Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នកច្បាប់​ថា ការ​រួមដៃ​របស់​មន្ត្រី​រដ្ឋាភិបាល​ប្ដឹង​លោក លឺ ឡាយស្រេង ជា​រឿង​ខុសច្បាប់

$
0
0

លោក លឺ ឡាយស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី អះអាង​ថា អ្នក​ដែល​លួច​ថត​សំឡេង​សន្ទនា​របស់​លោក​យក​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ គឺជា​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ ហើយ​តុលាការ​ត្រូវ​ផ្ដន្ទាទោស​អ្នកនោះ មិន​មែន​រូប​លោក​នោះ​ទេ។

ការ​បញ្ជាក់​ដូច្នេះ​របស់​លោក លឺ ឡាយស្រេង នៅ​បន្ទាប់ពី​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រួត​ដៃ​គ្នា​ប្ដឹង​លោក ទៅ​តុលាការ ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះ​ចេស្ដា​ព្រះមហាក្សត្រ។

លោក លឺ ឡាយស្រេង ដែល​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែរនោះ ប្រកាស​ជំហរ​ថា លោក​មិន​ប្ដឹង​បក​ចំពោះ​អ្នក​លួច​ថត​សំឡេង​លោក យក​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ ដោយ​លោក​មិន​ចង់​ឲ្យ​ភាគី​ខ្មែរ​ដូចគ្នា​ហែកហួរ ប្ដឹង​ផ្ដល់​បំផ្លាញ​គ្នាឯង​នោះ​ទេ។

លោក លឺ ឡាយស្រេង មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៤ តុលា​ថា លោក​គ្មាន​ចេតនា​ប្រមាថ​ព្រះ​ចេស្ដា​ព្រះមហាក្សត្រ​ឡើយ អ្វី​ដែល​លោក​និយាយ​គ្រាន់តែ​ជា​ការ​សន្ទនា​សម្ងាត់​រវាង​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ ផ្ទុយ​វិញ អ្នក​លួច​ថត​សំឡេង​លោក និង​យក​ម​ផ្សព្វផ្សាយ​ទៅវិញ​ទេ ដែល​ជា​អ្នក​ប្រព្រឹត្តិ​ខុសច្បាប់ និង​ប្រមាថ​ព្រះមហាក្សត្រ។

មេធាវី​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច និង​លោក អង្គ វង្សវឌ្ឍានា បាន​ដាក់​ពាក្យ​ប្ដឹង​លោក លឺ ឡាយស្រេង កាលពី​ថ្ងៃ​ទី​២៤ តុលា ដោយ​ស្នើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់ និង​តឹងរ៉ឹង​ជាទីបំផុត ចំពោះ​ករណី​ប្រមាថ​ព្រះមហាក្សត្រ​ធ្ងន់ធ្ងរ​ដល់​ព្រះចេស្ដា​ព្រះមហាក្សត្រ ដោយ​យោង​លើ​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ។ នៅ​ក្នុង​ពាក្យបណ្ដឹង​នេះ ក៏បាន​ស្រង់​យក​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​មាត្រា ៧ កថាខ័ណ្ឌ ៣ ចែងថា អង្គ​ព្រះមហាក្សត្រ មិន​អាច​អ្នកណា​រំលោភបំពាន​បាន​ឡើយ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ការពារ​ព្រះចេស្ដា​ព្រះមហាក្សត្រ​មិន​ឲ្យ​អ្នកណាម្នាក់​ប្រមាថ​ព្រះមហាក្សត្រ​នេះ ជា​រឿង​ល្អ ក៏ប៉ុន្តែ​រដ្ឋាភិបាល​មិន​ត្រូវ​ប្ដឹង​តែ​លោក លឺ ឡាយស្រេង ដោយ​ផ្អែកលើ​ភស្តុតាង ខ្សែ​អាត់​សំឡេង ដែល​គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ សីហា យក​មក​ផ្សព្វផ្សាយ​នោះ​ទេ ក្រសួងយុត្តិធម៌ ឬ​រដ្ឋាភិបាល ត្រូវ​ស្វែងរក​ឲ្យ​ឃើញ​ម្ចាស់​គណនី​ឈ្មោះ សីហា​នេះ យក​មក​ផ្ដន្ទាទោស​ដូចគ្នា ទើប​ឆ្លុះបញ្ចាំង​ថា ជា​ការ​អនុវត្ត​ច្បាប់​មាន​ស្មើភាព​គ្នា​នៅ​ក្នុង​សង្គម។

លោក មេធាវី សេក សោភ័ណ ពន្យល់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ពី​ការពារ​មនុស្ស​គ្រប់រូប និង​មាន​សិទ្ធិ​ស្មើគ្នា​នៅ​ចំពោះ​មុខ​ច្បាប់។ លើស​ពី​នេះ​ទៀត អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ចាត់ការ​ផ្លូវច្បាប់​បន្ទាន់​នោះ គឺ​ការស្វែងរក​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ សីហា​នោះ យក​មក​ផ្ដន្ទាទោស​សិន ដោយសារ​ការ​លួច​ថត​សំឡេង​ការសន្ទនា​ឯកជន​សម្ងាត់​របស់​គេ​យក​មក​ផ្សព្វផ្សាយ​ម្ដង​ហើយ​ម្ដងទៀត តែ​រដ្ឋាភិបាល​មិន​ខ្វល់​ចំពោះ​ទង្វើ​នេះ​ទៅវិញ។

លោក ហ៊ុន សែន ប្រកាស​ប្ដឹង​លោក លឺ ឡាយស្រេង ចំនួន​ពីរ ទី​១ ប្ដឹង​ចោទ​ថា លោក លឺ ឡាយស្រេង ប្រមាថ​ព្រះមហាក្សត្រ ទី​២ ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​រឿង​ថា ទិញ​ទឹកចិត្ត​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ម្នាក់​២​ម៉ឺន​ដុល្លារ។ ក្រៅពី​បណ្ដឹង​របស់​លោក លោក ហ៊ុន សែន និង​បក្សពួក​របស់​លោក គឺ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នេះ គឺ​ព្រះអង្គម្ចាស់​នរោត្តម រាណឫទ្ធិ​ក៏​ប្រកាស​ប្ដឹង​លោក លឺ ឡាយស្រេង ពី​ករណី​ដូចគ្នា​នេះ​ដែរ តែ​មក​ទល់​ពេល​នេះ អតីត​ជា​ចៅហ្វាយនាយ​របស់​លោក ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ផង​នោះ មិនទាន់​ដាក់ពាក្យ​ប្ដឹង​ជា​ផ្លូវការ​នៅឡើយ។

លោក លឺ ឡាយស្រេង អតីត​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ បញ្ជាក់​ថា លោក​ទទួលស្គាល់​នូវ​កំហុស​របស់​លោក ដោយ​លោក​សុំ​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ជា​អ្នក​ស្រលាញ់​ព្រះមហាក្សត្រ និង​ការពារ​របប​រាជនិយម​តាំងពី​លោក​នៅ​បម្រើការងារ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​បច្ចុប្បន្ន​នេះ លោក​គ្មាន​ចូលរួម​ជាមួយ​គណបក្ស​ណា​ទេ អ្វី​ដែល​លោក​ចង់បាន កុំ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា និង​ធ្វើទុក្ខបុកម្នេញ​គ្នា​ឥត​ឈប់ឈរ​នោះ។ លោក​បន្ថែម​ថា លោក​ហ៊ុន សែន ទៅវិញ​ទេ ដែល​ធ្លាប់​ប្រមាថ​ព្រះមហាក្សត្រ និង​ចង់​ទាំង​រំលាយ​រាជបល្ល័ង្ក​ទៀត​ផង។

ការ​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​លោក លឺ ឡាយស្រេង នេះ គឺ សំអាង​ទៅលើ​​ហ្វេសប៊ុក​ឈ្មោះ សីហា បាន​ទម្លាយ​ការ​ខ្សែ​អាត់​សំឡេង​របស់ លោក លឺ ឡាយស្រេង សន្ទនា​ជា​លក្ខណៈ​ឯកជន​ជាមួយ​អតីត​សហការី​របស់​ខ្លួន គឺ​អ្នកស្រី គី លំអង ចំនួន​ពីរ​ដង កាលពី​ថ្ងៃ​ទី​២១ តុលា យក​មក​ធ្វើជា​ភស្តុតាង។ នៅ​ក្នុង​កិច្ច​សន្ទនា​នោះ លោក លឺ ឡាយស្រេង និយាយ​ថា ប្រសិនបើ​ព្រះមហាក្សត្រ ទ្រង់​មិន​អាច​អន្តរាគមន៍ ដោះស្រាយ​វិបត្តិ​នយោបាយ​សព្វថ្ងៃ​បានទេ ទ្រង់​គួរ​ដាក់រាជ្យ​វិញ​ទៅ។ ក្រៅ​ពី​នេះ លោក លឺ ឡាយស្រេង បាន​រិះគន់​សម្ដេចក្រុមព្រះ ថា​ជា​អ្នកនយោបាយ ដែល​អង្គុយ​ចាំ​ទទួល​យក​តែ​ផល ដោយ​មិន​ចេះ​អៀនខ្មាស និង​ធ្វើ​ឲ្យ​បាត់​ព្រះ​កិត្តិនាម​ព្រះរាជវង្សានុវង្ស​ជាដើម។ ដោយឡែក​នៅ​ក្នុង​ពាក្យបណ្ដឹង​របស់​រដ្ឋាភិបាល​នេះ មិនបាន​ប្ដឹង​អ្នកស្រី គី លំអង​ទេ។

ការ​លួច​ថត​សំឡេង​គេ​របស់​សីហា​នេះ មិនមែន​ជា​លើក​ទី​១​ទេ នរណា​ក៏​ដឹង​ដែរ​ថា ម្ចាស់​គណនី​នេះ បំពាន់​ច្បាប់​ម្ដង​ហើយ​ម្ដងទៀត គ្មាន​ខ្លាចរអា​អ្វី​ឡើយ ចំពោះ​ទង្វើ​ខុសច្បាប់​របស់​ខ្លួន​លួច​ថត​សំឡេង​គេ​សន្ទនា​តាម​ទូរស័ព្ទ​ដោយ​សេរី​នេះ។ កាលពីមុន គណនី​ឈ្មោះ សីហា​នេះ បាន​លួច​ថត​ការសន្ទនា​របស់ មន្ត្រី​បក្ស​ប្រឆាំង​ជាច្រើន​រូបទៀត និង​យក​មក​ផ្សព្វ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ដូចគ្នា​នេះ​ដែរ។ ផ្ទុយទៅវិញ សកម្មភាព​ថត​សំឡេង​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ប្រកាស​សរសើរ ជា​សាធារណៈ ថា​មាន​បច្ចេកទេស​ពូកែ​ខាង​លួច​ថត​សំឡេង​នេះ​ទៅវិញ។

ចំពោះ​អ្នកវិភាគ​ឯករាជ្យ លោក បណ្ឌិត ឡៅម៉ុងហៃ មាន​ប្រសាសន៍​ថា មូលហេតុ​សំខាន់​ដែល លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​តាមដាន​ដូច្នេះ គឺ​ដោយសារតែ​រដ្ឋាភិបាល ភ័យខ្លាច និង លែង​ទុកចិត្ត​អ្នកណា​ទាំង​អស់ហើយ ទោះបីជា​ទង្វើ​នោះ​ខុសច្បាប់​ក្ដី ហើយ​របប​ដែល​មាន​ការ​តាមដាន​ដូច្នេះ គឺ​លោក​បញ្ជាក់​ថា គឺជា​របប​ផ្ដាច់ការ។

ការ​លប​ថត​សំឡេង​គេ ជា​ការ​ខុសច្បាប់​នេះ មាន​ចែង​នៅ​ក្នុង​ច្បាប់​ជាច្រើន រួមមាន ក្រមព្រហ្មទណ្ឌ ច្បាប់​ស្ដីពី​ទូរគមនាគមន៍ និង​រដ្ឋធម្មនុញ្ញ​ជាដើម។

មាត្រា​៣១៨ នៃ​ក្រមព្រហ្មទណ្ឌ បទ​ប៉ះពាល់​ដល់​ការសម្ងាត់​នៃ​ការសន្ទនា​តាម​ទូរស័ព្ទ អំពើ​ប្រព្រឹត្ត​ដោយ​គំនិត​ទុច្ចរិត ស្ដាប់ ឬ​ធ្វើ​ឲ្យ​ធ្វើ​ច្របូកច្របល់ ការសន្ទនា​តាម​ទូរស័ព្ទ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ ខែ​ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល ទៅ​២​លាន​រៀល។ ចំពោះ​មាត្រា ៣២១ ស្ដីពី​វិធាន​ភស្តុតាង​ចែងថា ចម្លើយ​ដែល​ទទួល​បាន​ពី​ការ​បង្ខិតបង្ខំ ខាង​រូប​កាយ ឬ​ខាង​ផ្លូវចិត្ត​គ្មាន​តម្លៃ​ជា​ភស្ដុ​ង​តាង​ទេ។ នៅ​ត្រង់​ចំណុច​នេះ​អ្នកច្បាប់​ពន្យល់​ថា ទោះបីជា​លោក លឺ ឡាយស្រេង ទទួលស្គាល់​ថា សំឡេង​សន្ទនា​នោះ​ជា​សំឡេង​លោក​ក៏ដោយ ក៏​តុលាការ​មិន​អាច​យក​សំឡេង​នោះ មក​ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​ចោទប្រកាន់​បានទេ។

មាត្រា​១០៥ នៃ​ក្រមព្រហ្មទណ្ឌ​ដដែល ចែងថា ចំពោះ​មន្ត្រី​នគរបាល​យុត្តិធម៌​គ្មាន​សិទ្ធិ​បង្គាប់បញ្ជា អ្នកណាម្នាក់ ទៅ​ថត​សំឡេង​គេ​ឆ្លងឆ្លើយ ដែល​ចេញ​តាម​មធ្យោបាយ​ទូរ​គមនាគមន៍ សារ​តាម​ទូរសារ ឬ​អ៊ីនធឺណែត យក​មក​ធ្វើជា​ភស្ដុ តាង​ដាក់​បន្ទុក​នរណា​ម្នាក់​បាន​ទេ។

ចំពោះ​មាត្រា​៤០ កថាខណ្ឌ​៣ ចែងថា ការ​រក្សា​សិទ្ធិ​មិន​ឲ្យ​រំលោភ​លើ​លំនៅឋាន និង​អាថ៌កំបាំង នៃ​ការ​ឆ្លង​ឆ្លើយ​តាម​លិខិត តាម​សារ​ទូរលេខ ទូរពុម្ព ទូរគមនាគមន៍ តាម​ទូរស័ព្ទ ត្រូវ​បាន​ធានា។

ដោយឡែក ចំពោះ​មាត្រា​៩៧ នៃ​ច្បាប់​ស្ដីពី​គមនាគមន៍​វិញ ចែងថា ការ​ស្ដាប់ ឬ​ការ​លប​ថត​ការសន្ទនា ដោយ​ការប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍ ដោយ​បុគ្គល ដែល​ពុំ​មែន ជា​ភាគី​នៃ​ការសន្ទនា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀលទៅ​២​លាន​រៀល។ ម្យ៉ាងវិញទៀត​នៅ​ក្នុង​កថាខណ្ឌ​ទី​៣ ចែងថា ត្រូវ​ផ្ដន្ទាទោស​ដូចគ្នា ចំពោះ​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ នៃ​ការ​សន្ទនា ដោយ​ពុំ​បាន​ទទួល​សិទ្ធិ​ស្របច្បាប់​ពី​ភាគី​ការសន្ទនា ឬ​ពី​អាជ្ញាធរ ធម្មានុរូប ឬ​ពី​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន។

ទាក់ទង​និង​បញ្ហា​នេះ ក្រុម​អ្នកច្បាប់​មើល​ឃើញ​ថា រដ្ឋាភិបាល ឬ​ក្រសួងយុត្តិធម៌​ត្រូវ​ធានា​ឲ្យ​មានការ​អនុវត្ត​ច្បាប់​របស់​ប្រទេស ក៏ប៉ុន្តែ លោក អង្គ វង្សវឌ្ឍានា ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មក​តាំង​ខ្លួន ជាដើម​បណ្ដឹង​ទាំង​បំពាន​ច្បាប់​ទាំងនេះ​ទៅវិញ។

រដ្ឋាភិបាល​អនុវត្ត​ច្បាប់​មិនបាន​ស្មើភាព​គ្នា​បែបនេះ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ និង​ក្រុម​ដែល​មាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល​ស្ថិត​នៅ​ក្នុង​ភាព​គ្រោះថ្នាក់ ព្រោះថា រដ្ឋាភិបាល ឬ​តុលាការ អាច​ចាប់ខ្លួន អាច​ដាក់​ទោស​ទាំង​កំរោល ដូចជា​ការ​ចាប់ខ្លួន​ឃុំខ្លួន អ្នកវិភាគ​នយោបាយ មន្ត្រី​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ រួម​ទាំង​លោក កឹម សុខា ផង សូម្បីតែ​ស្ត្រី​រងគ្រោះ​ដីធ្លី​ក៏​តុលាការ​របស់​លោក ហ៊ុន សែន មិន​លើកលែង​ដែរ ដូចជា​អ្នកស្រី ទេព វន្នី ជាដើម។

លោក លឺ ឡាយស្រេង ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច តែ​ម្នាក់​គត់ ដែល​ហ៊ាន​ចេញមុខ​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់ ចំពោះ​ទង្វើ​មិន​ប្រក្រតី​របស់​រដ្ឋាភិបាល​នោះ។ ការ​រង​ពាក្យ​ប្ដឹង​ប្រឆាំង​រូបលោក​នៅ​ពេល​នេះ នៅ​ក្រោយ​ពី​លោក​បាន​រិះគន់​ខ្លាំងៗ ទៅលើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ទាក់ទង​នឹង​ការបោះឆ្នោត ដែល​សហគមន៍​ជាតិ-អន្តរជាតិ​ចាត់​ទុក​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។

លោក លឺ ឡាយ ស្រេង និង​លោក បណ្ឌិត ឡៅ ម៉ុងហៃ គម្រោង​គាល់​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះអង្គ​កុំ​ឡាយ​ព្រះ​ហត្ថលេខា​ទទួលស្គាល់​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ នៅ​ក្រោយ​ពេល​ច្បាប់​ទាំង​៤​នេះ ត្រូវ​បាន​សភា និង​ព្រឹទ្ធសភា​ឯក​បក្ស​អនុម័ត​នោះ។ ក៏ប៉ុន្តែ​ក្រោយមក​ក៏​ស្រាប់តែ​មានការ​លួច​ថត​សំឡេង​លោក លឺ ឡាយស្រេង យក​មក​ធ្វើជា​ភស្តុតាង​ប្ដឹងផ្ដល់​ទៅ​តុលាការ​វិញ។ បញ្ហា​នេះ មាន​ចម្ងល់​ជាច្រើន​ថា តើ​ការ​លួច​ថត​សំឡេង​និង​ការ​ប្ដឹងផ្ដល់​នេះ ជា​ការ​ផែនការ​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ចលនា​របស់​លោក លឺ ឡាយស្រេង និង​លោក ឡៅម៉ុងហៃ កុំ​ឲ្យ​ស្នាម​មេដៃ​គាល់​ព្រះ​មហាក្សត្រ ដើម្បី​ស្នើសុំ​ព្រះអង្គ​កុំ​ឡាយ​ព្រះ​ហត្ថលេខា​លើ​ច្បាប់​ទាំង​៤​នោះ​ឬ​យ៉ាងណា?

កន្លងមក​ព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះអង្គ​តែងតែ​ចេញទៅ​ក្រៅ​ប្រទេស​ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព នៅ​ស្រប​ពេល​ច្បាប់​ជ្រើសតាំង​តំណាងរាស្ត្រ ត្រូវ​បាន​គណបក្ស​កាន់អំណាច​ធ្វើ​វិសោធនកម្ម​ម្ដង​ជា​ពីរ​ដងនោះ។ បញ្ហា​នេះ អ្នកវិភាគ​លើក​ឡើង​ថា ព្រះអង្គ​ទំនងជា​មិន​ពេញ​ព្រះទ័យ និង​មិន​ចង់​ចុះ​ហត្ថលេខា ទទួល​ស្គាល់​ការ​ធ្វើ​វិសោធនកម្ម​ដ៏​ចម្រូងចម្រាស​នោះ។

លោក លឺ ឡាយស្រេង ប្រកាស​ថា លោក​នឹង​ធ្វើ​ដំណើរ​មកដល់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី២៦ តុលា ដោយ​លោក​បញ្ជាក់​ថា លោក​មិន​ទៅ​ចំណាយ​ពេល​ឥតប្រយោជន៍ ដើម្បី​តតាំង​គ្នា​ជាមួយ​លោក ហ៊ុន សែន ក្នុង​តុលាការ​កម្ពុជា ដែល​លោក​ហៅថា ជា​តេឡេ​បញ្ជា​របស់​លោក ហ៊ុន សែន នោះ​ទេ ប៉ុន្តែ បើសិនជា តុលាការ​នៅ​កម្ពុជា ជា​តុលាការ​ឯករាជ្យ លោក​មិន​ខ្លាច​នឹង​តតាំង​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles