
លោកនាយករដ្ឋមន្ត្រី ជាថ្មីម្ដងទៀតបន្តជំរុញឲ្យមន្ត្រីបក្សប្រឆាំង ចុះចូលជាមួយបក្សកាន់អំណាច ប្រសិនបើពួកគេចង់បន្តការងារ ជាមេឃុំ ចៅសង្កាត់ ឬជាតំណាងរាស្ត្របន្តទៀត មន្ត្រីបក្សសង្គ្រោះ ជាតិ ភាគច្រើនសន្យាថាពួកគេសុខចិត្តបាត់បង់ការងារ ប៉ុន្តែមិនក្បត់ឧត្ដមគតិ និងឆន្ទៈរាស្ត្រនោះឡើយ។
លោក ហ៊ុន សែន នៅថ្ងៃពុធនេះ បន្តអូសទាញតំណាងរាស្ត្រ ក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិទាំងអស់ឲ្យមកចូលរួមរស់ជាមួយគណបក្សកាន់អំណាចរបស់លោក នៅពេល គណបក្សប្រឆាំងមួយនេះ ត្រូវបានរំលាយ។
អតីតទាហានខ្មែរក្រហមដែលឡើងកាន់អំណាច ដោយសារការលើកបន្តុបរបស់រដ្ឋាភិបាលកុម្មុយនិស្តវៀតណាមរូបនេះ អះអាងថា ដើម្បីឲ្យមេឃុំ-ចៅសង្កាត់ និងជំទប់ឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយអាចបន្តការងារបម្រើប្រជាពលរដ្ឋបានតទៅទៀត គណបក្សកាន់អំណាចនឹងរៀបចំបញ្ជីឈ្មោះសាជាថ្មី ដើម្បីចុះឈ្មោះ មេឃុំ-ចៅសង្កាត់ ឬជំទប់ឃុំ-សង្កាត់ ដែលលាចេញពីគណបក្ស សង្គ្រោះជាតិ ចូលក្នុងបញ្ជីឈ្មោះមេឃុំ-ចៅសង្កាត់ និងជំទប់ឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជាវិញ៖ «នៅពេលដែលរលាយហើយអាកៅអីហ្នឹងជាស្វ័យប្រវត្តិវាបានមក គណបក្សប្រជាជន។ បើគេជាក្រុមប្រឹក្សាខេត្ត ឬជាក្រុមប្រឹក្សាស្រុក អញ្ចឹងទេយើងឈូសបញ្ជីចេញដាក់គេចូលទៅ ដាក់ម្នាក់ហ្នឹងត្រឡប់ ចូលទៅវិញដូចជានៅតាមខេត្តតាកែវកាលពីម្សិលមិញ។ ពេលដែលរំលាយហើយកៅអីហ្នឹងវាមិនបានមកយើង។ កៅអីហ្នឹងវាមិនសល់ សល់ហើយមិនចែកមកខាងយើង»។
ការអន្ទងហៅក្រុមមន្ត្រីបក្សសង្គ្រោះជាតិ និងសកម្មជនបក្សសង្គ្រោះជាតិ ឲ្យចុះចូលជាមួយបក្សកាន់អំណាចរបស់លោក ហ៊ុន សែន នៅពេលនេះធ្វើឡើងក្នុងពេលលោកចុះសួរសុខទុក្ខកម្មករ-កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ស្របពេលដែលព្រះមហាក្សត្របានឡាយព្រះហត្ថលេខាលើសេចក្ដី ស្នើច្បាប់ចំនួនបួន ដើម្បីរំលាយបក្សប្រឆាំង ហើយយកអាសនៈរបស់បក្សប្រឆាំងទៅឲ្យ បក្សដ៏ទៃ។
ទោះជាមានការខិតខំព្យាយាមហៅក្រុមមន្ត្រីបក្សប្រឆាំងឲ្យចុះចូលជាមួយបក្សកាន់អំណាចយ៉ាងណាក៏ដោយ ចៅសង្កាត់អូរចារ ក្រុងបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អះអាងថា កញ្ញាមិនបានយកចិត្តទុកដាក់ជាមួយនឹងការអន្ទងហៅរបស់លោក ហ៊ុន សែន នោះទេ។
កញ្ញាបន្តថាការព្យាយាមទិញទឹកចិត្ត និងការបោកប្រាស់ឲ្យមន្ត្រីបក្សប្រឆាំងចុះចូលជាមួយគណបក្សអំណាច កាន់តែធ្វើឲ្យគណបក្សកាន់អំណាចបរាជ័យទៅវិញទេ។ កញ្ញាបន្តថាការគាបសង្កត់ មកលើបក្សប្រឆាំងកាន់ខ្លាំង កាន់តែធ្វើឲ្យប្រឆាំងទទួលបានការគាំទ្រ កាន់តែច្រើននៅក្នុងការបោះឆ្នោត៖ «ទោះបីមានការទិញទឹកចិត្ត ទោះបីមានការគំរាមកំហែង ទោះបីមាន ការគាបសង្កត់មកលើក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស សង្គ្រោះជាតិយ៉ាងណាក្តី ជំហររបស់នាងខ្ញុំដែលជាប់ឆ្នោតចេញ ពីប្រជាពលរដ្ឋគឺនៅតែរក្សាស្មារតីដើម ហើយនៅតែធ្វើការបម្រើពលរដ្ឋ មិនអោយអស់សង្ឃឹមនោះឡើយ»។
ចំណែក សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅ ក្នុងក្រុងបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ កញ្ញា គឹម លាង បានបង្ហោះសារជាវីដេអូ នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅថ្ងៃពុធ ទី២៥ ខែតុលា នេះសន្យាថា កញ្ញានឹងមិនលក់ឧត្ដមគតិ ហើយក្បត់ឆន្ទៈរបស់ពលរដ្ឋដើម្បីលាភសក្ការៈលុយកាក់ ឬអំណាចនោះឡើយ៖ «ខ្ញុំសុខចិត្តបាត់បង់មុខដំណែង និងការងារ។ ខ្ញុំមិនអាចយកលុយមក ដើម្បីសុខស្រួលតែម្នាក់ឯងទេ។ ខ្ញុំនិយាយចេញពីទឹកចិត្តដ៏ស្មោះរបស់ខ្ញុំ»។
កាលពីថ្ងៃសប្ដាហ៍កន្លងទៅនេះ តំណាងរាស្ត្ររបស់គណបក្ស សង្គ្រោះជាតិមួយរូបឈ្មោះ ឡុង ប៊ុន្នី សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំង ចំរេះទី១ លោក ស្មាន ហ៊ីម និងមនុស្សខ្លះទៀតបានប្រកាសចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា ខណៈលោក ហ៊ុន សែន បោះពួយ រំលាយគណបក្សសង្គ្រោះជាតិ ក្រោយពេលចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា។
កាលពីថ្ងៃទី២៣ ខែតុលា សមាជិកព្រឹទ្ធសភាអាមេរិក និងជាអតីតបេក្ខជនប្រធានាធិបតី មួយរូបទៀត បានដាក់ឱសានវាទ ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែដោះលែង លោក កឹម សុខា ជាបន្ទាន់ដោយឥតលក្ខខណ្ឌ ត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា ជាកំហិត បើមិនដូច្នេះទេ នោះលោកនឹងកៀរគរឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដាក់ទណ្ឌកម្មទិដ្ឋាការ ឬវីសា (VISA) មកលើ មន្ត្រីរដ្ឋាភិបាលមិនឲ្យចូលអាមេរិក៕