Quantcast
Viewing all articles
Browse latest Browse all 11174

មន្ត្រី​ឃ្លាំមើល​ការ​បោះឆ្នោត​ព្រួយបារម្ភ​ចំពោះ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​ឆ្នោត​មាន​ចំនួន​តិច

Image may be NSFW.
Clik here to view.

ការ​ចុះ​ឈ្មោះ​ឆ្នោត​នៅសល់​មិន​ដល់​១​ខែ​ទៀត​ទេ នឹង​ត្រូវ​បញ្ចប់ ក៏​ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) បាន​បង្ហាញ​ចំនួន​អ្នក​បាន​ទៅ​ចុះឈ្មោះ​ឆ្នោត នៅ​មាន​ចំនួន​តិច​នៅឡើយ បើ​ធៀប​នឹង​ការ​ប៉ាន់​ប្រមាណ​របស់​គ..ប​ថា អ្នក​ដែល​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​មាន​ជាង ១​លាន​នាក់។

អ្នកឃ្លាំមើល​ការបោះឆ្នោត​លើក​ពី​មូលហេតុ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅ​មាន​ចំនួន​តិច​នៅឡើយ​នេះ​ថា ដោយសារតែ​កត្តា​មួយ​ចំនួន​ដែល​កំពុង​កើតឡើង​នា​ពេល​បច្ចុប្បន្ន ដែល​ជា​ដើមហេតុ ធ្វើ​ឲ្យ​អ្នក​ទៅ​ចុះឈ្មោះ​ឆ្នោត​ធ្លាក់​ចុះបើ​ធៀប​នឹង​ឆ្នាំ​២០១៦។

មន្ត្រី​ឃ្លាំមើល​ការបោះឆ្នោត​លើក​ឡើង​ថា ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​ជា​ឧបសគ្គ​ចម្បង​ក្នុងចំណោម កត្តា​ជាច្រើន​ផ្សេងទៀត ដែល​ជា​ឧបសគ្គ​រារាំង​មិន ឲ្យ​ពលរដ្ឋ​មួយ​ចំនួន មិន​ចាប់​អារម្មណ៍​ទៅ​ចុះឈ្មោះ​បោះឆ្នោត។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើក​ពី​ហេតុផល​ថា កត្តា​រាំងស្ទះ​ពលរដ្ឋ​មិនបាន​ទៅ​ចុះឈ្មោះ​ឲ្យ​បាន​ច្រើន​ដូច​កាលពី​ឆ្នាំ​២០១៦​នោះ​គឺ ការអប់រំ​ពលរដ្ឋ អំពី​ការ​ចុះឈ្មោះ​បោះឆ្នោត ការ​ផ្សព្វផ្សាយ​របស់​គ..ប​នៅ​មាន​កម្រិត ការ​បញ្ជាក់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​ចុះឈ្មោះ​បោះឆ្នោត ការ​បិទ​ស្ថានីយ​វិទ្យុ​ឯករាជ្យ កាសែត និង​ការ​បិទ​អង្គការ​អន្តរជាតិ NDI ជាពិសេស បញ្ហា​នយោបាយ ក៏​ជា​កត្តា​គួបផ្សំ​សំខាន់​ដែរ នៅ​ក្រោយ​ពេល​ចាប់​មេ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ។

លោក កន សាវាង្ស សង្កត់​ធ្ងន់​ថា ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ស្ថានីយ​ផ្សាយ​បន្ត​ជាង​៣០ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ផ្ដល់​ព័ត៌មាន​ចុះឈ្មោះ មិន​បាន​ទូលំ​ទូលាយ​ដូច​កាលពី​ឆ្នាំ​២០១៦។

ការ​សំដែង​ក្ដី​ព្រួយបារម្ភ​ពី​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​នៅ​មាន​ចំនួន​តិច​នៅឡើយ​នេះ ក្រោយពី​គ..ប​បាន​បង្ហាញ​របាយការណ៍​អ្នក​បាន​ទៅ​ចុះឈ្មោះ​ឆ្នោត​មកទល់​ថ្ងៃ​ទី​១៣ តុលា មាន​ជាង ៣៧​សែន ២​ពាន់​នាក់ ស្មើនឹង​ជិត​២៣% ដែល​ចំនួន​នេះ ជា​ចំនួន​តិច បើ​ប្រៀបធៀប​នឹង​ការ​ចុះឈ្មោះ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ..ប​នៅ​ថ្ងៃ​ទី១៣ តុលា ឲ្យ​ដឹង​ថា ពលរដ្ឋ​មិន​ទាន់​បាន​ទៅ​ចុះឈ្មោះ​មាន​ប្រមាណ ១​លាន ២​សែន​នាក់​ស្មើ​និង​៧៣% ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចុះឈ្មោះ​សរុប ដែល​គ..ប ប៉ាន់ស្មាន​ប្រហែល ១​លាន ៦​សែន​នាក់ ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧។ ទន្ទឹម​នឹង​នេះ គ..ប​បាន​លុបឈ្មោះ​ក្នុង​បញ្ជី​ជាង​៤​ពាន់​នាក់ និង​បាន​កែតម្រូវ​ឈ្មោះ​ជាង ៣​ពាន់ ៤​រយ​នាក់។

លោក កន សាវង្ស អះអាង​ថា ចំនួន​ដែល​គជប ប៉ាន​ប្រមាណ​១​លាន ៦​សែន​នាក់​នេះ ជា​ចំនួន​តិច​នៅឡើយ បើ​ប្រៀបធៀប​ប្រជាពលរដ្ឋ​មិន​ទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត រួមមាន​ពលរដ្ឋ ទើប​គ្រប់​អាយុ និង​ពលករ​ចំណាកស្រុក​ប្រមាណ ២​លាន​នាក់​ទៀត​នោះ។

ទន្ទឹម​នឹង​នេះ គណបក្ស​សង្គ្រោះជាតិ ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​ដែរ ទោះបីជា​មេ​បក្ស​របស់​ខ្លួន លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន​ក្ដី។

រីឯ អ្នកវិភាគ​នយោបាយ​ឥត​សំចៃ​មាត់ ដែល​កំពុងតែ​ជាប់ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស​ឯណោះ​វិញ ក៏​ទទូច​ឲ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​ឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ត្រៀម​ទៅ​បោះឆ្នោត​សង្គ្រោះ​ខ្មែរ។ លោក គឹម សុខ សន្យា​ថា ក្រោយ​ចេញពី​គុក លោក​នឹង​សាង​ផ្នួស​សូត្រ​ធម៌​មួយ​ឆ្នាំ ទុកជា​ការ​ដឹង​គុណ​ពលរដ្ឋ​រួម​ជាតិ​ទាំងអស់។ នៅ​ក្នុង​លិខិត របស់​លោក គឹម សុខ កាលពីដើម​ខែ​តុលា ផ្ញើ​ចេញពី​ពន្ធនាគារ​មក​នោះ បញ្ជាក់​ថា រឿង​កញ្ជ្រោល​នយោបាយ​ថ្មីៗ ចាំ​តាំងពី​ការ​រំខាន​សកម្មភាព​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ព្រមទាំង​បណ្ដាញ​ផ្សព្វផ្សាយ​នានា​ទាំង កាសែត​វិទ្យុ និង​ការ​ចាប់​កម្ចាត់​អ្នកនយោបាយ​ខ្មែរ​ជាតិ​ឯង គឺជា​ស្ថាន​ការ​ស្ដែង​បញ្ជាក់​ថា លោក ហ៊ុន សែន ខ្លាច​ការបោះឆ្នោត​ត្រឹមត្រូវ។

បុគ្គល​នេះ​ដឹង​ច្បាស់​ថា បើ​គាត់​ហ៊ាន​ប្រកួតប្រជែង​ដោយ​ចំហ យុត្តិធម៌​ក្នុង​ការ​បោះឆ្នោត​នោះ គាត់​ដឹង​ប្រាកដ​ណាស់​ថា អ្នក​ចាញ់​គឺជា​គាត់។ ហេតុនេះ ល្បិចកល​របស់​លោក ហ៊ុន សែន គឺជា​ការ​រុញ​ឲ្យ​មាន​ចលាចល​នយោបាយ ដើម្បី​កូរ​ឲ្យ​ច្របល់ យុទ្ធនាការ​ចុះឈ្មោះ​បោះឆ្នោត ជា​ឧបាយកល​រាវរក​វិធី​សង្គ្រោះ​អំណាច​របស់​ខ្លួន។

លោក គឹម សុខ បញ្ជាក់​ថា ល្បិចកល​លោក ហ៊ុន សែន មាន​គោលដៅ ៥​ចំណុច​ដូចជា បង្វែរ​ចំណាប់អារម្មណ៍​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ឲ្យ​ផ្ដោត​តែ​លើ​ការ​ដោះស្រាយ​នយោបាយ​ថ្មីៗ ហើយ​រំសាយ​ពី ការងារ​យុទ្ធនា​ការ​ជំរុញ​ការបោះឆ្នោត។ ខ្ទប់​សកម្មភាព​ក្រុម​ណា ដែល​ជា​បង្អែក​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ ដូចជា​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​នានា។ សម្លាប់​ស្មារតី​ពលរដ្ឋ​ខ្មែរ ដែល​ពុំ​ទាន់​ចុះឈ្មោះ​បោះឆ្នោត។ សម្លាប់​ស្មារតី​ពលរដ្ឋ​ខ្មែរ ដែល​ពុំ​ទាន់​ប្រាកដ​គាំទ្រ​បក្ស​ណាមួយ។ វាយ​ប្រហារ​ស្មារតី​អ្នកបោះឆ្នោត​ខ្មែរ ដែល​ប៉ុនប៉ង​ដូរ​មេដឹកនាំ។

លោក គឹម សុខ អះអាង​ថា លោក ហ៊ុន សែន មិន​សង្ឃឹមលើ​ការ​ឈ្នះ​ការ​បោះឆ្នោត ម្ល៉ោះហើយ ក៏​ព្យាយាម​កូរ​ឲ្យ​ច្របល់​យុទ្ធនា​ការបោះឆ្នោត។ ប៉ុន្តែ វា​គ្មាន​ប្រយោជន៍​ដែល​យើង ត្រូវ​នាំគ្នា​ទៅ​គិត​លេងល្បិច​ល្បែង​កខ្វក់​នេះ​ទេ​។ រឿង​ដែល​ត្រូវ​ស្រុះគ្នា​លេង​នៅ​ក្នុង​កាលៈទេសៈ នេះ គឺ​ការ​បបួលគ្នា​ស្រូត​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​ត្រៀមខ្លួន​សង្គ្រោះ​ខ្មែរ​នៅ​ឆ្នាំ​២០១៨។

ការ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​សល់​តែ​ជាង​២០​ថ្ងៃ​ទៀត​ទេ ពោល​គឺ នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles