
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច នរោត្ដម សីហមុនី នៅថ្ងៃទី២៥ តុលា បានឡាយព្រះហស្ថដាក់ឲ្យប្រើប្រាស់ច្បាប់ចំនួន៤ ទាក់ទងនឹងការបោះឆ្នោត បន្ទាប់ពីទើបតែវិសោធនកម្មចំនួន៤ ដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦៧រូបបានអនុម័ត ហើយក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសកាលពីថ្ងៃទី២៤ តុលា ថា ច្បាប់ទាំងនោះស្របតាមរដ្ឋធម្មនុញ។
ព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេច នរោត្ដម បរមនាថ សីហមុនី បានឡាយព្រះហស្ថលេខារួចហើយ លើច្បាប់ទាំង៤ រួមមាន៖ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ បានស្នើឡើងដោយឯកបក្សនៃតំណាងរាស្ត្របក្សកាន់អំណាច ហើយច្បាប់ទាំងនេះ បានដំណើរការពិនិត្យ និងសម្រេចអនុម័តជាបន្តបន្ទាប់ដោយរលូន តាំងពីរដ្ឋសភា ព្រឹទ្ធសភា និងស្ថាប័នព្រះមហាក្សត្រ មិនដល់រយៈពេល២សប្ដាហ៍ផង។
បក្សប្រឆាំង សង្គមស៊ីវិល និងអ្នកវិភាគនយោបាយ កន្លងមកបានអំពាវនាវដល់ព្រះមហាក្សត្រ កុំអោយព្រះអង្គឡាយព្រះហស្ថលេខាលើច្បាប់ទាំង៤ ដែលមានចេតនាយកអាសនៈសភា និងក្រុមប្រឹក្សឃុំ-សង្កាត់របស់បក្សប្រឆាំង ទៅច្រៀកចែកអោយគណបក្សនយោបាយផ្សេងទៀតដែលពលរដ្ឋមិនបានបោះឆ្នោតអោយ។ ពលរដ្ឋថា ទង្វើនោះជាការប្លន់ឆន្ទះរាស្ត្រ។