Clik here to view.

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវទៅកាន់តំណាងរាស្ត្រទាំងអស់ក្នុងពិភពលោក ឲ្យជួយការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលសហភាពអន្តរសភា (Inter-Parliamentary Union ហៅកាត់ថា IPU) កំពុងតែប្រជុំក្នុងទីក្រុង សេន ភេធ័រប៊ស (Saint Petersburg) ប្រទេសរុស្ស៊ី ក្នុងសន្និបាតលើកទី១៣៧ ដែលមានវត្តមានតំណាងរាស្ត្រមកពី១៧៣ រដ្ឋសភា ទូទាំងពិភពលោក។
ក្នុងលិខិតមួយច្បាប់របស់លោកចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៦ ខែតុលា លោក សម រង្ស៊ី សរសេរថា ការណ៍ដែលគណបក្សកាន់អំណាចប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិនោះ នឹងនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
លោក សម រង្សី ថា ការចោទប្រកាន់មកលើគណបក្សប្រឆាំង និងទង្វើផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ របស់អាជ្ញាធរប្រទេសកម្ពុជា ក្នុងការធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិ ត្រូវបានផ្ដន្ទាទោស ដោយអង្គការសហប្រជាជាតិ សភាអឺរ៉ុប និងរដ្ឋាភិបាលច្រើនប្រទេសក្នុងពិភពលោក ព្រមទាំងអង្គការសិទ្ធិមនុស្សជាទូទៅ។ ស្ថាប័នអន្តជាតិធំៗទាំងនោះ បានហៅទង្វើនេះ ថាជាការរំលោភគោលការណ៍ប្រជាធិបតេយ្យ នៃប្រព័ន្ធសភា និងរំលោភលក្ខណៈជាតំណាងរាស្ត្រពិតប្រាកដក្នុងប្រព័ន្ធនេះ។
លោក សម រង្ស៊ី ស្នើឲ្យមានសាមគ្គីភាពយ៉ាងផុលផុស ពីសំណាក់អ្នកតំណាងរាស្ត្រទាំងអស់ក្នុងពិភពលោក ដើម្បីជួយដល់តំណាងរាស្ត្រដូចគ្នានៅប្រទេសកម្ពុជា តាមរយៈការទប់ស្កាត់កុំឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិបាន៕