Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ថាបើ​សម្ដេច​សីហនុ​នៅ​មាន​ព្រះជន្ម​វិបត្តិ​នយោបាយ​មិន​តានតឹង​ដូច​សព្វ​ថ្ងៃ​ទេ

Image may be NSFW.
Clik here to view.

នៅតែ​មួយថ្ងៃ​ទៀត​ទេ ជា​ថ្ងៃ​គម្រប​ខួប​នៃ​ការ​យាង​សោយ​ទិវង្គត ៥​ឆ្នាំ​នៃ​ព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ។ ប្រជាពលរដ្ឋ​លើក​ឡើង​ថា ប្រសិន​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​វិញ​នោះ នឹង​គ្មាន​វិបត្តិ​នយោបាយ តានតឹង​ធ្ងន់ធ្ងរ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ព្រោះ​ពលរដ្ឋ​ថា ព្រះអង្គ​មាន​ឥទ្ធិពល​ពេញលេញ​អាច​សម្របសម្រួល​ឲ្យ​អ្នកនយោបាយ​ចរចា​ត្រូវរ៉ូវ​គ្នា​បាន។

ពលរដ្ឋ​ខ្មែរ​នៅតែ​គោរព និង​ផ្ដល់​តម្លៃ​ដល់​ព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ ថា ជា​តួអង្គ​ពូកែ​ដោះស្រាយ​បញ្ហា​ជាតិ និង​សម្រួល​សម្រួល​នយោបាយ។ ចំណែក​អ្នកវិភាគ​យល់ថា ព្រះមហាក្សត្រ​សព្វថ្ងៃ​ក៏​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​បាន​ដែរ ព្រោះ​រដ្ឋធម្មនុញ្ញ​ដែល​ច្បាប់​កំពូល បាន​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ព្រះមហាក្សត្រ ក្នុង​ការ​សម្របសម្រួល​នយោបាយ។

ស្ត្រី​ម្នាក់​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ លោកស្រី រីន កឹម ប្រាប់​អាស៊ីសេរី​ថា លោកស្រី​បាន​មើល​ភាពយន្ត​ឯកសារ ឃើញ​សម្ដេច សីហនុ ពូកែ​ទាំង​ដឹកនាំ​ប្រទេស និង​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​បាន​ល្អ។ ស្ត្រី​រូប​នេះ​យល់ថា បើ​រដ្ឋាភិបាល​សព្វថ្ងៃ យក​គណបក្សប្រឆាំង​ធ្វើជា​ដៃគូ​អភិវឌ្ឍ​ជាតិ​មិនមែន​យក​បក្ស​ប្រឆាំង​ធ្វើជា​គូ​សត្រូវ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​រីក​ចំរើន​ជាង​សព្វថ្ងៃ​ទៀត ហើយ​ពលរដ្ឋ​ក៏​រស់នៅ​ដោយ​ភាព​ភ័យខ្លាច​ដែរ។

ចំណែក ពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​ម្នាក់ទៀត ដែល​ធ្លាប់​ឆ្លង​ការដឹកនាំ​របស់​សម្ដេច សីហនុ គឺ លោក សេង ហ៊ាង ប្រាប់​ថា លោក​នៅ​ចងចាំ​ថា ក្នុង​រជ្ជកាល​សម្ដេច សីហនុ ដឹកនាំ​ប្រទេស ប្រទេសជាតិ មាន​ការ​រីក​ចំរើន គ្មាន​ចោរឆក់ ចោរ​ប្លន់​កើតឡើង​ទេ។ ទាក់ទង​បញ្ហា​នយោបាយ​ដែល​កំពុង​កើតឡើង​សព្វ​ថ្ងៃ​នេះ ពលរដ្ឋ​រូប​នេះ ថា ប្រសិន​ព្រះបាទ​សម្ដេច នរោត្តម សីហនុ នៅ​មាន​ព្រះជន្ម ទ្រង់​នឹង​ជួយ​សម្រាល​ស្ថានការណ៍​មិន​ឲ្យ​តានតឹង​បែបនេះ​ឡើយ។

ការ​នឹកឃើញ​ពី​ស្នាព្រះហស្ត របស់​សម្ដេច នរោត្តម សីហនុ ពី​ក្រុម​ពលរដ្ឋ​ដូចនេះ ខណៈ​ប្រទេស​កម្ពុជា នឹង​រៀបចំ​ប្រារព្ធ​ពិធី​រំលឹក​ព្រះ​វិញ្ញាណក្ខន្ធ លើក​ទី៥ នៃ​ការ​យាង​សោយ​ទិវង្គត របស់​ព្រះ​អង្គ​នៅ​ទូទាំង​ប្រទេស។ មន្ត្រី​នៃ​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ​នឹង​ទៅ​ដាក់​កម្រង​នៅ​ព្រះបរមរូប ព្រះបរមរតនកោដ្ឋ នៅ​សួនច្បារ​ខាង​កើត​វិមានឯករាជ្យ ក្រុង​ភ្នំពេញ។

ព្រះបាទ​សម្ដេច នរោត្ដម សីហនុ បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​រោគ​គាំងបេះដូង ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា។

ពលរដ្ឋ​ម្នាក់ទៀត​លោក ទិត្យ វុទ្ធី និយាយ​ថា លោក​នៅ​តែ​សោកស្ដាយ​ការ​យោង​សោយ​ទិវង្គត​របស់​សម្ដេច នរោត្តម សីហនុ។ ពលរដ្ឋ​រូប​នេះ​យល់ថា ព្រះអង្គ​ជា​ម្លប់​ដ៏​ត្រជាក់​ចំពោះ​ពលរដ្ឋ​ទូទាំង​ប្រទេស។

ចាប់​តាំង​ពី​មានការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ ហើយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ប្ដឹង​ទៅ​តុលាការ​កំពូល​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​រយៈពេល​ចុងក្រោយ​នេះ សមាជិកសភា​គណបក្ស​កាន់អំណាច​ដដែល​កំពុង​កែ​ច្បាប់ យក​កៅអី​បក្ស​ប្រឆាំង​ទៅ​ចែក​គណបក្ស​នយោបាយ​ផ្សេងទៀត នៅ​ពេល​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​នោះ។ សហគមន៍​អន្តរជាតិ​ស្ទើរ​គ្រប់​ប្រទេស​នៃ​ប្រទេស​លោក​សេរី បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្តបន្ទាប់ ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង ដោយ​ចាត់​ទុក​ចំណាត់​ការ​បែបនេះ ថា ជា​ការ​នាំ​ប្រទេស​កម្ពុជា ឲ្យ​ក្លាយ​ជា​រដ្ឋ​ឯក​បក្ស។

ចំណែក​អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ក្នុង​ស្ថានភាព​នេះ ព្រះមហាក្សត្រ ព្រះបាទសម្ដេច នរោត្តម សីហមុនី ព្រះអង្គ​គួរ​យក​ព្រះ​រាជ​អំណាច​របស់​ទ្រង់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​កោះហៅ​សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ ចូល​វាំង​ដើម្បី​ចរចា។

ស្ថិត​ក្នុង​កាលៈទេសៈ​ដូច្នេះ ពលរដ្ឋ​មួយ​ចំនួន​រអ៊ូរទាំ​ថា ពួកគេ​កំពុង​បាត់បង់​ប្រាក់ចំណូល​ប្រចាំថ្ងៃ​ព្រោះ​វិបត្តិ​នយោបាយ។ ក្រុម​ពលរដ្ឋ​នៅ​ចង់​ចាំ​ថា កាល​ពី​មុន​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ សម្ដេច សីហនុ ជា​តួអង្គ​យ៉ាង​សំខាន់ ធ្វើ​ឲ្យ​ការ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ ដើម្បី​ឈាន​ដល់​ការបោះឆ្នោត និង​ដោះស្រាយ​វិបត្តិ​នយោបាយ​ឆ្នាំ​១៩៩៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles