Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​វៀតណាម​ក្រោយ​រក​ឃើញ​បទល្មើស​ព្រៃឈើ

$
0
0

មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​រដ្ឋាភិបាល ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​វៀតណាម និង​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​នេះ បើ​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​ខុសច្បាប់ ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​មន្ត្រី​អាវុធហត្ថ​ខែត្រ​ក្រចេះ ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៦​នាក់ និង​រឹបអូស​ឈើ​ហ៊ុប​មូល​ជាច្រើន​ម៉ែត្រគូប ឋិត​ក្នុង​បរិវេណ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​វៀត​ណា​ម មាន​ទីតាំង​ក្នុងស្រុក​ស្នួល។

មន្ត្រី​ឃ្លាំមើល​សមាគម​អាដហុក (Adhoc) ខែត្រ​ក្រចេះ​សង្ស័យ​ថា ឈើ​ដែល​មន្ត្រី​អាវុធហត្ថ​ចាប់ និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៦​នាក់ កាលពី​ថ្ងៃទី១៨ តុលា អាច​ជា​ឈើ​ដែល​គេ​បន្លំ​ចូល ក្នុង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​វៀតណាម​ឈ្មោះ អ៊ី.អ៊ិនវេសមេន (E-Investment Co.Ltd ) ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់​រួច​ដឹក​ទៅ​ប្រទេស​វៀតណាម។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ នៃ​សមាគម​អាដហុក ខែត្រ​ក្រចេះ លោក ប៊ី វ៉ាន់នី គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​អាវុធហត្ថ​ខែត្រ​ក្រចេះ តែ​លោក​ចង់​ឲ្យ​ក្រុមហ៊ុន​នេះ ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ បើ​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​ឆ្លងដែន​ខុសច្បាប់។ លោក​រក​ឃើញ​ថា បច្ចុប្បន្ន​ឈើ​ឋិត​ក្នុង​បរិវេណ​ក្រុមហ៊ុន​វៀតណាម​នោះ ពុំ​មាន​ឈើ​ហ៊ុប​មូល​ធំៗ​នោះ​ទេ ហើយ​ឈើ​ធំៗ​ត្រូវ​ក្រុមហ៊ុន​កាប់ និង​ឈូស​ឆាយ អស់​ច្រើន​ឆ្នាំ​មក​ហើយ ហេតុនេះ​ឈើ​ហ៊ុប​មូល ដែល​អាវុធហត្ថ​ចាប់​បាន​នោះ​ទំនង​ជា​ឈើ ដែល​គេ​បន្លំ​ចូល​ក្រុមហ៊ុន រួច​ដឹក​ឆ្លងដែន​នៅ​ប្រទេស​វៀតណាម។

លោក​កត់​សម្គាល់​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​ខែត្រ​ក្រចេះ ធ្លាប់​បាន​ផ្តល់​ទីតាំង​ឲ្យ​ឈ្មួញ​បន្លំ​ឈើ​ចូល​ក្រុមហ៊ុន​របស់​ខ្លួន ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​ចេញ​ក្រៅ​ដូចជា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ឆាយណា ដាយណាមិច (CHINA DYNAMIC INVESTMENT C0., LTD.) ជាដើម ដែល​ទ​ទូល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល ពុំ​សូវ​វិនិយោគ​អ្វី​ក្រៅពី​កាប់​ឈើ​ធ្វើ​អាជីវកម្ម​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​១៨ តុលា អាវុធហត្ថ​ខែត្រ​ក្រចេះ ឃាត់​ត្រាក់ទ័រ ៤គ្រឿង រ៉ឺម៉ក​ផ្ទុក​ឈើ​មូល ៣​គ្រឿង រថយន្ត​ប៉ា​កុង ២​គ្រឿង អាប៊ុល​ចំនួន ៤​គ្រឿង និង​ឈើ​មូល ១០០​កំណាត់ មាន​មុខ​កាត់ ៤​តឹក និង​បណ្ដោយ ១០​ម៉ែត្រ ព្រមទាំង​ឃាត់​ខ្លួន ជនជាតិ​វៀតណាម​សរុប​ចំនួន ៦​នាក់ ដោយ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខែត្រ​ក្រចេះ ដើម្បី​អនុវត្ត​ច្បាប់។

អភិបាលស្រុក​ស្នូល​លោក គង់ គឹមនី បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ​នៅ​ថ្ងៃ​ទី២០ តុលា តែ​លោក​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ទីតាំង​ដែល​ចុះ​បង្ក្រាប​នោះ ពុំ​មែន​ជា​ដី​ព្រៃ​អភិរក្ស ឬ​ព្រៃ​បម្រុង​ទុក​នោះ​ទេ គឺជា​ដី​ក្រុមហ៊ុន​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល និង​មាន​ច្បាប់​សម្រាប់​ឈូស​ឆាយ។

មេឃុំ​ពីរ​ធ្នូ លោក ពឹង វិន បញ្ជាក់​យ៉ាង​ខ្លី​ថា ឈើ​ដែល​អាវុធហត្ថ​ចាប់​នោះ គឺជា​ឈើ​ឋិត​ក្នុង​បរិវេណ​របស់​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល ខណៈ​តំបន់​នោះ​ពុំ​មាន​ផ្លូវ​សម្រាប់​ដឹកជញ្ជូន​ឈើ​ចូល​នោះ​ទេ។

តែ​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា បើ​ទោះ​បី​ជា ឈើ​ដែល​អាវុធ​ហត្ថ​ចាប់​នោះ​ឋិត​ក្នុង​បរិវេណ​របស់​ក្រុមហ៊ុន​ក្ដី តែ​ការ​ធ្វើ​អាជីវកម្ម​ឈើ​ឆ្លងដែន​ទៅ​វៀតណាម​គឺជា​ករណី​ខុសច្បាប់ ខណៈ​ដែល​រដ្ឋាភិបាល​ធ្លាប់​ប្រកាស​បិទ​ច្រក​នាំចេញ​ឈើ​ទៅ​ក្រៅ​ប្រទេស។

កាលពី​ឆ្នាំ ២០១៦ អំឡុង​ពេល​ដែល​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ដឹកនាំ​ដោយ​មេបញ្ជាការ​កងរាជអាវុធហត្ថ លោក សៅ សុខា បាន​បង្ក្រាប​ទីតាំង​ផ្ទុក​ឈើ​មួយ​កន្លែង​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ឆាយណា ដាយណាមិច ជាដើម ដោយ​រឹបអូស​ឈើ​ហ៊ុប​ជាង ៣​ពាន់​ម៉ែត្រ​គូប ជា​ប្រភេទ​ឈើ​គគីរ និង​សុក្រំ មាន​មុខ​កាត់​ចាប់ពី ៤​តឹក​ឡើង​ទៅ​ប្រវែង ៥​ម៉ែត្រ​ដល់ ជាង​១០​ម៉ែត្រ ដែល​ឈ្មួញ​ដឹក​ពី​តំបន់​ព្រៃ​អភិរក្ស​ខែត្រ​មណ្ឌលគិរី។ សំណុំ​រឿង​នេះ អាវុធហត្ថ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខែត្រ​ក្រចេះ ដែល​គេ​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​ឧកញ៉ា​មួយ​ចំនួន ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ​សំណុំ​រឿង​នេះ​ហាក់​ស្ងាត់​នៅឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles