
សមាជិកសភាអាមេរិក ផ្ដាំទៅប្រជាពលរដ្ឋខ្មែរទាំងអស់កុំឲ្យអស់សង្ឃឹម ព្រោះសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក កំពុងរិះរកមធ្យោបាយដើម្បីជួយដោះស្រាយវិបត្តិនយោបាយនៅប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពពេញលេញក្នុងការសម្រេចជ្រើសរើសមេដឹកនាំតាមឆន្ទៈរបស់ខ្លួន។
សមាជិកសភាអាមេរិក ពីខាងគណបក្សសាធារណៈរដ្ឋ លោក ស្ទីវ ឆាបុត (Steve Chabot) បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យបន្តក្ដីសង្ឃឹមនេះ។
ថ្លែងប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) កាលពីថ្ងៃទី១ ខែវិច្ឆិកា លោក ស្ទីវ ឆាបុត បានបញ្ជាក់អំពីការបន្តគិតគូរដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈការដាក់ទណ្ឌកម្ម ដូចជាការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការ (វីសា) ចំពោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញទៅលើគណបក្សប្រឆាំង ការបិទសិទ្ធិសេរីភាពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការបិទអង្គការសង្គមស៊ីវិលជាដើម។
លោក ស្ទីវ ឆាបុត៖ «ខ្ញុំសូមផ្តាំថា កុំឲ្យបោះបង់ក្ដីសង្ឃឹម។ អ្នកទាំងអស់គ្នាអាចនឹងមានអនាគតភ្លឺស្វាងនៅពេលខាងមុខ។ ពលរដ្ឋខ្មែរមានសិទ្ធិជ្រើសរើសមេដឹកនាំ និងរស់នៅតាមរបៀបចង់បាន មិនមែនរដ្ឋាភិបាលជាអ្នកសម្រេចអ្វីៗទាំងអស់នោះទេ។ ប្រជាពលរដ្ឋត្រូវមានសេរីភាព។ សេរីភាពនេះនឹងមាននៅកម្ពុជា។ តែអភ័ព្វដែលនៅកម្ពុជា គ្មានសេរីភាពដូចសព្វថ្ងៃនេះ។ តែគង់នឹងមាននៅថ្ងៃណាមួយ។ សូមកុំអស់សង្ឃឹម!»។
សារលើកទឹកចិត្ត និងគាំទ្រការតស៊ូប្រឆាំងនឹងចំណាត់ការរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ដែលកំពុងប៉ុនប៉ងរម្លាយគណបក្សសង្គ្រោះជាតិ និងកាត់ទោសលោក កឹម សុខា នេះ ត្រូវតំណាងរាស្ត្រអាមេរិកមួយរូបទៀត ពីខាងគណបក្សសាធារណរដ្ឋដែរ គឺសមាជិកព្រឹទ្ធសភាលោក ថេត គ្រូស (Ted Cruz) ព្រមានជាថ្មីកាលពីថ្ងៃទី៣១ ខែតុលា កន្លងទៅនេះទៀតថា បើសិនជារដ្ឋាភិបាលមិនដោះលែងលោក កឹម សុខា ឲ្យបានមុនថ្ងៃទី៩ វិច្ឆិកា នោះទេ លោកនឹងធ្វើយុទ្ធនាការដើម្បីឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា ឲ្យខាងតែបាន។ សាររម្លឹកអំពីការដាក់ឱសានវាទនេះ លោក ថេត គ្រូស ថ្លែងនៅតាមបណ្តាញផ្សព្វផ្សាយសង្គម Twitter ភ្លាមៗក្រោយតុលាការកំពូល សម្រេចបន្តឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក លោក ថេត គ្រូស ធ្លាប់បានដាក់សារលិខិតមួយច្បាប់ផ្ញើជូនទៅអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង កាលពីថ្ងៃទី២៣ ខែតុលា ដោយលោកទុកពេលឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន រហូតដល់ត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីដោះលែងលោក កឹម សុខា។
លោក ថេត គ្រូស ព្រមានបន្ថែមថា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក និងកម្ពុជា ពេលកន្លងមកប្រព្រឹត្តទៅបានក៏ដោយសារឈរលើស្មារតីនៃលទ្ធិប្រជាធិបេតយ្យ សេរី និងការបោះឆ្នោតដែលគួរឲ្យជឿទុកចិត្តមួយបាន។ ប៉ុន្តែ ការណ៍ដែលរដ្ឋាភិបាលកម្ពុជា បិទក្រុមឯករាជ្យ ដែលឃ្លាំមើលស្ថានការណ៍បោះឆ្នោត បិទអង្គការសិទ្ធិមនុស្ស បិទស្ថានីយវិទ្យុជាច្រើន និងចាប់លោក កឹម សុខា ដាក់ពន្ធនាគារដូច្នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែកំពុងតែបំផ្លាញទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែលោក ហ៊ុន សែន កំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ផងដែរ។
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា កំពុងរងសម្ពាធយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ រួមមានសហគមន៍អឺរ៉ុប ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលសុទ្ធតែជាប្រទេសម្ចាស់ជំនួយដ៏ធំរបស់កម្ពុជា។ ថ្មីៗនេះ គណៈប្រតិភូសភាអឺរ៉ុប ក៏ព្រមានរដ្ឋាភិបាលកម្ពុជាថា អឺរ៉ុបអាចនឹងចាត់វិធានការជុំវិញជំនួយផ្នែកអភិវឌ្ឍន៍ និងការអនុគ្រោះពន្ធ ប្រសិនបើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានភាពដុនដាបខ្លាំង ដោយសារការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ សហគមន៍អន្តរជាតិ សុទ្ធតែបានសម្ដែងបំណងដូចគ្នាមួយ គឺចង់ឃើញប្រទេសកម្ពុជា មានប្រជាធិបតេយ្យពិតប្រាកដ តាមរយៈការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយត្រូវផ្ដល់ឱកាសចូលរួមឲ្យបានស្មើភាពគ្នា និងមានតម្លាភាពសម្រាប់គ្រប់ភាគី៕