Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នកវិភាគ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ខ្វះ​ទស្សនវិស័យ​អនាគត

$
0
0

អ្នកវិភាគ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​យល់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា មេដឹកនាំ​ដែល​ខ្វះ​ទស្សនវិស័យ​អនាគត។ ការ​លើក​ឡើង​ដូច្នេះ បន្ទាប់ពី​ពួកគេ​មើល​ឃើញ​ថា លោក ហ៊ុន សែន តែង​ចំណាយ​ពេល​ជាច្រើន​និយាយ​អំពី​អតីតកាល និង​បច្ចុប្បន្នកាល ឬ​ប្រើ​ភាសា​គំរាម កំហែង​ជាដើម។

មជ្ឈដ្ឋាន​ទូទៅ កត់សម្គាល់​ឃើញ​ថា មេដឹកនាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ ហាក់​ដូច​ជា​កម្រ និយាយ​អំពី​ចក្ខុវិស័យ ឬ​ទស្សនវិស័យ​វែងឆ្ងាយ​ទៅ​អនាគត ដើម្បី​កែប្រែ​សង្គម​ឲ្យ​ក្លាយទៅជា​ប្រទេស​ជឿនលឿន​នោះ​ទេ។

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើល​ឃើញ​ថា ជាង​២៥​ឆ្នាំ​កន្លង​ទៅ​នេះ មេដឹកនាំ​ខ្មែរ ដូចជា​មិន​មាន​ចក្ខុវិស័យ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឡើយ។ លោក​យល់​ឃើញ​ទៀត​ថា ការណ៍​ដែល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​និយាយ​អំពី​បញ្ហា​នៅ​ក្នុង​អតីតកាល បច្ចុប្បន្នកាល និង​ប្រើ ប្រាស់​ភាសា​គំរាម​កំហែង​ជាដើម​នោះ គឺ​ក្នុង​បំណង​ទាក់ទាញ​ការ​គាំទ្រ​ដើម្បី​ពង្រឹង​អំណាច​របស់ ខ្លួន។

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ដដែលៗ​នៅ​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ​រោងចក្រ​ជា​រៀងរាល់​លើក។ នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា លោក​ហ៊ុន សែន បាន​ចុះ ជួប​ជាមួយ​កម្មករ​នៅ​រោងចក្រ​នៅ​តំបន់​ទួល​សង្កែ ខណ្ឌ​ឬស្សីកែវ។ នៅ​ទីនោះ​ដូច​កន្លែង​ផ្សេងទៀត ដែរ លោក​ហ៊ុន សែន បាន​រម្លឹក​ឡើងវិញ​អំពី​ព្រឹត្តិការណ៍​នានា​កាលពី​៣០​ឆ្នាំមុន​រហូតដល់​បច្ចុប្បន្ន តែ​លោក​ពុំបាន​និយាយ​អំពី​ទស្សនវិស័យ​អនាគត។ លោក ហ៊ុន សែន ប្រាប់​កម្មការិនី​រោងចក្រ​ថា លោក​ជា​អ្នក​ខិតខំ​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ហើយ​លោក​ក៏បាន​លើក​បង្ហាញ អំពី​សមិទ្ធផល​ការងារ​លើ​វិស័យ​រោងចក្រ និង​ការ​រីកចម្រើន​របស់​ប្រទេសជាតិ។ បន្ទាប់មក លោក បញ្ជាក់ ឡើងវិញ​អំពី​ការដំឡើង​ប្រាក់​ឈ្នួល​១៧០​ដុល្លារ ដល់​កម្មករ​ក្នុង​២០១៨ ហើយ​ងាក​ទៅ​វាយ​ទៅ​វាយប្រហារ ដោយ​ចោទ​បក្ស​ប្រឆាំង ថា ជា​អ្នកដឹកនាំ​កម្មករ​ធ្វើ​បដិវត្ត​ពណ៌​កាលពី​ឆ្នាំ​២០១៣ រឿង​ទាមទារ​ប្រាប់​ឈ្នួល។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន ក៏​ចាប់​ផ្ដើម​គំរាម​កម្ទេច​ក្រុម​អ្នក​ក្បត់ជាតិ ព្រមាន​រំលាយ​បក្ស​ប្រឆាំង និង​អំពាវនាវ​ឲ្យ​តំណាងរាស្ត្រ ក្រុមប្រឹក្សា និង​មេឃុំ-ចៅសង្កាត់ ជំទប់ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ជាដើម។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គមកម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី លោក ហ៊ុន សែន បើក​យុទ្ធនាការ​ជួប​ជាមួយ​ក្រុម​កម្មករ​មក គឺ​ភាគច្រើន​និយាយ​តែ​រឿង​ដដែលៗ មិនសូវ​និយាយ​អំពី​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស។

រីឯ​អ្នកស្រាវជ្រាវ​នយោបាយ​សន្តិសុខ និង​ការបរទេស លោក ឡុង គឹមឃន យល់​ឃើញ​ថា ជាតិ​មួយ​ខុស​ពី​ជាតិ​មួយ គឺ​ព្រោះតែ​គំនិត។ លោក​សង្កេតឃើញ​កាន់​តែ​ច្រើន​ថា ជាតិ​មួយ​ក្រ ហើយ​ជាតិ មួយ​មាន មិនមែន​ព្រោះតែ​ទឹកដី​នោះ​ទេ តែ​ព្រោះតែ​របៀប​គិត (mentality)។ ជាតិ​ដែល​រីកចម្រើន មេដឹកនាំ​ស្រុក​នោះ យល់​ថា អ្វី​ក៏​ជាតិ​គេ​អាច​ធ្វើ​បាន​ដែរ "everything is possible" ចំណែក​ជាតិ​ដែល​ទៅ​មុខ ទៅ​ក្រោយ ឬ​ទៅមុខ​មិន​រួច គឺ​មេដឹកនាំ​ជាតិ​នោះ​ចេះតែ​យល់ថា អ្វី​ក៏​ទៅ​មិន​រួច​ដែរ "everything is impossible" ហើយ​ធ្វើ​រឿង​ដដែលៗ​មិន​មាន​គំនិត​បង្កើត​ថ្មី។ លើស​ពី​នេះ លោក​បញ្ជាក់​ថា បើ​ស្ដាប់​មេដឹកនាំ​ប្រទេស​ជឿនលឿន​និយាយ ក្នុង​១០​នាទី គេ​និយាយ​ពី​ទស្សនវិស័យ​អនាគត​ចំនួន ៧​នាទី ហើយ ២​នាទី​និយាយ​ពី​បច្ចុប្បន្ន ចំណែក ១​នាទី​ទៀត និយាយ​ពី​អតីតកាល ប៉ុន្តែ​នៅ​ប្រទេស​អន់ថយ មេដឹកនាំ​អ្នក​នយោបាយ ចំណាយ ៧​នាទី និយាយ​ពី​អតីតកាល ២​នាទី​ពី​បច្ចុប្បន្នភាព ហើយ​១​នាទី​ប៉ុណ្ណោះ​និយាយ​ពី​ទស្សនៈ​អនាគត ឬ​អត់​តែម្ដង។

ចំណែក​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា កាលណា បើ​មេដឹកនាំ​គ្មាន​ចក្ខុវិស័យ​បែបនេះ គឺ​មិន ដឹង​ថា សង្គម​កម្ពុជា នឹង​ដើរ​ទៅដល់​ទិស​ណា​នោះ​ទេ ពោល​គឺ​គ្មាន​ទីដៅ និង​ពេលវេលា​ពិត​ប្រាកដ ដោយ​ចេះ​តែ​រសាត់អណ្ដែត​ដូច​ក្បួន​ដូច្នេះ​ដែរ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles