងករណីផ្ទុះបាតុភាពអ្វីមួយ ខណៈបញ្ហានយោបាយកំពុងឡើងកម្ដៅខ្លាំង៖ «»។
ប្រជាពលរដ្ឋដែលឆ្អែតឆ្អន់នឹងសង្គ្រាម និងមិនចង់ឃើញឧបករណ៍ធ្វើសង្គ្រាម ស្នើទៅរដ្ឋាភិបាលនៅពេលរៀបចំពិធីបុណ្យអុំទូកឆ្នាំក្រោយៗ ធ្វើយ៉ាងណាកុំបង្ហាញឲ្យពួកគេឃើញកាំភ្លើងស្ដែងច្បាស់ៗពេក គួរមានការបិទបាំងឲ្យបាន ឬបង្កប់កងកម្លាំងជាស៊ីវិលល្អជាងការដាក់បង្ហាញនៅទីសាធារណៈយ៉ាងច្រើនដូចឆ្នាំនេះ៕