Quantcast
Viewing all articles
Browse latest Browse all 11174

អ្នក​ជំនាញ​ហៅ​ការ​​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ថា​ជា​រឿង​​ហួស​ចិត្ត និង​អយុត្តិធម៌

Image may be NSFW.
Clik here to view.

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​អ្នក​ជំនាញ​ផ្នែក​បោះឆ្នោត​ហួស​ចិត្ត និង​ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌​នៅ​ពេល​ដែល​រដ្ឋសភា​បាន​សម្រេច​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​ស្ដីពី​ការបោះឆ្នោត ដែល​នឹង​បើក​អោយ​មាន​ការ​ដកហូត​អាសនៈ​របស់​គណបក្ស​ប្រឆាំង។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ហៅ​ការប៉ុនប៉ង​រំលាយ និង​ដកហូត​អាសនៈ​ពី​គណបក្ស​មួយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា កើត​ចេញ​ពី​ការបោះឆ្នោត​ថា​ជា​ការ​ប្លន់​អំណាច។

អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​សង្គម និង​នយោបាយ លោក​សាស្ត្រាចារ្យ ហេង ស៊្រាង បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ភ្លាមៗ ក្រោយ​ការ​សម្រេច​អនុម័ត​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​ទាក់ទិន​នឹង​ការ​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ តុលា ថា តាំង​ពី​លោក​បាន​ដើរ​រៀន ដើរ​បង្រៀន អាន​សៀវភៅ​នយោបាយ ស្រាវជ្រាវ សរសេរ​បោះពុម្ព​រហូត​សព្វថ្ងៃ មិន​ដែល​បាន​ជួប បាន​ឮ​អំពី​ការ​ដក​ហូត​តំណែង​សភា​របស់​បក្ស​មួយ ដែល​ប្រជា​ពលរដ្ឋ​បោះឆ្នោត​ឲ្យ ទៅ​ឲ្យ​បក្ស​ផ្សេង ដែល​ពលរដ្ឋ​ខ្ពើម​រអើម​មិន​បោះឆ្នោត​ឲ្យ​សូម្បី​តែ​មួយ​កៅអី​សោះ។

លោក ហេង ស៊្រាង បន្ត​ថា ជួយ​ប្រាប់​ផង​ក្រែង​មាន​ប្រទេស​ណា​បាន​ធ្វើ​បែបនេះ? លោក​ថា បញ្ហា​នេះ​គឺ​ល្បី​អសោច​ក្នុង​ប្រវត្តិសាស្ត្រ​គ្មាន​ពីរ​លើ​លោក។ លោក ថា​បើ​ធ្វើ​ទៅ​រួច ទង្វើ​បែប​នេះ​មិន​ដឹង​ហៅ​អ្វី​ត្រូវ? រដ្ឋប្រហារ​ក៏​មិន​ត្រូវ​ បក្ស​ប្រហារ​ក៏​មិន​ត្រូវ បើ​ថា​ប្លន់​អំណាច​អាច​ត្រូវ។ លោក​មាន​ចម្ងល់​ថា តើ​ប្លន់​យក​តំណែង​សមាជិកសភា​ទៅ​ចែក​គ្នា​ដូច​ចែក​នំ​ឬ?
លោក​បន្ត​ថា លោក​គាំទ្រ​តែ​រដ្ឋបាល​ដឹកនាំ​ណា ដែល​កើត​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព និង​យុត្តិធម៌​ប៉ុណ្ណោះ។

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFEC) ដែល​ជា​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត លោក សម គន្ធាមី បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា វា​អយុត្តិធម៌​សម្រាប់​ម្ចាស់​ឆ្នោត​ព្រោះ​ពលរដ្ឋ​បាន​បោះ​ឆ្នោត ប្រសិន​បើ​មាន​ការបែងចែក​អាសនៈ​សភា​នៃ​គណបក្ស ដែល​ត្រូវ​គេ​រំលាយ​មុន​ចប់​អាណត្តិ។ យ៉ាង​នេះ​ក្ដី​លោក​មើល​ឃើញ​ថា​ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណបក្ស​កាន់​អំណាច​តែ​ឯង​នេះ ទំនង​ជា​មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ជា​ទូទៅ​នោះ​ទេ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ទំនង​ជា​មិន​ត្រូវ​បាន​គេ​រំលាយ​នោះ​ដែរ។

រីឯ​អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL)លោក កន សាវាង្ស បាន​សរសេរ​ការ​វិភាគ​ខ្លី​មួយ​នៅ​លើ​ហ្វេសប៊ុក របស់​លោក​ថា វិសោធនកម្ម​លើ ច្បាប់ បោះឆ្នោត ចំនួន៤ ឬ​មួយ​ណា​ក៏​បាន ត្រូវ​បាន​អនុម័ត​តាម​សំណើ ហើយ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​មែន នោះ សំឡេង​ឆ្នោត​របស់​ប្រជាជន ជាង២,៩លាននាក់ក្នុងឆ្នាំ២០១៣ និង​សំឡេង​ជាង​៣លាន​នាក់​ក្នុង​ឆ្នាំ២០១៧ នឹង​ត្រូវ​បាន​បំផ្លាញ​ចោល។ លោក​ចោទ​សួរ​ថា តើ​សំឡេង​ទាំង​អស់​នោះ​ជា​ប្រជាពលរដ្ឋ​ដែល​មិនមែន​ជា​ជន​ជាតិ​ខ្មែរ? តើ​ហេតុអ្វី​បាន​ជា​សំឡេង​ទាំង​នោះ​ត្រូវ​បាន​បំបាត់? លោក​បន្ត​ថា​អ្វី​ដែល​ហួសចិត្ត គណបក្ស​ដែល​មិន​ត្រូវ​បាន​ប្រជាពលរដ្ឋ​យល់​ឃើញ​ថា​ជា​អ្នក​ដែល​មាន​សមត្ថភាព​និង​មិន​ពេញ​ចិត្ត​សោះ ហើយ​ដែល​ការបោះឆ្នោត​កន្លង​ទៅ​រក​តែ​មួយ​កៅអី​មិន​បាន​ផង បែរ​ជា​ទទួល​បាន​អាសនៈ ដែល​ធ្លាក់​ពី​លើ​មេឃ​ទៅ​វិញ។

លោក សាវាង្ស លើក​ឡើង​ទៀត​ថា ក្នុង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ២០១៣ នៅ​មណ្ឌល​ភ្នំពេញ កូតា​មួយ​អាសនៈ​ត្រូវការ​សំឡេង​ជាង ៥ម៉ឺននាក់ តែ​នៅ​ក្រោយ​ពី​ការ​ធ្វើ​វិសោធនកម្ម​នេះ បែរ​ជា​កូតា​ត្រូវការ​តែ​ជាង​២​ពាន់​នាក់​តែ​ប៉ុណ្ណោះ។

សម្រាប់​នាយក​ប្រតិបត្តិ​គណៈកម្មការ​ខុមហ្វ្រែល (COMFREL)លោក គល់ បញ្ញា វិញ​លោក​ធ្លាប់​លើក​ឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​ក្នុង​កម្មវិធី​សំឡេង​សង្គម​ស៊ីវិល​ថា ការប្រកួត​ប្រជែង​តាម​រយៈ​ការ​បោះឆ្នោត​គឺ​មិន​ខុសគ្នា​ពី​ការ​ប្រកួត​ប្រជែង​យក​មេដាយ ឬ​ពានរង្វាន់​នៅ​ក្នុង​ល្បែង​កីឡា​នានា​ឡើយ គឺ​គេ​មិន​អាច​ទៅ​ដក​ពានរង្វាន់​ពី​អ្នក​ប្រកួត​ឈ្នះ​ទៅ​អោយ​អ្នក​ដែល​មិន​បាន​ឈ្នះ​ដោយ​គ្រាន់​តែ​បង្កើត​លក្ខខណ្ឌ ឬ​ច្បាប់​ថ្មី​ណាមួយ​នៅ​ក្រោយ​ការប្រកួត​ឡើយ។ លោក​ថា ការបោះឆ្នោត​ជា​ការប្រកួត ដែល​មាន​ចៅ​ក្រម ជា​ប្រជាពលរដ្ឋ​រាប់​លាន​នាក់។

រដ្ឋសភា​ដែល​មាន​តែ​សមាជិក​សភា មក​តែ​ខាង​គណបក្ស​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ តុលា បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ដោយ​សំឡេង​៦៧ លើ​៦៧ នូវ​ច្បាប់​វិសោធនកម្ម​ចំនួន​៤ គឺ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់។ ការ​អនុម័ត​ច្បាប់​នេះ​គឺ​នៅ​ក្រោយ​ពេល​ដែល​ក្រសួងមហាផ្ទៃ​ដាក់​បណ្ដឹង​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​តុលាការ​កំពូល​តាម​បណ្ដឹង​របស់ គណបក្ស​តូច​ៗ​ចំនួន​ពីរ​ដែល​គ្មាន​អាសនៈ​នៅ​ក្នុង​សភា គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច(FUNCINPEC) និង​គណបក្ស​យុវជន​កម្ពុជា ដោយ​ចោទ​បក្ស​ប្រឆាំង​ថា មាន​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​ហ៊ុន សែន។ ក្នុង​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​បាន​ចុះផ្សាយ​នូវ​រូបមន្ត​ដែល​ផ្ដល់​ដោយ​អ្នក​ជំនាញ​ផ្នែក​បោះ​ឆ្នោត​ដែល​ថា នៅ​ក្រោយ​ពេល​ដែល​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​រំលាយ ហើយ​មាន​ការ​ដកហូត​ បែង​ចែក​អាសនៈ​សភា​មែន​នោះ​មាន​គណបក្ស​ចំនួន​៥ នឹង​ត្រូវ​គេ​បែកចែក​អាសនៈ​ទៅ​អោយ ​ដែល​ក្នុង​នោះ​រួម​មាន​ គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​ទទួល​បាន​៤១​អាសនៈ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចំនួន​៦​អាសនៈ គណបក្ស​ខ្មែរ​ឈប់ក្រ បាន​​ចំនួន៥​អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា​​បាន ២​អាសនៈ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បាន​មួយ​អាសនៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles