
សែរាជវង្ស និងមេដឹកនាំទូទាំងពិភពលោក ប្រមាណ៤០ប្រទេស ព្រមទាំងមន្ត្រីស្ថានទូតប្រចាំប្រទេសថៃ ចំនួន៩០ប្រទេសចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើង អតីតព្រះមហាក្សត្រថៃ ព្រះបាទភូមិបុល អាដុលយ៉ាដេត (Phumibol Adulyadej) នៅទីក្រុងបាងកក នៅថ្ងៃទី២៦ តុលា។
នៅក្នុងព្រះរាជពិធីនោះ ក៏មានមន្ត្រីរាជការរបស់ថៃគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋថៃទូទាំងប្រទេសប្រមាណ ២៥ម៉ឺននាក់ ចូលរួមដែរ។
ពិធីថ្វាយព្រះភ្លើងដែលចាក់ផ្សាយនៅគ្រប់ស្ថានីយទូរទស្សន៍ក្នុងស្រុករបស់ថៃ ឲ្យដឹងថា ពិធីនេះធ្វើឡើងតាមព្រះរាជប្រពៃណីរបស់ថៃ នៅសួនស្នាមហ្លួង ជាប់ព្រះបរមរាជវាំង នាទីក្រុងបាងកក ដោយមានព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស ព្រមទាំងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ ថ្នាក់ដឹកនាំទាហាន ប៉ូលិស និងមន្ត្រីរាជការរាប់ពាន់នាក់ចូលរួមដង្ហែ ព្រះបរមកោដ្ឋ ប្រទក្សិណចំនួន៣ជុំនៅព្រះមេរុ។
ទន្ទឹមគ្នានេះ អាជ្ញាធរថៃក៏បានសាងព្រះមេរុ ចំលងនៅតាមបណ្ដាខេត្តទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋចូលថ្វាយផ្កាចាន់ ដើម្បីសម្ដែងការគោរពដល់ព្រះបរមសព។
ចំណែកសែរាជវង្ស ដែលចូលរួមក្នុងព្រះពិធីថ្វាយព្រះភ្លើងនេះ មានដូចជា សម្ដេចនីសូពា ព្រះរាជិនីនៃប្រទេសអេស្ប៉ាញ រាជបុត្រប្រទេសដាណឺម៉ាក រាជបុត្រអាកិស៊ីណូ នៃប្រទេសជប៉ុន និងស្ដេចបណ្ដាប្រទេសជាមិត្តរបស់ថៃមួយចំនួនទៀត។ ចំណែកមេដឹកនាំប្រទេស រួមមានប្រធានាធិបតី ភូមា លោក តិន ចរ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ប្រធានាធិបតីសិង្ហបុរី អតីតប្រធានាធិបតីសហព័ន្ធសាធារណរដ្ឋអាល្លឺម៉ង់ ប្រធានាធិបតីវៀតណាម លោក ធិ ង៉ុក ធិនហ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក រដ្ឋមន្ត្រីក្រសួងការបរទេស ប៉ាគីស្ថាន និងរដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនជាដើម។
ព្រះបាទសម្ដេច ភូមិបុល អាដុលយ៉ាដេត សោយទិវង្គតក្នុងព្រះជន្ម ៨៩ព្រះវស្សា កាលពីខែ តុលា ឆ្នាំ២០១៦ គឺបន្ទាប់ពីព្រះអង្គប្រថាប់ព្យាបាលព្រះរោគនៅមន្ទីរពេទ្យសិរិរាជ (Siriraj) នៅទីក្រុងបាងកកជាង២ឆ្នាំ។
រដ្ឋាភិបាលថៃ បាន កំណត់ឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការកាន់ ទុក្ខរយៈពេល៣ខែ និងតម្កល់ព្រះបរមសពរយៈពេលមួយឆ្នាំ។
អំឡុងពេលតម្កល់ព្រះបរមសពនេះ អាជ្ញាធរថៃបាននិមន្តព្រះសង្ឃសូត្រមន្តបំពេញកុសលជារៀងរាល់យប់។ ព្រះបាទ សម្ដេច ភូមិបុល អាដុលយ៉ាដេត ប្រសូតិនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩២៧ នៅរដ្ឋមាស្សាជូសេត (Massachusetts) សហរដ្ឋអាមេរិក។ ព្រះអង្គរៀបអភិសេក ជាមួយម្ចាស់ក្សត្រី សិរិកិត នៅឆ្នាំ១៩៥០ ដោយមានព្រះរាជបុត្រា បុត្រីចំនួន ៤ព្រះអង្គ រួមមាន ម្ចាស់ក្សត្រីអុប៊ុនរ័ត្ន ព្រះជន្ម ៦៦ព្រះវស្សា សម្ដេចមហាវជីរាឡុងកន ជាស្ដេចគ្រងរាជសម្បត្តិបច្ចុប្បន្ន ព្រះជន្ម ៦៥ព្រះវស្សា ម្ចាស់ក្សត្រី សិរិន្ទថន ព្រះជន្ម ៦២ព្រះវស្សា និងម្ចាស់ក្សត្រីចុឡាភន ព្រះជន្ម ៦០ព្រះវស្សា។
អតីតព្រះមហាក្សត្រថៃឡើងគ្រងរាជសម្បត្តិ នៅព្រះជន្មាយុ ១៨ព្រះវស្សា ជាព្រះមហាក្សត្រ របស់ថៃក្នុងរជ្ជកាលទី៩ ហើយព្រះអង្គជាក្សត្រដែលគ្រងរាជសម្បត្តិយូរជាងគេនៅលើពិភពលោក គឺមានរយៈពេល ៧០ព្រះវស្សា។ កាលពីព្រះអង្គនៅគ្រងរាជ្យសម្បត្តិ ប្រជាពលរដ្ឋថៃស្រលាញ់ព្រះអង្គចាត់ទុកដូចព្រះអាទិទេព។ ក្ដីស្រលាញ់នេះ ដោយសារព្រះអង្គមានព្រះមេត្តា និងការយកចិត្តទុកដាក់ពីសុខទុក្ខ របស់ប្រជារាស្ត្រនៅគ្រប់ទិសទី។ ព្រះអង្គត្រូវបានពលរដ្ឋថៃភាគច្រើនផ្ដល់រហស្សនាមថា ព្រះជាបិតា នៃគំនិតច្នៃប្រឌិតខាងវិទ្យាសាស្ត្រទៀតផង៕