Quantcast
Viewing all articles
Browse latest Browse all 11174

ស៊ុយអ៊ែត​ព្រមាន​ពិចារណា​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ឡើង​វិញ​បើ​បក្ស​ប្រឆាំង​ត្រូវ​រំលាយ

Image may be NSFW.
Clik here to view.

ប្រទេស​ផ្ដល់​ជំនួយ​ផ្នែក​សិទ្ធិមនុស្ស​ដ៏​ធំ​មួយ​របស់​កម្ពុជា គឺ​ប្រទេស​ស៊ុយអ៊ែត (Sweden) បាន​ព្រមាន​ថា នឹង​ពិចារណា​ឡើងវិញ អំពី​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា ប្រសិន​ណា​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មែន​នោះ។ សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា ការ​ជ្រើសរើស​ផ្លូវ​ដើរ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ នឹង​អាច​ធ្វើ​ឲ្យ​កម្ពុជា​ឯកា។

រដ្ឋាភិបាល និង​សភា​ស៊ុយអ៊ែត មាន​ការ​ព្រួយបារម្ភ​ផ្នែក​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយក្រោយ​ជា​ខ្លាំង។ ការ​បញ្ជាក់​នេះ ត្រូវ​បាន​អគ្គរាជទូត​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ប្រទេស​ស៊ុយអ៊ែត អ្នកស្រី អេននីកា ប៊ិន ដេវីដ (Annika Ben David) លើកឡើង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ក្នុង​និវេសនដ្ឋាន ឬ​ផ្ទះ​របស់​អគ្គរាជទូត​ស៊ុយអ៊ែត នៅ​ក្រុងភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​តុលា។

អ្នកស្រី អេននីកា ប៊ិន ដេវីដ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា នេះ​គឺជា​លើក​ទី​១ របស់​អ្នកស្រី ដែល​មក​ពិនិត្យមើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី គឺ​ក្រោយ​ពេល រដ្ឋាភិបាល​ស៊ុយអ៊ែត មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ដំណើរការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន ដែល​បាន​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​បិទ​សេរីភាព​បញ្ចេញមតិ​របស់​សង្គម​ស៊ីវិល ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង និង​គម្រោង​រំលាយ​គណបក្សប្រឆាំង។ អ្នកស្រី​បន្ត​ថា រដ្ឋាភិបាល​ស៊ុយអ៊ែត មិនទាន់​ជឿ​ទាំងស្រុង​នោះ​ទេ អំពី​ដំណើរ​ដើរ​ថយក្រោយ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូច្នេះ​ហើយ ទើប​អ្នកស្រី​មក​ជួប​ដោយ​ផ្ទាល់​ពី​គ្រប់​ភាគី និង​តំណាង​រដ្ឋាភិបាល​កម្ពុជា។

អ្នកស្រី អេននីកា ប៊ិន ដេវីដ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​២​រូប គឺ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី និង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។ នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន អគ្គរាជទូត​សិទ្ធិមនុស្ស​ស៊ុយអ៊ែត បាន​លើក​ឡើង​អំពី​ការ​រឹតត្បិត និង​ការ​បិទ​ស្ថានីយ​វិទ្យុ។ អ្នកស្រី​អះអាង​ថា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​បិទ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ពិតមែន ប៉ុន្តែ​ជា​ការ​ធ្វើឡើង​តាមច្បាប់​របស់​កម្ពុជា។ អ្នកស្រី អេននីកា ប៊ិន ដេវីដ បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ វិញ ថា អ្នកស្រី​ព្រួយបារម្ភ ការ​អនុវត្ត​ច្បាប់​នេះ មិន​ស្មើភាព​គ្នា ដោយ​ច្បាប់​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សំដៅ​លើ​ក្រុម​គោលដៅ​ណាមួយ។

អ្នកស្រី អេននីកា ប៊ិន ដេវីដ បាន​ជូន​សារ​សំខាន់ៗ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា​ថា រដ្ឋាភិបាល​ស៊ុយអ៊ែត ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បង្កើត​លក្ខខណ្ឌ​លំបាក ដល់​សកម្មភាព​របស់​អ្នក​សារព័ត៌មាន​ដែល​ពិបាក​ធ្វើការ​ដោយ​សេរី នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

ប្រទេស​ស៊ុយអ៊ែត ធ្លាប់​បាន​ជួយ​លើ​ផ្នែក​ការ​គោរព​សិទ្ធិមនុស្ស​ដល់​កម្ពុជា មាន​ទឹកប្រាក់​ចំនួន ១០០​លាន​ដុល្លារ។ អគ្គរាជទូត​សិទ្ធិមនុស្ស​ស៊ុយអ៊ែត ចង់​ឃើញ​ស្ថានភាព​នៅ​កម្ពុជា បាន​វិល​ទៅ​រក​សភាព​ដើម​វិញ ដែល​បើក​ឲ្យ​សារព័ត៌មាន និង​សង្គម​ស៊ីវិល មាន​សេរីភាព​ពេញទី​ក្នុង​ការ​បញ្ចេញមតិ និង​គ្មាន​ការ​ដាក់​គំនាប​ទៅលើ​គណបក្សប្រឆាំង។ អ្នកស្រី​ថា គម្រោង​រំលាយ​បក្ស​ប្រឆាំង គឺជា​ការ​ជ្រើសរើស​ផ្លូវ​ខុស។ អ្នកស្រី អេននីកា ប៊ិន ដេវីដ អះអាង​ថា ជំនួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ក្នុង​ន័យ​មិត្តភាព មិន​មាន​បំណង​អ្វី ក្រៅពី​ជំរុញ​ឲ្យ សភាពការណ៍​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​វិល​ទៅ​រក​សភាព​ដើម​វិញ​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា រដ្ឋមន្ត្រី​ទទួលបន្ទុក​ការអភិវឌ្ឍន៍​ស៊ុយអ៊ែត បាន​ទៅ​ជួប​រដ្ឋសភា​ស៊ុយអ៊ែត ដើម្បី​ឆ្លើយ​បំភ្លឺ​អំពី​សភាពការណ៍​នៅ​កម្ពុជា ហើយ​ក្រោយពី​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នេះ​រួច អគ្គរាជទូត​សិទ្ធិមនុស្ស​រូប​នេះ នឹង​យក​បញ្ហា​កម្ពុជា ទៅ​ជម្រាប​ជូន​រដ្ឋាភិបាល​ស៊ុយអ៊ែត ដោយ​អ្នកស្រី អេននីកា ប៊ិន ដេវីដ នឹង​ចេញដំណើរ​ទៅ​ប្រទេស​ស៊ុយអ៊ែត​វិញ នៅ​យប់​ថ្ងៃ​ទី​១៩ តុលា។

អ្នកស្រី អេននីកា ប៊ិន ដេវីដ យល់ថា ជម្រើស​ការ​ដក​ទូត​មិនមែន​ជា​ជម្រើស​ល្អ​នោះ​ទេ តែ​យ៉ាងណា ស៊ុយអ៊ែត នឹង​ព្យាយាម​ធ្វើ​អ្វី​បន្ថែម​ទៀត ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ចំពោះ​ការ​ដាក់​សម្ពាធ ឬ ផ្ដាច់​ជំនួយ​ផ្នែក​សិទ្ធិមនុស្ស​វិញ អ្នកស្រី អេននីកា ប៊ិន ដេវីដ មិន​ចង់​បញ្ជាក់​លំអិត​នោះ​ទេ ដោយ​រង់ចាំ​ការសម្រេច​ពី​រដ្ឋាភិបាល​ស៊ុយអ៊ែត។

បើ​ទោះ​ជា​បែបនេះ​ក្ដី អគ្គរាជទូត​សិទ្ធិមនុស្ស​អ្នកស្រី អេននីកា ប៊ិន ដេវីដ បាន​បង្ហើប​ថា ប្រទេស​ស៊ុយអ៊ែត គឺជា​ដៃ​របស់​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ហើយ​សម្រាប់​ផ្នែក​ឧស្សាហកម្ម​វិញ ប្រទេស​ស៊ុយអ៊ែត មាន​រោងចក្រ​មួយ​នៅ​កម្ពុជា។

អនុប្រធាន​ផ្នែក​សហ​ប្រតិបត្តិ​ការអភិវឌ្ឍ​ស្ថានទូត​ស៊ុយអ៊ែត ហៅ​កាត់​ថា SIDA លោក អេនឌ្រីស ចូហានសុន (Andreas Johansson) លើក​ឡើង​ថា ជំនួយ​របស់​រដ្ឋាភិបាល​ស៊ុយអ៊ែត​នៅ​កម្ពុជា មាន​លើ​វិស័យ​៣​សំខាន់ គឺ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ការងារ និង​សិក្សាអប់រំ បរិស្ថាន និង​បម្រែបម្រួល អាកាសធាតុ។ លោក​អះអាង​ថា SIDA មាន​គម្រោង​ច្រើន​លើ​វិស័យ​ទាំង​៣​នេះ ប៉ុន្តែ​ដោយសារ​មាន​ព្រឹត្តិការណ៍​ថ្មីៗ​នេះ កើតឡើង ស៊ុយ​អ៊ែត កំពុង​ពិចារណា​លើ​ជំនួយ​ទាំងនេះ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​អំពី​គម្រោង​ពិចារណា​ទំនាក់ទំនង​ឡើងវិញ រវាង​កម្ពុជា និង​ស៊ុយអ៊ែត បាន​ទេ ពី​មន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​កម្ពុជា។ ប៉ុន្តែ​កន្លងមក មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​មិន​ខ្លាច​សម្ពាធ​ណាមួយ​ពី​សហគមន៍​អន្តរជាតិ​នោះ​ទេ។ កាលពី​ថ្ងៃ​ទី​១៦ ខែ​តុលា អនុប្រធាន​គណបក្ស​កាន់អំណាច លោក ស ខេង បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ក្រោយ​កិច្ចប្រជុំ​រដ្ឋសភា អនុម័ត​ច្បាប់​៤ ដើម្បី​បើកផ្លូវ​យក​អាសនៈ​បក្ស​ប្រឆាំង​ទៅ​ចែក​ឲ្យ​បក្ស​តូចៗ ថា រដ្ឋាភិបាល​បាន​ត្រៀមខ្លួន គ្រប់​បែបយ៉ាង​រួចរាល់​ហើយ ចំពោះ​សម្ពាធ​ពី​អន្តរជាតិ។

អ្នកនាំពាក្យ​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Licadho) លោក ស៊ឹង សែនករុណា ព្រួយបារម្ភ​ពី​ផ្លូវ​ដែល​រដ្ឋាភិបាល​កំពុង​ដើរ​សព្វថ្ងៃ។ លោក ស៊ឹង សែនករុណា យល់ថា ប្រសិនបើ ប្រទេស​ស៊ុយអ៊ែត​ផ្ដាច់​ជំនួយ​ផ្នែក​សិទ្ធិមនុស្ស នឹង​ប៉ះពាល់​ខ្លាំង​ចំពោះ​ពលរដ្ឋ និង​រដ្ឋាភិបាល​កម្ពុជា។

អគ្គរាជទូត​សិទ្ធិមនុស្ស​ស៊ុយអ៊ែត មើល​ឃើញ​ពី​ការ​កើន​ឡើង​នូវ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ចាប់អារម្មណ៍​ពី​សមិទ្ធផល​នានា តែ​យ៉ាងណា អ្នកស្រី អេននីកា ប៊ិន ដេវីដ ចង់​ឃើញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បូក​បញ្ចូល​ជាមួយ​សិទ្ធិមនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles