Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គុណភាព​សុខាភិបាល​នៅ​តែ​ជា​ក្ដី​បារម្ភ​សម្រាប់​​ស្ត្រី​នៅ​ពេល​សម្រាល

$
0
0

សុវត្ថិភាព​សម្រាប់​ស្ត្រី​ជា​ម្ដាយ​ក្នុង​ពេល​សម្រាល​កូន​នៅ​តែ​ជា​បញ្ហា ដែល​ជា​កង្វល់​សម្រាប់​ក្រុម​គ្រួសារ និង​ស្ត្រី​ជា​ម្ដាយ​ខ្លួន​ឯង នៅ​ពេល​ដែល​គុណភាព​ផ្នែក​សុខាភិបាល​ក្នុង​ស្រុក​ពិបាក​ទុក​ចិត្ត។

ស្របគ្នា​នេះ​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សហប្រជាជាតិ​រក​ឃើញ​ថា មរណភាព​មាតា នៅ​ក្នុង​ពេល​សម្រាល​នៅ​កម្ពុជា នៅ​តែ​ឋិត​ក្នុង​កម្រិត​ព្រួយ​បារម្ភ​នៅ​ឡើយ។ លើស​ពី​នេះ​កម្ពុជា​អាច​ប្រឈម​នឹង​បរាជ័យ​ក្នុង​ដំណើរ​កាត់​បន្ថយ​អត្រា​មរណភាព​មាតា​ទៅតាម​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចិរភាព​នៅ​ក្នុង​ឆ្នាំ​២០៣០។

គ្រួសារ និង​ស្ត្រី​ជា​ម្ដាយ​លើក​ឡើង​ប្រហាក់​ប្រហែលគ្នា​ថា គុណភាព​សុខាភិបាល​នៅ​កម្ពុជា​នៅ​មិន​ទាន់​អាច​ផ្ដល់​ទំនុក​ចិត្ត សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ពេល​សម្រាល​កូន​នៅ​ឡើយ។

ជា​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ជា​ស្ត្រី​មាន​ផ្ទៃពោះ​កូន​ដំបូង​៨ខែ​ផង អ្នកស្រី ឡុង គឹមហ៊ាង កំពុង​ទិញ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក្នុង​ផ្សារ​ទំនើប​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ គឹមហ៊ាង និយាយ​ថា នាង​បាន​ពិនិត្យ​សុខភាព​ជា​ប្រចាំ​រៀង​រាល់​ខែ ដើម្បី​ធានា​ថា​នាង និង​កូន​មាន​សុខភាព​ល្អ​រហូត​ដល់​ថ្ងៃ​សម្រាល ដែល​នៅ​មិន​ដល់​២​ខែ​ទៀត​នេះ។

ប៉ុន្តែ​គឹមហ៊ាង មិន​បាន​ជ្រើសរើស​យក​សេវា​សុខាភិបាល​នៅ​ក្នុង​ស្រុក ដើម្បី​តាមដាន​សុខភាព​គភ៌​របស់​នាង​ទេ គឺ​នាង​តែងតែ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​នៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។

ជា​រៀងរាល់​ខែ គឹមហ៊ាង បាន​ត្បិតត្បៀត​ដកប្រាក់​ពី​ចំណូល​ប្រចាំ​ខែ​របស់​នាង និង​ប្ដី ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ធ្វើដំណើរ​ទៅ​ពេទ្យ។ គ្រួសារ​របស់​នាង​មិនមែន​ជា​អ្នក​ដែល​មាន​ជីវភាព​ធូរធារ​ទេ ប៉ុន្តែ​នាង​ថា នេះ​ជា​ជម្រើស​ដ៏​ល្អ​មួយ នៅ​ក្រោយ​ពេល​នាង​បាន​ជួប​ប្រទះ​ផ្ទាល់ នូវ​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ការ​ផ្ដល់​សេវា​សុខាភិបាល​នៅ​ក្នុង​ស្រុក។

អ្នកស្រី ឡុង គឹមហ៊ាង រំលឹក​ថា​នៅ​ពេល​ដែល​នាង​ទើប​ចាប់​ផ្ដើម​ពរ​ពោះ នាង​បាន​ទៅ​រក​សេវា​ពនិត្យ​ផ្ទៃពោះ នៅ​មណ្ឌល​សុខភាព ដែល​នៅ​ក្បែរ​ផ្ទះ​របស់​នាង ជាយ​រាជធានី​ភ្នំពេញ ប៉ុន្តែ​នាង​បាន​ខកចិត្ត​នៅ​ពេល​ដែល​សេវាកម្ម​នោះ មិន​បាន​យកចិត្ត​ទុកដាក់​អោយ​បាន​ដិតដល់​ពី​សុខភាព​របស់​នាង។

នៅ​ពេល​ជួប​បញ្ហា​នេះ គឹមហ៊ាង និង​ក្រុម​គ្រួសារ​ចាប់​ផ្ដើម​ពិភាក្សា​គ្នា​ឡើងវិញ ថា​តើ​គួរ​ជ្រើសរើស​ប្រើប្រាស់​សេវា​សុខភាព​​នៅ​ទីណា​វិញ។ នាង​រំលឹក​ថា​មាន​មិត្ត​ភក្តិ​មួយ​ចំនួន​បាន​ណែនាំ​អោយ​នាង​ទៅ​រក​សេវា​សុខាភិបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​គ្លីនិក​ឯកជន​មួយ​ចំនួន។ ប៉ុន្តែ​ការណែនាំ​នោះ បែរ​ជា​ថែម​បន្ទុក​ពី​ភាព​មិន​ទុក​ចិត្ត​ទៅ​អោយ គឹមហ៊ាង ទៅ​វិញ។ បទពិសោធន៍​ជា​ច្រើន​នៃ​អ្នក​នៅ​ជុំវិញ​ខ្លួន​របស់​នាង​នា​ពេល​កន្លង​ទៅ​បាន​ផុស​ឡើង​វិញ​ក្នុង​គំនិត​របស់​នាង។ វា​បាន​ធ្វើ​អោយ​នាង​បារម្ភ​ថា​នាង​នឹង​គ្មាន​សុវត្ថិភាព​ឡើយ មិន​ថា​នាង​ជ្រើសរើស​ទៅ​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ ឬ​មន្ទីរ​ពេទ្យ​ឯកជន​ឡើយ។

គឹមហ៊ាង បន្ត​ថា នាង​ក៏​ធ្លាប់​មាន​សាច់ញាតិ​ទៅ​សម្រាល​កូន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ឯកជន​ល្បី​ឈ្មោះ​មួយ​ដែរ ហើយ​ក៏​ជួប​បទ​ពិសោធន៍​មិន​ល្អ​ដែរ។

ថ្មីៗ​នេះ​ក៏​នៅ​តែ​មាន​ព័ត៌មាន​មួយ​ចំនួន​លេចឡើង​ពី​ករណី​មរណភាព​មាតា និង​ទារក​នៅ​ក្នុង​មន្ទីរពេទ្យ​ធំៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​នោះ​រួម​ទាំង​មន្ទីរ​សម្ភព​ដ៏​ធំ​ជាង​គេ គឺ​មន្ទីរពេទ្យ​នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ហៅ​ពេទ្យ​ជប៉ុន​ផង។

កម្មការិនី​ម្នាក់​ឈ្មោះ ឈា សារិន បាន​ស្លាប់​ក្នុង​បន្ទប់​សម្រាល​នៃ​មន្ទីរ​ពេទ្យ​ដ៏​ធំ​នេះ កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ ឧសភា ឆ្នាំ​២០១៧។ គ្រួសារ​ស្ត្រី​រងគ្រោះពុំ​អស់​ចិត្ត​ចំពោះ​ការ​ស្លាប់​របស់​ភរិយា និង​កូន​របស់​គេ​នៅ​ឡើយ ហើយ​សំណុំ​រឿង​នេះ​កំពុង​ឋិត​នៅ​ក្នុង​ដំណើរការ​ក្ដី​នៅ​តុលាការ។

រយៈពេល​៦​ខែ នៅ​ក្រោយ​មរណភាព​របស់​ភរិយា លោក ជូ ភារ៉ា ដែល​បាន​ក្លាយ​ជា​បុរស​ពោះម៉ាយ​ទទួល​បន្ទុក​មើល​ថែ​កូន​ប្រុស​តូចៗ​ចំនួន​២​នាក់ និយាយ​ដោយ​ទុក្ខ​ក្រៀមក្រំ​ថា លោក​ប្រឹងប្រែង​ទៅ​រក​មន្ទីរពេទ្យ​ធំ ដោយ​រំពឹង​តែ​ម្យ៉ាង គឺ​សុវត្ថិភាព​សម្រាប់​ប្រពន្ធ និង​កូន ប៉ុន្តែ​វា​បាន​បន្សល់​នៅ​តែ​ភាព​ឈឺចាប់ និង​ការ​សោកស្ដាយ ដែល​មិន​អាច​រក​អ្វី​មក​ជំនួស​បាន​នៅ​ក្នុង​ជីវិត​របស់​លោក។ បុរស​អ្នក​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ក្រាំង​ម្កាក់ ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​រូប​នេះ​បន្ត​ថា បើ​យប់​នោះ​មាន​គ្រូពេទ្យ ដែល​មាន​ជំនាញ​គ្រប់គ្រាន់ មាន​វិជ្ជាជីវៈ​ពិត​ប្រាកដ ម្ល៉េះ​មិន​មាន​រឿង​អកុសល​កើត​ឡើង​ឡើយ។ លោក​សង្កត់​ធ្ងន់​ថា មរណភាព​ភរិយា​របស់​លោក គឺ​កើត​ចេញ​ពី​ការ​ធ្វេស​ប្រហែស​របស់​ក្រុម​គ្រូពេទ្យ។

បើ​ទោះ​ជា​យ៉ាងណា​ករណី​នេះ​កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា មន្ទីរពេទ្យ​នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ចេញ​សេចក្ដី​បំភ្លឺ​ជូន​គ្រួសារ​សព និង​សាធារណជន​ថា ករណី​ស្លាប់​កម្មការិនី ឈា សារិន ពេល​សម្រាល​កូន​ គឺ​ជា​ឧបទ្ទវហេតុ ខណៈ​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​មន្ទីរពេទ្យ ខំ​ប្រឹងប្រែង​ជួយ​អស់​ពី​លទ្ធភាព។ សេចក្ដី​បំភ្លឺ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សុខាភិបាល​ដដែល​នោះ​បញ្ជាក់​ថា កម្មការិនី ឈា សារិន បែក​ទឹកភ្លោះ​ដោយ​ឯកឯង​នៅ​ពេល​មាត់​ស្បូន​បើក​បាន ៤​ស.ម។ ខាង​មន្ទីរពេទ្យ​បំភ្លឺ​ថា នាងមាន​សភាព​ហេវហត់ ឡេះឡះ ខ្លួន​ឡើង​ស្វាយ សម្ពាធ​ឈាម​យក​មិន​បាន គ្មាន​ជីពចរ ចង្វាក់​បេះដូង​កូន​ខ្សោយ​ខ្លាំង គ្មាន​ការ​ធ្លាក់​ឈាម​ទេ ​ ហើយ​សួត និង​បេះដូង​បាន​ឈប់​ដំណើរការ​ភ្លាម​ក្នុង​នាទី​ដំបូង ទោះ​បី​ជា​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​មន្ទីរពេទ្យ​បាន​ជួយ​សង្គ្រោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​មាន​ឧបករណ៍​ជំនួយ​ដង្ហើម និង​ចលនា​បេះដូង ថ្នាំ​ជំនួយ​ផង​ក៏​ជួយ​មិន​បាន​ដែរ។ មន្ទីរពេទ្យ​ បន្ត​អះអាង​ថា ដោយសារ​ការ​ច្រាល​ទឹកភ្លោះ​ចូល​ក្នុង​ប្រព័ន្ធ​សរសៃ​ឈាម​សួត បេះដូង ហើយ​ទោះ​នៅ​ប្រទេស​ជឿនលឿន ក៏​ការ​ស្លាប់​នៅ​តែ​មាន​ដោយ​ជៀស​មិន​បាន។

យ៉ាង​នេះ​ក្ដី​ក៏​លោក ជូ ភារ៉ា នៅ​តែ​ចោទ​ប្រកាន់​ថា​បើ​មាន​បញ្ហា​ទាំង​នោះ មែន​ចុះ​ហេតុ​អ្វី​ក្រុម​គ្រូពេទ្យ​ទុក​អោយ​បញ្ហា​នេះ​កើតឡើង ហេតុអ្វី​មិន​ឃើញ​មាន​គ្រូពេទ្យ​ជំនាញ​ៗ មក​ចូលរួម​ដោះស្រាយ​បញ្ចៀស​បញ្ហា មិន​អោយ​កើត​ឡើង? ហើយ​មាន​មូលហេតុ​អ្វី​បាន​ជា​មិន​ប្រាប់​បញ្ហា​ទាំង​នេះ​ដល់​គ្រួសារ? ហើយ​ហេតុ​អ្វី​បន្ត​អោយ​ស្ត្រី​រងគ្រោះ​សម្រាល​កូន​តាម​ធម្មជាតិ ដោយ​ពុំ​មាន​ការ​វះ​កាត់ ដើម្បី​សង្គ្រោះ? ឬ​ក៏​នេះ​គ្រាន់​ជា​លេស​ដោះ​សារ​យក​រួច​ខ្លួន​របស់​មន្ទីរពេទ្យ?

លោក​សង្ឃឹម​លើ​តុលាការ​ថា នឹង​អាច​ផ្ដល់​យុត្តិធម៌​ដល់​សព​ប្រពន្ធ​របស់​លោក។ មក​ដល់​ពេល​នេះ​លោក​កំពុង​ពិភាក្សា​ជាមួយ​មេធាវី​ដើម្បី​ជំរុញ​អោយ​តុលាការ​ពន្លឿន​ដំណើរការ​រឿង​ក្ដី​នេះ បន្ទាប់​ពី​លោក​បាន​ចូល​ទៅ​បំភ្លឺ​រួចរាល់​កាល​ពី​ខែ​កញ្ញា។ លោក​ប្រាថ្នា​ជួប​តតាំង​គ្នា​ក្នុង​សវនាការ​ជាមួយ​តំណាង​មន្ទីរពេទ្យ ដើម្បី​បង្ហាញ​នូវ​អ្វី​ដែល​លោក​បាន​ជួប​ប្រទះ​នៅ ក្នុង​បន្ទប់​សម្រាល​នៅ​មន្ទីរពេទ្យ​នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ហៅ​ពេទ្យ​ជប៉ុន។

ពិតមែន​ថា មាន​បញ្ហា​កើត​ឡើង​ប៉ុន្តែ​ក៏​មាន​ករណី​សុខសប្បាយ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​ជ្រើសរើស​សម្រាល​កូន​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​ស្រុក​ដែរ។

សុភី​ជា​ស្ត្រី​មេផ្ទះ​ដែល​ទើប​មាន​កូន​ដំបូង​កំពុង​លួង​កូន ដែល​មាន​វ័យ ៥​ខែ​របស់​នាង​អោយ​បាត់​យំ​នៅ​ក្នុង​ផ្ទះ​នៅ​ក្បែរ​វត្ត​ដំបូក​ខ្ពស់ ក្នុង​ខណ្ឌ​មាន​ជ័យ។

មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ព្រៃវែង សុភី​និយាយ​ថា នាង​មិន​សូវ​មាន​ប្រាក់​ទេ ប្ដី​របស់​នាង​មាន​របរ​ជា​អ្នក​បើកឡាន​អោយ​ក្រុមហ៊ុន​ទេសចរណ៍​មួយ ប៉ុន្តែ​នាង​បាន​ជ្រើសរើស​គ្លីនិក​ឯកជន​មួយ​ដើម្បី​សម្រាល​កូន ដ្បិត​នាង​មាន​បញ្ហា​ធ្លាក់​ឈាម​នៅ​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ។ នាង​ថា​សំណាង​ល្អ​នាង និង​កូន​មាន​សុវត្ថិភាព​នៅ​ពេល​សម្រាល។ បើ​ទោះ​ជា​យ៉ាងណា សុភី ក៏​បង្ហាញ​ពី​ការ​មិន​ទុក​ចិត្ត​ចំពោះ​សេវាកម្ម​សុខាភិបាល​នៅ​ក្នុងស្រុក​ដែរ ជាពិសេស​សេវា​សម្រាប់​ស្ត្រី​សម្រាល​កូន​នៅ​ទី​ជនបទ។

របាយការណ៍​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា របស់​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន ហៅ​កាត់​ថា ​យូអេនអេហ្វភីអេ(UNFPA) អោយ​ដឹង​ថា កម្ពុជា​ឋិត​ក្នុង​ចំណោម​ប្រទេស​ដែល​ប្រឈម​នឹង​បរាជ័យ​ក្នុង​ផែនការ​កាត់​បន្ថយ​មរណភាព​របស់​មាតា ទៅ​តាម​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចិរភាព​នៅ​ក្នុង​ឆ្នាំ​២០៣០​ខាង​មុខ។ តួលេខ​នៅ​ក្នុង​របាយការណ៍​នោះ​បាន​បញ្ជាក់​ថា មាន​ស្ត្រី​ចំនួន​១៦១​នាក់​បាន​ស្លាប់ ទាក់ទង​នឹង​ការ​សម្រាល ក្នុង​ចំណោម ១​សែន​កំណើត​រស់​ក្នុង​ឆ្នាំ​២០១៥។

ក្នុង​របាយការណ៍​ដដែល​បញ្ជាក់​ទៀត​ថា ការ​កាត់​បន្ថយ​អត្រា​មរណភាព​ស្ត្រី គឺ​ពាក់ព័ន្ធ​ដល់​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​​ទៅ​លើ​វិស័យ​សុខាភិបាល។ ប្រសិន​បើ​គេ​មិន​អាច​ដោះស្រាយ​កាត់​បន្ថយ​មរណភាព​របស់​ស្ត្រី​ជា​ម្ដាយ​បាន​ទេ គឺ​គេ​អាច​ដឹង​ភ្លាម​ថា តើ​គុណភាព​សុខាភិបាល​នោះ​មាន​កម្រិត​យ៉ាងណា។

ចំណែក​តាម​ការសិក្សា​របស់​ក្រសួង​សុខាភិបាល បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​អោយ​ម្ដាយ​ស្លាប់​ជុំវិញ​ការ​សម្រាល​នោះ​រួម​មាន គិត​យឺត​ពេល ដែល​សំដៅ​ដល់​ការ​មិនបាន​ពិនិត្យ​ផ្ទៃ​ពោះ អាកប្បកិរិយា​អវិជ្ជមាន​ចំពោះ​ការ​ស្វែង​រក​ការ​ព្យាបាល និង​បង្ការ​ថ្នាំ​នានា។ ការ​បញ្ជូន​យឺត​គឺ​ប្រព័ន្ធ​បញ្ជូន​អ្នក​ជំងឺ​ខ្សោយ ជាពិសេស​នៅ​តាម​តំបន់​ដាច់​ស្រយាល តំបន់​ភ្នំ និង​កោះ។ សង្គ្រោះ​យឺត​សំដៅ​ដល់​អ្នក​ជំងឺ​មក​ដល់​មន្ទីរពេទ្យ​ហើយ តែ​សមត្ថភាព​មន្ទីរពេទ្យ មន្ទីរ​សង្គ្រោះ និង​នីតិវិធី​យឺតយ៉ាវ​ពេក។

ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ដែល​ជា​អ្នក​ជិត​ខាង​កម្ពុជា ពុំ​បាន​ឋិត​នៅ​ក្នុង​បញ្ជី​ប្រទេស​ដែល​ប្រឈម​នឹង​ពុំ​បាន​សម្រេច​តាម​គោលដៅ​ដូច​កម្ពុជា​ឡើយ។

ត្រង់​ចំណុច​នេះ ចំពោះ អ្នកស្រី ឡុង គឹមហ៊ាង ដែល​បាន​ទៅ​រក​សេវា​សុខាភិបាល​នៅ​ប្រទេស​ថៃ​បាន​និយាយ​ថា គុណភាព​ផ្នែក​សុខាភិបាល​ពិតជា​អាច​ជួយ​បាន​ច្រើន ទៅ​ដល់​ការ​កាត់​បន្ថយ​មរណភាព​មាតា និង​ទារក។ គឹមហ៊ាង​សម្អាង​ថា សេវា​សុខាភិបាល​នៅ​ក្នុង​ស្រុក គឺ​ខុសគ្នា​ឆ្ងាយ​ពី​អ្វី ដែល​បាន​ផ្ដល់​អោយ​ដោយ​ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ថៃ ហើយ​តម្លៃ​ក៏​មិន​ថ្លៃ​ដូច​នៅ​ក្នុងស្រុក។

នៅ​ក្នុង​សៀវភៅ​ស្ដីពី​កម្រង​ទស្សនៈ​សង្គម និង​នយោបាយ​ដោយ​បណ្ឌិត កែម ឡី លោក​បាន​លើក​ឡើង​ពី​ការ​ធ្វើ​បដិវត្ត​គុណភាព​សេវា​សុខាភិបាល។ លោក​ថា បើ​គ្រាន់​តែ​ធ្វើ​កំណែទម្រង់​គឺ​មិន​អាច​ដោះស្រាយបញ្ហា​ក្នុង​វិស័យ​នេះ​បាន​ឡើយ។ លោក​បាន​សរសេរ​ថា គុណភាព​សេវា​សុខាភិបាល​សាធារណៈ​នៅ​កម្ពុជា​នៅ​ទាប​បំផុត​បើ​ប្រៀបធៀប​មន្ទីរពេទ្យ​ក្នុង​តំបន់។

លោក​បាន​​ផ្ដល់​នូវ​យុទ្ធសាស្ត្រ​ចំនួន​១៧​ចំណុច​ក្នុង​ដំណើរ​ធ្វើ​បដិវត្ត​វិស័យ​សុខាភិបាល។

ចំពោះ​អ្នកស្រី ឡុង គឹមហ៊ាង អ្នកស្រី​រំពឹង​ថា បញ្ហា​ទាំង​នោះ​នឹង​ត្រូវ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ធ្វើ​យ៉ាងណា​រក្សា​ទំនុក​ចិត្ត និង​ផ្ដល់​សេវា​សុខាភិបាល​ដ៏​ល្អ សម្រាប់​ពលរដ្ឋ​គ្រប់រូប​ដោយ​ពុំ​មាន​ការរើសអើង​ជីវភាព។

រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​សុខាភិបាល បាន​ធានា​ថា​ត្រឹម​ឆ្នាំ​២០៣០ នឹង​អាច​កាត់​បន្ថយ​អត្រា​មរណភាព​មាតា ឲ្យ​នៅ​ទាប​ជាង​ ៧០​នាក់ ក្នុង​កូន​កើត​រស់​មួយ​សែន​នាក់។ ការធានា​នេះ​បន្ទាប់​ពី​កម្ពុជា​ធ្លាប់​បាន​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ពី ៤៧២​នាក់​កាល​ពី​ឆ្នាំ​២០០៥ មក​នៅ​ត្រឹម​ ១៧០​នាក់​ក្នុង​ឆ្នាំ​២០១៤ ក្នុង​ចំណោម​១​សែន កំណើត​រស់។ លើស​ពី​នេះ​ក្រសួង​សុខាភិបាល​អះអាង​ថា ពេល​នេះ​មាន​ស្រី​មាន​ផ្ទៃពោះ​ជាង ៩៥​ភាគរយ​បាន​ទៅ​ពិនិត្យ និង​សម្រាល​កូន​នៅ​ឯ​មន្ទីរពេទ្យ ប៉ុន្តែ​នៅ​សល់​តែ​ប្រមាណ ៥​ភាគរយ​ទៀត ស្ត្រី​មានគភ៌​នៅ​តែ​សម្រាល​កូន​ជាមួយ​នឹង​ឆ្មប​បុរាណ ដែល​ប្រឈម​នឹង​បញ្ហា​រហូត​បាត់បង់​ជីវិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles